- 2018-03-04 05:50:58
- ព័ត៌មាន
ប៊ឺរី សារភាពថា អ្នកនិពន្ធ ម៉ីសន សុធារី បានឆក់យកបេះដូងខ្លួនបាត់ហើយ
- 2018-03-04 05:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ឺរី សារភាពថា អ្នកនិពន្ធ ម៉ីសន សុធារី បានឆក់យកបេះដូងខ្លួនបាត់ហើយ
ចន្លោះមិនឃើញ
ក្រោយពីបានសម្ដែងជាតួឯកប្រុសក្នុងរឿង "ស្រទន់មន្តស្នេហ៍" រួចមកកំលោះសង្ហា ប៊ឺរី បានសារភាពថាខ្លួនពិតជាស្រឡាញ់ពេញចិត្ត និងចង់សម្ដែង រាល់ស្នាដៃនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី ខ្លាំងណាស់ ព្រោះសាច់រឿងនិពន្ធដោយអ្នកស្រី ប្រទាក់ក្រឡាគ្នាបានល្អពីមួយភាគទៅមួយភាគ ធ្វើឲ្យអ្នកអាននឹកឃើញស្រមៃដល់ទិដ្ឋភាពនៃរឿង។
ប៊ឺរី និយាយថា ជាក់ស្ដែងរឿង" ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ជាស្នាដៃនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី ត្រៀមនឹងចេញថតក្នុងពេលឆាប់ៗខាងមុខនេះ គ្រាន់តែអានសាច់រឿងបាន២០ភាគរយតែប៉ុណ្ណោះធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង ហើយចង់សម្ដែងភ្លាមៗតែម្ដង។
“និយាយទៅ ខ្ញុំសុំសរសើរបង ធារី ពូកែនិពន្ធណាស់សាច់រឿងរបស់គាត់ប្រទាក់ក្រឡាគ្នា ដូចលើកមុនខ្ញុំសម្ដែងជាតួឯកប្រុសក្នុងរឿង "ស្រទន់មន្តស្នេហ៍" ដែលជាស្នាដៃនិពន្ធរបស់គាត់ ហើយរឿងហ្នឹងល្បីខ្លាំង ដោយសារតែពីមួយវគ្គទៅមួយវគ្គធ្វើឲ្យអ្នកទស្សនាចង់តាមដានខ្លាំង"។ នេះបើតាម ប៊ឺរី បន្ថែម។
ដោយឡែកសម្រាប់ខ្សែភាពយន្តភាគរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" វិញលោកសម្ដែងជាតួឯក ប្រុសឈ្មោះ ហ៊ួត ខេមរិន្ទ ហើយសាច់រឿងតម្រូវឲ្យ ប៊ឺរី សម្ដែង ជាតួអង្គ គិញសម្ងាត់ស៊ើបអង្កេត ដើម្បីសម្រេចផែនការធំមួយ ដោយចាប់ដៃគូជាមួយតួឯកស្រី កញ្ញា សាឡាត់ ស្រីឡាង។
ចំពោះរឿងដែលធ្វើឲ្យ ប៊ឺរី មានការភ្ញាក់ផ្អើលនោះក្នុងរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" លោកបានប៉ះគ្នាជាមួយលោក លឹម ជាឡាយ ជារៀមច្បងសិល្បៈ។ ដូច្នេះខ្លួនពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយសន្យាថា នឹងចាប់ដៃគ្នាសម្ដែងឲ្យបានល្អ។
ប៊ឺរី ថា៖"សប្បាយចិត្តព្រោះក្នុង រឿងហ្នឹងមានតួឯកពីរគូតួឯកប្រុសគឺខ្ញុំ និងបងឡាយ ដែលជារៀមច្បងសិល្បៈមានបទពិសោធន៍ច្រើនឆ្នាំ ខាងផ្នែកសម្ដែង ហើយខ្ញុំសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ថ្មីៗមួយចំនួនទៀតពីគាត់(លឹម ជាឡាយ)ពេលសម្ដែង "។
"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ជារឿងប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានអ្នកចូលអានយ៉ាងច្រើនលើសលុប។ ស្ថានីយទូរទស្សន៍ PNN បានប្រកាសថា ខ្លួនបានសិទ្ធិលើប្រលោមលោកមួយនេះ កាលពី ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅថ្មីៗ ដើម្បីយកមកផលិតជាខ្សែភាពយន្តភាគរស់រវើក ចំនួន៤០ភាគ៕