• 2018-01-28 05:04:26
  • ព័ត៌មាន

ហង្ស ម៉ារ៉ានី គ្រោង​អញ្ជើញ​តា​ស៊ីក្លូ​ចូល​រួម​អាពាហ៍ពិពាហ៍​ខ្លួន ដោយ​មិន​ឲ្យ​ចងដៃ

  • 2018-01-28 05:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិត្តធម៌​កញ្ញា ហង្ស ម៉ារ៉ានី បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រសិន​បើ​ខ្លួន​រៀបអាពាហ៍ពិពាហ៍​មែន​នោះ នាង​នឹង​​អញ្ជើញតា​ស៊ីក្លូ​មក​ចូល​រួម​ក្នុង​​​អាពាហ៍ពិពាហ៍​របស់​ខ្លួន ដោយ​មិន​ឲ្យ​ចងដៃ​នោះ​ទេ។

ហង្ស ម៉ារ៉ានី ថ្លែង​បែប​នេះ គ្រា​ដែល​នាង បាន​អញ្ជើញ​​ក្រុម​អ្នក​ធាក់​ស៊ីក្លូ​ព្រម​ទាំង​ពលរដ្ឋ​ក្រីក្រ ជិត​៤០០នាក់ ​មក​ទទួល​អំណោយ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ​​របស់​នាង ដែល​ស្ថិត​នៅក្នុង​សង្កាត់​​បឹង​​រាំង ខាង​ក្រោយ​សាលា​ ACE សម្ដេច​ប៉ាង កាល​ពី​​​ពេល​ថ្មី​នេះ​​។

នាង​ថា "មូលនិធិ​កម្ពុជា​"​របស់​ក្រុម​នាង​ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​និស្សិត បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​តាំង​ពី​ឆ្នាំ២០១៣​មក គឺ​បាន​ធ្វើ​សកម្មភាព​​មិន​ក្រោម​៥០​លើក​ឡើយ​ ដែល​ភាគ​ច្រើន គឺ​​ធ្វើ​សកម្មភាព​ជា​មួយ​ក្រុម​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ជា​មួយក្រុម​អ្នក​ធាក់​ស៊ីក្លូ ដូច​ជា​ការ​ពិសា​អាហារ​ជុំ​គ្នា ចុះ​ចែក​អំណោយ នាំ​តា​ស៊ីក្លូទៅញ៉ាំ​ភីហ្សា ជា​ដើម។

ដោយសារតែ​សកម្មភាព​ទាំង​​អស់​នោះ ធ្វើ​ឲ្យ​នាង​ដក់​ជាប់​ក្នុង​អារម្មណ៍ រហូតមាន​បំណង​ថា ប្រសិន​​នាង​រៀប​ការ​ ​នឹង​អញ្ជើញ​​​តាៗ​ធាក់​ស៊ីក្លូនូវ​ចំនួន​ណា​មួយ ទៅ​ចូល​រួម​​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​​ ដោយ​មិន​ឲ្យ​ចងដៃ​នោះ​ទេ។ ជា​មួយ​គ្នា​នោះ សូម្បី​តែ​ការ​ថត Pre-wedding នាង​ក៏​គ្រោង ថត​ជា​មួយស៊ីក្លូ​ដូច​គ្នា។

ទោះ​បី​ជា​មាន​គម្រោង​បែប​នេះ​ក្ដី ហង្ស ម៉ារ៉ានី មិន​បាន​បញ្ជាក់​ប្រាប់​ថ្ងៃខែចូលរោងការ​​ពិត​ប្រាកដជា​មួយ​គូដណ្ដឹង​របស់​ខ្លួន​នៅ​ឡើយ​ទេ ដោយ​នាង​ថា ទុក​ពេលរក​ស៊ី​​ឲ្យ​សល់​ប្រាក់​សិន។ បច្ចុប្បន្ន​ពួក​គេ​កំពុងតែ​​បោះ​ទុនរក​ស៊ី​​ជា​មួយ​គ្នា តាំង​ពី​ចាប់​ផ្ដើម​ដាក់​ចិត្ត​ស្រលាញ់​គ្នា​មក​ម្ល៉េះ។

គូរ​ដណ្ដឹងរបស់​នាង ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ឈ្មោះ ភូ កែវ​សម្បត្តិ មាន​វ័យ​៣២ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ជាង​២ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ជាង​១ឆ្នាំ​នេះ​ប៉ុណ្ណោះ។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​លោក ភូ កែវ​សម្បត្តិ ជា​គូ​អនាគត ត្រូវ​បាន​នាង​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​បុរស​ម្នាក់​នោះ​​​ជា​មនុស្ស​សាមញ្ញ មាន​ទឹក​ចិត្ត​ល្អ ចេះ​ជួយ​​អ្នក​ក្រីក្រ​ដូច​នាង ជាង​នេះ​ទៅ​​ទៀត​បុរសម្នាក់​នោះ​តែង​យកអាសា​នាង មិន​ចេះ​រអ៊ូរទាំ និយាយ​រួម​ទឹក​ចិត្ត​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទៅ​ថ្ងៃ​អនាគត។

តារាសម្តែង ហង្ស ម៉ារ៉ានី និងគូដណ្តឹង

ម៉ារីនី មិន​​បារម្ភ​ពី​ចំណង​ស្នេហ៍​របស់​នាងខ្លាច​ថ្ងៃ​ក្រោយ​ប្រេះឆា​​ឡើយ ទោះបី​ជា​បន្ត​នៅ​ច្រើន​ឆ្នាំ​ក្ដី ដោយ​នាង​គិត​យ៉ាង​ខ្លី​ថា បើ​គូ​ពិត​មែន ច្បាស់​ជា​មិន​ព្រាត់​ឡើយ។ ក្រោយ​ពី​រៀបការ​រួច តារា​ស្រី​រូប​នេះ បញ្ជាក់​ប្រាប់​ថា ​ខ្លួន​នៅ​តែ​បន្ត​ការងារ​សិល្បៈ និង​ការងារ​សប្បុរសធម៌​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ដដែល ត្បិត​អី​ការងារ​​ទាំង​២​នេះ ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង ហើយ​ក៏​ជា​ចំណែក​មួយ​​​ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង​ ងាយ​ស្រួល​ក្នុង​ការ​រកស៊ី​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី