• 2018-02-08 07:35:54
  • ព័ត៌មាន

ជា​ដើម​បណ្ដឹង អតីតគូដណ្ដឹង នី មុន្នីនាថ បែរ​មិនចូលខ្លួនតាម​ការ​កោះ​ហៅពីតុលាការ

  • 2018-02-08 07:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណុំរឿងកញ្ញា នី មុន្នីនាថ ដែល​ត្រូវ​អតីតគូដណ្ដឹងលោក អ៉ឹង​ សូឡាង ប្ដឹងទាមទារប្រាក់ ១២ម៉ឺនដុល្លារកាលពីពេលថ្មីៗ បន្តលើកពេលដោយមិនកំណត់ថ្ងៃ។

ការបន្តលើកពេល​នេះ​ គឺដោយសារ​ កាល​ពី​រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ​សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការជំនុំជម្រះលើសំណុំរឿងតារាទឹកភ្នែក នី មុន្នីនាថ តែសវនការនោះត្រូវបានលើកពេលវិញ ដោយសារតែភាគីលោក អ៉ឹង សូឡាង មិនចូលខ្លួនតាមដីកាកោះរបស់តុលាការ។

យោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការតាមនិតិវិធីជាបន្តបន្ទាប់ ហើយលោកបានចេញដីកាកោះហៅគូភាគីអោយចូលរួមសវនការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២ រសៀលជាកំហិត។ ភាគី នី មុន្នីនាថ ដែលមានលោកមេធាវី រ៉ូ ប៊ីនណៃ ជាតំណាង បានចូលរួមតាមកាលកំណត់ តែបែរ​ជាភាគីលោក អ៉ឹង សូឡាង ដែលជាដើមបណ្តឹងមិនចូលខ្លួនទៅវិញ ។

ប្រភពដដែលបានបន្ថែមថា មូលហេតុដែលនាំឲ្យ​មានការលើកពេលសវនការនេះ ដោយសារមេធាវីរបស់លោក អ៉ឹង សូឡាង បានដាក់ពាក្យសុំពន្យាពេលដោយមូលហេតុថា មេធាវី មិនអាចធ្វើការទំនាក់ទំនងទៅលោក អ៉ឹង សូឡាង បាន។

ថ្មីៗនេះ លោក អ៉ឹង សូឡាង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាដើម្បីជម្រុញដំណើរការក្តីរបស់ខ្លួនឲ្យ​បានឆាប់រហ័ស ហើយបានបង្ហាញរូបភាពជាច្រើនសន្លឹកបញ្ជាក់ថាខ្លួនពិតជាមានវត្តមាននៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។

លោក អ៉ឹង សូឡាង

តាមប្រភពមិនច្បាស់ការមួយបានលើកឡើងថា ពេលនេះ លោក អ៉ឹង សូឡាង កំពុងតែរត់ខ្វាត់ខ្វែងដើម្បីរកជំនួយពីមន្រ្តីធំៗអោយជួយអន្តរាគមន៍ លើសំណុំរឿងនេះ ព្រោះថាខ្លួនក៏កំពុងរងនូវបណ្តឹងតបដ៏ធ្ងន់ធ្ងរមួយ ពីសំណាក់តារាទឹកភ្នែក នី មុន្នីនាថ ផងដែរ។

សូមបញ្ជាក់ថា លោក អ៉ឹង សូឡាង បានប្តឹងកញ្ញា នី មុន្នីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីទាមទារប្រាក់សរុបមានចំនួន ១២ម៉ឺនដុល្លារ ក្នុងនោះលោកបានទាមទារឲ្យ នី មុន្នីនាថ សងប្រាក់ចំនួន ៧ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ ហើយតុលាការបានសម្រេចបើកសវការនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ នេះ៕

អត្ថបទ៖ ចរិយា

មតិយោបល់