តារាចម្រៀងវ័យ ១៩ឆ្នាំ ម៉ូលីកា រំពឹងខ្ពស់នៅ Rock Music
អតីតសមាជិកក្រុម F2B ម៉ូលីកា បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះវាសនានៃអាជីពចម្រៀងរបស់ខ្លួន បន្ទាប់ពីបានចុះកុងត្រារយៈពេល៣ឆ្នាំនៅ Rock Music។
តារាចម្រៀងរូបនេះបាននិយាយថា បច្ចុប្បន្នកំពុងហាត់ច្រៀងបទ Original Song មួយចំនួនដែលផលិតកម្មតម្រូវ។ បទចម្រៀងទាំងនោះមានលក្ខណៈ Hip Hop ហើយគ្រោងនឹងយកទៅបង្ហាញលើទឹកដីសហរដ្ឋអាមេរិកក្នុងពេលខាងមុខទៀតផង សម្រាប់ការប្រគំតន្ត្រីនៅទីនោះជាមួយនឹងតារាចម្រៀងផ្សេងទៀតក្នុងទ្រនំជាមួយគ្នា។ នាងមិនអាចផ្ដល់ព័ត៌មានលំអិតពីបទចម្រៀងទាំងនោះទេដោយលើកឡើងថា ជាគោលការណ៍ស្ថាប័ន។
ម៉ូលីកា ចាត់ទុកថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់អាជីពចម្រៀងក្រោយមានទ្រនំផលិតកម្មច្បាស់លាស់ ជាហេតុនាំឱ្យនាងមានការរំពឹងខ្ពស់។ “ខ្ញុំត្រៀមទៅសម្ដែងនៅអាមេរិកឆាប់ខាងមុខយកបទចម្រៀងទៅបង្ហាញទីនោះ ហើយថ្មីៗនេះក៏ខាងកូរ៉េគេទាក់ទងទៅច្រៀងដែរ ហើយអាចទៅក្រៅបន្តបន្ទាប់ទៀត នេះជាហេតុផលនាំឱ្យខ្ញុំសង្ឃឹម"។ ម៉ូលីកា ថ្លែងមកកាន់ Sabay ។
តារាចម្រៀងវ័យ១៩ឆ្នាំរូបនេះបន្តថា ម្យ៉ាងទៀត ដោយសារការចូលច្រៀងក្នុងផលិតកម្មជាផ្លូវការដូច្នេះ ធ្វើឱ្យរូបនាងកាន់តែមានអ្នកស្គាល់ច្រើនជាងមុន ដែលអាចមានទីផ្សារច្រើនជាងមុនដូចគ្នាដែរ។ ដោយសារស្រលាញ់វិស័យចម្រៀង និងមានឱកាសចូល Rock Music នាងក៏សម្រេចចិត្តព្យួរការសិក្សាត្រឹមឆ្នាំទី១ជាបណ្ដោះអាសន្នសិន ដោយផ្ដោតតែលើការសិក្សាភាសាអង់គ្លេសប៉ុណ្ណោះ៕
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ