• 2017-09-17 02:04:59
  • ជីវិតតារា

តួឯក​ Titanic កំពុង​ផុង​ខ្លួន​ជាមួយ​សំណុំ​រឿង​អាស្រូវ​ពុក​រលួយ​របស់​ម៉ាឡេស៊ី

  • 2017-09-17 02:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ Wolf of Wall Street ដើរ​តួ​ដោយ​ Leonardo DiCaprio របស់​ក្រុមហ៊ុន​កុន​អាមេរិក ដែល​មាន​ការ​បោះ​ទុន​រួម​គ្នា​ជាមួយ​កូន​ចុង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​បាន​តុលាការ​អាមេរិក​រក​​ឃើញ​ថា​ លុយ​នោះ​ជា​លុយ​ពុក​រលួយ​របស់​គម្រោង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ នាំ​ឲ្យ​តុលាការ​ឈាន​ដល់​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​នានា។ នេះ​បើ​តាម​ Channel News Asia ចុះ​ផ្សាយ​ម្សិល​មិញ។

តុលាការ​នឹង​រឹបអូស​គំនូរ Picasso ដែល​បាន​ផ្តល់​ឱ្យ​តារា​ហូលីវូដ Leonardo DiCaprio និង​គ្រឿង​អលង្ការ​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​ផ្តល់​ជូន​ទៅ​តារា​ម៉ូដែល​អូស្ត្រាលី​ និង​តារា​សម្តែង​ស្រី​ Miranda Kerr និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ទៀត​ គិត​ជា​ទឹក​ប្រាក់​ ១ ៧០០ លាន​ដុល្លារ។ ជា​រួម​​ឲ្យ​តែ​ទ្រព្យ​សម្បត្តិ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ពុក​រលួយ​ត្រូវ​រឹប​អូស​ទាំង​អស់។

ព្រះ​រាជអាជ្ញា​អាមេរិក បាន​អះអាង​ថា ទុន​ដែល​យក​មក​ផលិត​រឿង​កុន​​របស់​ក្រុមហ៊ុន Red Granite Pictures កាល​ពី​ឆ្នាំ​២០១៣ គឺ​ជា​ហិរញ្ញប្បទាន​ ដែល​កូន​ចុង​នាយករដ្ឋមន្ត្រី​ Najib Razak បាន​លួច​​ពី​មូលនិធិ​អភិវឌ្ឍ​របស់​ម៉ាឡេស៊ី​ មាន​ឈ្មោះ​ 1MDB (1Malaysia Development Berhad)។ 1MDB គឺ​ជា​គម្រោង​វិនិយោគ របស់​​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ដែល​បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០០៩ ​គ្រប់គ្រង​ដោយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន​ ​ដែល​កាលណោះ​​លោក​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ឡើយ។

រឿង​អាស្រូវ​ពុក​រលួយ​បាត់​ថវិកា​ជាតិ​រាប់​ពាន់​លាន​ដុល្លារ​នេះ មិន​​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ម៉ាឡេស៊ី​ខ្លួន​ឯង​ទេ​ ព្រោះ​លុយ​ខុស​ច្បាប់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្រៅ តាម​រយៈ​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ​ ដើម្បី​បង្កើត​ក្រុមហ៊ុន​សំបក (shell company) នៅ​ក្រៅ​ប្រទេស​ដូចជា សហរដ្ឋអាមេរិក ស្វីស និង សិង្ហបុរី ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​ប៉ះ​ពាល់​។

​​​ជុំ​វិញ​សំណុំ​រឿង​ពុករលួយ​ដ៏​ធំ​នេះ ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក តុលាការ​អាមេរិក​រក​ឃើញ​ថា លុយ​ខុស​ច្បាប់​ជាង​ ៤ ៥០០ លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ 1MDB បាន​ចរាចរ​លើ​ទឹក​ដី​អាមេរិក ក្នុង​នោះ​ក៏​មាន​ទុន​សម្រាប់​ផលិត​រឿង​ហូលីវូដ Wolf of Wall Street ដើរ​តួ​ដោយ​ Leonardo DiCaprio ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែសសម្រួល៖ សុខ លាងហ៊ត

មតិយោបល់