រឿងថ្មី អ៊ុន អាលីហ្សា តាមផ្ចាញ់ បូនីតា ដាដេណា រហូតដល់ស្លាប់
កញ្ញា អ៊ុន អាលីហ្សា នឹងប៉ះជាមួយតារាសម្ដែងជើង បូនីតា ដាដេណា ក្នុងរឿងថ្មីមួយមានចំណងជើងថា "ម្ចាស់ទាយាទ" ដោយក្នុងខ្សែភាពយន្តខ្នាតធំមួយនេះ លីហ្សា និងតាមផ្ចាញ់អ្នកស្រី បូនីតា ដាដេណា រហូតដល់ស្លាប់រៀងៗខ្លួន។
រឿង "ម្ចាស់ទាយាទ" គឺជាខ្សែភាពយន្តខ្នាតធំថ្មីមួយរបស់ អ្នកស្រី បូនីតា ដាដេណា ដែលបានធ្វើពិធីក្រុងពាលីកាលពីព្រឹកមិញ នៅឯផ្ទះបូរាណមួយជាយរាជធានីភ្នំពេញ។ រឿងមួយនេះ ជាប្រភេទរឿងបូរាណ លាយសម័យ និយាយពីស្នេហា បែបផ្ចាញ់ផ្ចាលគ្នា ក្នុងនោះក៏មាន ឈុតកំប្លែង និង ខ្មោចបិសាចផងដែរ។
អ្នកស្រី បូនីតា ដាដេណា ជាតារាសម្ដែង និងជាអ្នកនិពន្ធផងនោះឲ្យដឹងថា រឿង "ម្ចាស់ទាយាទ" តារាសម្ដែងល្បីជាច្រើន ហើយក្នុងនោះ តួឯកមានចំនួន២គូ គឺអ្នកស្រី កញ្ញា អ៊ុន អាលីហ្សា លោក សុធា ពិសិដ្ឋ និង លោក ភឹម តារាវិបុល។
ម្ចាស់ផលិតកម្មរូបនេះមិនបានពន្យល់លំអិតនៃសាច់រឿងឡើយ ប៉ុន្តែអ្នកស្រីថា តួអង្គកញ្ញា អ៊ុន អាលីហ្សា គឺជាតួអង្គដែលតាមផ្ចាញ់ផ្ចាលអ្នកស្រីទាំងពីដើមទីរហូតដល់ចុងបញ្ចប់ ដោយសារតែចង់ដើម្បី លោក សុធា ពិសិដ្ឋ ជាម្ចាស់បេះដូង។
នេះជាការបោះជំហានជាថ្មីទៀតរបស់អ្នកស្រី បូនីតា ដាដេណា បន្ទាប់ពីផ្អាកថតខ្សែភាពយន្តជាច្រើនឆ្នាំមក។ អ្នកស្រីថា ការមកចាប់អាជីពថតកុនជាថ្មីនេះ ក៏ព្រោះតែខ្សែភាពយន្តខាងលើ អ្នកស្រីបានសរសេររួចជាច្រើនឆ្នាំហើយ ទុកចោលស្ដាយ គួបផ្សំបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តខ្មែរមានការលើកឡើង ក៏សម្រេច ផលិតឡើងតែម្ដងទៅ។
តាមការលើកឡើងរឿង "ម្ចាស់ទាយាទ" នៅមិនទាន់ជ្រើសរើសតារាសម្ដែងគ្រប់ឡើយទេ គឺនៅច្រើននាក់ទៀត ។ តាមគម្រោងរឿងមួយនេះគ្រោងចំណាយថតប្រហែលជា១ខែជាង ដោយការចំណាយ ប្រហែលជា៣ម៉ឺនដុល្លារ៕
អត្ថបទ៖ ខុត សីហា