• 2017-08-31 04:15:07
  • ជីវិតតារា

ឆុំ វត្តី​ ប្រកាស​ចង់​សម្ដែង​តួ​មួយ​ ដែល​ខ្លួន​មិន​ធ្លាប់​ហ៊ាន​សម្ដែង​សោះ

  • 2017-08-31 04:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ តារា​សម្ដែង និង​ម៉ូដែល ឆុំ​ វត្តី ប្រាប់​ Sabay ថា នាង​សម្ដែង​ស្ទើរ​គ្រប់​រសជាតិ​ហើយ នៅ​តែ​ប្រភេទ​រឿង​មួយ​ទេ​ដែល​នាង​មិន​ទាន់​បាន​សម្ដែង និង​កំពុង​ពិចារណា​ថា​សាក​សម្ដែង​ម្ដង​ក្នុង​ថ្ងៃ​ណា​មួយ។

នាង​និយាយ​ថា៖ "រឿង​ប្រភេទ​អី​ តួ​បែប​ណា​ក៏​ខ្ញុំ​ធ្លាប់​សម្ដែង​រួច​ហើយ​ មិន​ថា​តួ​ស្លូត ​កាច​ ស្រគត់ស្រគំ ក្រមិចក្រមើម ឡប់ៗ ឬ​តួ​វ៉ៃ​នោះ​ទេ ខ្ញុំ​ថែម​ទាំង​បាន​សម្ដែង​ក្នុង​រឿង​បុរាណ​ទៀត តែ​រឿង​ដែល​ខ្ញុំ​មិន​ធ្លាប់​សម្ដែង​សោះ​គឺ​រឿង​ខ្មោច"។

វត្តី លើក​ឡើង​ពី​មូលហេតុ​ថា បាន​ជា​នាង​មិន​ធ្លាប់​បង្ហាញ​វត្ត​មានក្នុង​រឿង​ខ្មោច​ ព្រោះ​នាង​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខ្មោច​ខ្លាំង ដូច្នេះ​តាំង​ពី​មុន​មក​នាង​មិន​ហ៊ាន​សម្ដែង​ឡើយ។ ទោះ​ជា​មាន​ភាពភ័យ​ខ្លាច​បែប​នេះ​ក្ដី ស្រី​ស្អាត​ដែល​ទើប​តែ​ភ្លក់​រសជាតិ​ជា​តួ​វាយ​តប់​បែប​កង​ទ័ព​សម័យ​បុរាណ​ និង​កង​អាវុធហត្ថ​ដែល​ស្ពាយ​កាំភ្លើង​ធំៗ​​រូប​នេះ​បន្ថែម​ថា៖ "ចាំ​មើល៍ បើ​មាន​អ្នក​ទាក់​ទង​ឲ្យ​ទៅ​ថត​លើក​ក្រោយ​ទៀត​ ខ្ញុំនឹង​សាក​ល្បង តែ​ត្រឹម​តែ​ថត​ក្នុង​រឿង​ខ្មោច​ទេ បើ​សម្ដែង​ជា​តួ​ខ្មោច​តែ​ម្ដង​ គឺ​មិន​ទាន់​ហ៊ាន​ឡើយ"។​​

ឆុំ វត្តី គឺ​អតីត​បេក្ខនារី​ក្នុង​កម្មវិធី "ស្រី​ឆ្លាត ប្រុស​ឆ្លាត" ឆ្នាំ ២០០៨ ដែល​រៀប​ចំដោយ​ទូរទស្សន៍ CTN។ កាល​ណោះ​ នាង​មិន​បាន​ជាប់​ជយលាភី​ទេ គ្រាន់​តែ​បាន​ចូល​រួម​ប្រកួត​ដល់​វគ្គ ១០​នាក់​ចុង​ក្រោយ។ បែប​នេះ​ក្ដី នាង​ក៏​ចាប់​ផ្ដើម​មាន​ការងារ​សិល្បៈ​ជា​បន្ត​បន្ទាប់​ ដូចជា​​ការងារ​សម្ដែង និង​ដើរ​ម៉ូដ។

នៅ​អំឡុង​ឆ្នាំ ២០០៩ នាង​បាន​ផ្អាក​សិល្បៈ​រយៈ​ពេល​ប្រមាណ​៥​ឆ្នាំ​ ទម្រាំ​វិល​​ចូល​មក​វិញ​នៅ​ឆ្នាំ​២០១៥​ និង​បាន​​សម្ដែង​រឿង​ជា​ច្រើន​​​ដូច​ជា "សាកល​វិទ្យាល័យ​កំណើត​ស្នេហ៍" “វិកល​ចរិត" “ខ្សែ​ក​ពេជ្រ" “ឈាម​ស្នេហ៍​ក្បត់​បេះដូង" “វរសេនីយ៍​កំពូល​ស្នេហ៍" "អាគម​ស្បែក​ដាច" និង​រឿង​ដែល​គួរ​ចាប់​អារម្មណ៍ គឺ​រឿង "ហ្លួង​ព្រះ​ស្ដេច​កន"៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម