• 2017-10-06 04:58:33
  • ជីវិតតារា

មិន​ងាយ​នោះទេ តារា K-Pop ត្រូវ​ឆ្លង​កាត់៩​ដំណាក់កាលនេះសិនទើបអាច​បង្ហាញមុខ

  • 2017-10-06 04:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ K-Pop ម្នាក់ៗ​ ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​ ទម្រាំ​ក្លាយ​ជា​ជន​ល្បី​ និង​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន។ ជាក់ស្ដែង​ពួកគេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ តស៊ូ​គ្រប់​បែបយ៉ាង​មុន​អាច​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ក្នុង​នាម​ជា​តារា​ចំណូល​ថ្មី​ក្នុង​ពិភព​សិល្បៈ។ ថ្ងៃ​នេះ​ ប្រិយមិត្ត​នឹង​បាន​ជ្រាប​ច្បាស់​ ថា​តើ​តារា​កូរ៉េ​ទាំង​នោះ​ ត្រូវ​ជួប​រឿង​រ៉ាវ​អ្វី​ខ្លះ​ មុន​ឈាន​ដល់​ថ្ងៃ​នេះ?

ជំហាន​ទី​ ១៖ ការ​ហ្វឹកហាត់​មុន​ប្រឡង

អ្វី​គ្រប់​យ៉ាង​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​ការ​ហ្វឹកហាត់ មុន​ឈាន​ដល់​ពេល​ប្រកួតប្រជែង។ ក្មេងៗ (អ្នក​ប្រឡង​ចូល​វិស័យ​សិល្បៈ) ត្រូវ​តែ​មាន​សមត្ថភាព​ពិសេស​ និង​ខ្លាំង​ក្នុង​ពេល​ប្រឡង។ ហេតុ​នេះ​ពួក​គេ​ ត្រូវ​ចំណាយ​ពេល​អនុវត្ត​នៅ​សាលា​ ផ្ទះ​ គ្រប់​ទីកន្លែង​ ដើម្បី​ឲ្យ​ការ​សម្ដែង​របស់​ខ្លួន​កាន់​តែ​ល្អ។

ជំហាន​ទី​ ២៖ វគ្គ​ប្រឡង​ជម្រុះ

កាល​ណា​ជឿជាក់​នឹង​ទេពកោសល្យ​របស់​ខ្លួន​ហើយ​ ពួកគេ​នឹង​ចូលរួម​ក្នុង​ការ​ប្រឡង​ជា​ច្រើន។ នេះ​ មាន​ន័យ​ថា​ចេញ​ពី​ក្រុមហ៊ុន​មួយ​ ទៅ​ក្រុមហ៊ុន​មួយ​ទៀត ប្រឡង​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​គ្មាន​ការ​ធុញទ្រាន់​ ឲ្យ​តែ​បាន​ជាប់។

ជំហាន​ទី​ ៣៖ ការ​ចុះ​កុងត្រា

នៅ​ពេល​ដែល​បេក្ខជន​មួយ​ចំនួន​បាន​ជាប់​វគ្គ​ប្រឡង​ជម្រុះ​ហើយ​ ពួកគេ​ត្រូវ​ចុះ​កុងត្រា​ ពី​២ ទៅ​៤ឆ្នាំ។ ត្រង់​ចំណុច​នេះ​ មិន​មែន​មាន​ន័យ​ថា​ ក្រោយ​ចុះ​កុងត្រា​ ពួកគេ​នឹង​បាន​ចេញ​មុខ​លើ​វិថី​សិល្បៈ​ភ្លាមៗ​ទេ។ តាម​ពិត​ កុងត្រា​នោះ​ ជា​កុងត្រា​ទទួល​យក​បុគ្គលម្នាក់​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​របស់​ក្រុមហ៊ុនប៉ុណ្ណោះ ឧទាហរណ៍​ជាក់ស្ដែង​ដូច ក្រុម​ SM Rookie និង​ JYP Trainees ជាដើម។

ជំហាន​ទី​ ៤៖ ការ​ហ្វឹកហាត់​ដ៏​សែន​ពិបាករាប់​ឆ្នាំ

អ្នក​ចូល​ថ្មី​ទាំង​អស់​ ត្រូវ​រង​សម្ពាធ​ខ្លាំង​ណាស់​ពី​ការ​ហាត់​ច្រៀង​ រាំ​ សម្ដែង​ រៀន​ភាសា​ និង​កត្តា​ផ្សេ​ងទៀត​ អំឡុង​ពេល​ប្រកួត​ជាមួយ​អ្នក​ផ្សេង​ទៀត។ មាន​ភាគ​រយ​តិច​ណាស់​ដែល​អាច​ឆ្លង​ផុត​វគ្គ​នេះ និង​បាន​ក្លាយ​ជា​តារា​ជាប់​កុងត្រា។

ជំហាន​ទី​ ៥៖ បោះ​បង់​ការ​សិក្សា

ចូល​ក្នុង​វិស័យ​សិល្បៈ​ តារា​ៗ​ត្រូវ​ចំណាយ​ពេល​ស្ទើរ​មួយ​ថ្ងៃ​សម្រាប់​ហ្វឹកហាត់។ ក្នុង​មួយ​ថ្ងៃ​ យ៉ាង​ហោចណាស់​ ក៏​ ១៥​ម៉ោង​ដែរ​ គឺ​ចាប់​ពី​ម៉ោង​ ១០​ព្រឹក​ ដល់​ម៉ោង​ ១០​យប់​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​យុវវ័យ​ទាំង​នោះ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា​ រហូត​អ្នក​ខ្លះ​ត្រូវ​ឈប់​រៀន​ទៀត​ផង។ ប៉ុន្តែ​យ៉ាងណា​មិញ​ ក៏​នៅ​មាន​តារា​ខ្លះ​នៅ​តែ​ឆ្លៀត​ពេល​ និង​ជម្នះ​បាន​ រហូត​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។

**ជំហាន​ទី​ ៦៖ កិច្ចការផ្ទះ

ទាំង​ការ​ធ្វើ​កំហាត់​ប្រាណ​ របប​អាហារ​ប្រចាំ ថ្ងៃ​ និង​ការ​ថែ​រាង​ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។​ ជាមួយ​គ្នា​នោះ​ ការ​អប់រំ​សុខភាព​ផ្លូវ​ភេទ​ និង​សីលធម៌​ ក៏​ត្រូវ​បាន​លើក​យក​មក​បង្រៀន​ជា​រឿយៗ​ដែរ។

ជំហាន​ទី​ ៧៖ ត្រូវ​ទទួល​ស្គាល់​លទ្ធផល​ក្រោយ​ហ្វឹកហាត់

ឈាន​ចូល​ដំណាក់​កាល​នេះ​ មាន​តែ​អ្នក​ហ្វឹកហាត់​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ ដែល​មាន​សំណាង​បាន​ចាត់​ចូល​ក្រុម​ថ្មី​ និង​ បង្ហាញមុខ។ ក្រុមហ៊ុន​ សម្រេច​ជ្រើស​យក​តែ​អ្នក​ដែល​ជា​ អ្នក​សកម្ម​ និង​មាន​សមត្ថភាព​ពិសេស​ជាង​គេ​ប៉ុណ្ណោះ​ឲ្យក្លាយជាតារា។

ជំហាន​ទី​ ៨៖ ចេញ​មុខ​ក្នុង​សិល្បៈ​ដំបូង​ (Debut)

បន្ទាប់​ពី​ឆ្លង​កាត់​ឧបសគ្គ​នានា​ មុន​ចេញ​មុខ​ជា​ផ្លូវការ​ តារា​ចំណូល​ថ្មី​ទាំង​នោះ​ត្រូវ​ចាប់​ផ្ដើម​ពង្រឹង​សមត្ថភាព​បន្ថែម​ កាន់​តែ​ខ្លាំង។ ឈាន​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ ក្រុម​ ឫ​តារា​ល្បី​ផ្សេងទៀត​ជា​ច្រើន ដើម្បី​ឲ្យ​មហាជន​ស្គាល់​ក្រុម​ខ្លួន​នីមួយៗ។

ជំហាន​ទី​ ៩៖ ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ

ក្រុម​ដែល​ជោគជ័យ​ នឹង​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​អស្ចារ្យ។ ក្នុង​នោះ​ការងារ​ជា​ច្រើន​នឹង​រត់​មក​រក​ពួកគេ​ដូចជា​ មាន​ទីផ្សារ​ច្រើន​ ទាំង​ភាពយន្ត​ ស្ប៉ត​ពាណិជ្ជកម្ម​ និង​ជួប​រឿង​ពិសេស​ជា​ច្រើន​ដែល​បាន​មក​ពី​វិស័យ​ K-Pop៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី