• 2018-02-21 08:52:36
  • ព័ត៌មាន

អ្នក​និពន្ធ​ សួង​ ម៉ាក់ ​ចែក​រំលែក៣ចំណុច ដើម្បី​សរសេរ​រឿង​ខ្មោច​ឲ្យ​អ្នក​អាន​បះសក់​​

  • 2018-02-21 08:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​​ក្នុង​កម្ម​វិធី បាឋកថា សរសេរ​រឿង​ខ្មោច ដែល​រៀប​ចំដោយ ប្រលោមលោក Sabay លោក​ សួង​ ម៉ាក់​ អ្នក​និពន្ធ​វ័យក្មេេងដែលមានបទ​ពិសោធន៍​ជោគ​ជាំ​ក្នុង​ការ​សរសេរ​រឿង​ខ្មោច​ និងអបិយ​ជំនឿ​ ​បាន​ចែក​រំលែក​បទ​ពិសោធន៍​៣ចំណុច​ធំៗ ដែល​លោក​តែង​តែ​អនុវត្តក្នុងការសរសេរ​រឿង​ខ្មោច​ ដើម្បីឲ្យ​អ្នក​អាន​ជក់​ចិត្ត​ និង​ព្រឺព្រួច​ ដល់​ថ្នាក់​មិន​ហ៊ាន​នៅ​ម្នាក់​ឯង។

អ្នកនិពន្ធ សួង ម៉ាក់

១. ចាប់​យក​សកម្មភាព​ជិត​ខ្លួន​បំផុត​៖ លោក​ពន្យល់​ថា​ ការ​ចាប់​យក​នូវ​សកម្មភាព​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​អាន​ងាយនឹងចាប់​អារម្មណ៍​ ហើយភ័យ​ខ្លាច​​។ ព្រោះ​វា​ជា​សកម្មភាព​ដែល​មិន​គេច​ផុត​ពី​សកម្ម​ភាព​ទាំង​នេះ​ ឧទាហរណ៍ សិត​សក់ ដុស​ធ្មេញ​ កក់​សក់ ដែល​នាំឲ្យ​​ដក់​ជាប់​ក្នុង​ចិត្ត​ ហើយ​នឹក​ឃើញ​រាល់​ពេល​ធ្វើ​វា​ម្តង​ៗ។​​​​

២.​ ការ​បង្កើត​បរិយាកាស៖ ការ​បញ្ចូល​ស្ថាន​ភាព​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​ព្រឺព្រួច​ ភ័យ​រន្ធ​ត់ទៅ​តាម​​ដំណើរ​រឿង​។ ឧទាហរណ៍ បើ​តួ​អង្គ​​មា្នក់​កំពុង​កក់​សក់​​ បិទភ្នែក​ក្នុង​បន្ទប់ទឹក​ ស្រាប់​តែ​មាន​អារម្មណ៍​ថា​មាន​អ្វី​នៅមុខ ឬមាន​ឮ​សម្រិប​ជើង​ក្រៅ​បន្ទាប់​ លាយ​ឡំនឹងសំឡេង​ឆ្កែ​លូ​ពី​ចម្ងាយ​ជា​ដើម។​

៣. ការ​បញ្ចូល​អបិយ​ជំនឿ៖ ចំណុច​នេះ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នក​និពន្ធ​ត្រូវ​បញ្ចេញ​​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ដោយ​​​​ផ្អែកលើ​​ស្រាវ​ជ្រាវ​ ដូច​ជា​ការ​អាន ​ការ​ស្ដាប់​ សង្កេត​ជាដើម។ អ្នក​និពន្ធ​ត្រូវ​ប្រាកដ​ចំពោះ​ទិន្នន័យ​ដែល​ខ្លួន​ដាក់​បញ្ចូល​ក្នុង​រឿង​គឺ មាន​ឯកសារ​ ភស្ដុតាង​អាច​ទុក​ចិត្តបាន។ ប្រយោជន៍​ គឺ​ដើម្បីទាក់​ចិត្ត​អ្នក​អាន​ និង​ការ​បង្កើន​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ស្នាដៃ​មួយ​នោះ។

រូបតំណាង

លោក​សួង​ម៉ាក់​បាន​បញ្ជាក់​ថា​ អ្នក​និពន្ធ​ត្រូវ​មាន​គំនិត​ជាប់​ជា​និច្ច​ថា​ អ្នក​អាន​ និងអ្នកមើល​​សុទ្ធ​តែ​មាន​ចំណេះ​ដឹង​ ដែលអាច​វាយ​តម្លៃ​សាច់​រឿង​ទាំង​នោះ​ថា​ ជារឿង​ដែល​មាន​គុណ​ភាព​ទទួល​យក​បាន មាន​ការ​ថ្លឹងថែ្លង​​សម​ហេតុ ឬ​​រឿង​មួយ​សាង​មក​ជា​ការ​កុហក​ខ្វះមូលដ្ឋាន។

ស្នា​ដៃ​ប្រលោមលោក​របស់លោក សួង ម៉ាក ជា​ច្រើន​កន្លងមក​ ​មាន​ដូច​ជា​ "វិញ្ញាណ​ស្នេហ៍កម្ម"​ "មរណៈ​ភាព​នៅ​អារញ្ញ" "សង្សារ​ប្រុស" និង រឿង "ព្រិល​ធ្លាក់​កណ្តាល​វាលខ្សាច់" និង ខ្សែភាពយន្ត រឿង វិកលចរិត "តុក្កតាប្រឡាក់ឈាម"​ជាដើម។

​​​កម្ម​វិធី បាឋកថា ខាងលើ ធ្វើឡើង​ដើម្បីលើក​កម្ពស់​ការ​តែង​​និពន្ធ​ ការ​ចែករំលែក​ពី​អ្នកនិពន្ធ​រៀម​ច្បង​ទៅសិស្សប្អូន៕

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់