• 2017-08-31 06:39:16
  • ព័ត៌មាន

តួ​រឿង Titanic និង​តារា​សម្ដែង Sandra Bullock បរិច្ចាគ​លុយ​ខ្ទង់​លាន​ដុល្លារ​ដល់​ជន​រង​គ្រោះ​ព្យុះ​ Harvey

  • 2017-08-31 06:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ Leonardo DiCaprio ដែល​យើង​បាន​ស្គាល់​ដោយ​សម្ដែង​ជា​តួអង្គ Jack ក្នុង​រឿង​ Titanic នោះ​បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ដ៏​សន្ធឹក​សន្ធាប់​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​ព្យុះ​ Harvey ដ៏​ធ្ងន់ធ្ងរ​នៅ​រដ្ឋ​ Texas សហរដ្ឋអាមេរិក។

តារា​សម្ដែង Leonardo DiCaprio

តារា​រូប​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា មូលនិធិ​មនុស្ស​ធម៌​របស់​លោក​នឹង​បរិច្ចាគ​ទឹក​ប្រាក់​១លាន​ដុល្លារ ដល់​ក្រុម​មនុស្ស​ធម៌​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ព្យុះ Harvey “United Way Harvey Recovery Fund” បង្កើត​ឡើង​ដើម្បី​ជា​ជំនួយ​ថវិកា​នៅ​ក្នុង​រយៈ​ពេល​ខ្លី​និង​វែង​សម្រាប់​គ្រោះ​ធម្មជាតិ​មួយ​នេះ​។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​មូលនិធិ​មនុស្ស​ធម៌​របស់​លោក Leonardo បរិច្ចាគ​ទឹក​ប្រាក់​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នានា​​ មូលនិធិ​នេះ​បាន​ជួយ​ជន​រងគ្រោះ​ដោយ​រលក​យក្ស​ Tsunami ឆ្នាំ​២០០៤, គ្រោះ​រញ្ជួយ​ផែន​ដី​នៅ Haiti និង​ខ្យល់​ព្យុះ​ Sandy។

​កាល​ពី​ថ្ងៃ​ច័ន្ទ​ តារា​វ័យ​៤២​ឆ្នាំ​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter អំពាវនាវ​ដល់​អ្នក​គាំទ្រ​ខ្លួន​ចូល​ដៃ​ចូល​ជើង​បរិច្ចាគ​ដល់​កាក​បាទ​ក្រហម​ដើម្បី​ជួយ​ជន​រង​គ្រោះ។

តែ​មិន​មាន​តែ​លោក​ម្នាក់​ទេ​ដែល​ចូល​រួម​បរិច្ចាគ​ តារា​សម្ដែង​ល្បី​ឈ្មោះ Sandra Bullock ក៏​បាន​ផ្ដល់​ថវិកា​ ១​លាន​ដុល្លារ​ដល់​កាក​បាទ​ក្រហម​ផង​ដែរ។

នាង​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​ People ថា៖ "ខ្ញុំ​ពិត​ជា​រីករាយ​ដែល​ខ្ញុំ​អាច​ជួយ​បាន។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក"។

តារា​សម្ដែង Sandra Bullock

គិត​ត្រឹម​ពេល​នេះ​ព្យុះ​បាន​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធ្វើ​ឲ្យ​មនុស្ស​ ៣ម៉ឺន​នាក់​បាត់​បង់​ទី​លំនៅ ព្រម​ទាំង​មាន​មនុស្ស​ស្លាប់​៣៨​នាក់​ហើយ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់