• 2018-03-12 03:45:23
  • ព័ត៌មាន

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ បិទបញ្ចប់ដោយបន្សល់ទុកសន្យាមួយ

  • 2018-03-12 03:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល ៦ ថ្ងៃមកហើយ មហោស្រពភាពយន្តអន្តរជាតិលើកទី៨ បានដាក់បង្ហាញខ្សែភាពយន្តល្បីៗរបស់អន្តរជាតិ និង​មានខ្លះថតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងភាពយន្តជម្រើសរបស់កម្ពុជាក្នុងឆ្នាំ ២០១៧ថ្មីៗ ដែលមានជាង ១៦០ ចំណងជើង។ ខ្សែភាពយន្តទាំងនោះចាក់បញ្ចាំងនៅទូទាំងបណ្តារោងភាពយន្តក្នុងរាជ​ធានី​ភ្នំពេញប្រកបដោយភាពជោគជ័យ។

លោក Cedric Eloy និងលោក ជា សុភា

នៅថ្ងៃបិទបញ្ចប់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោក Cedric Eloy នាយកគ្រប់គ្រងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រកាសឱ្យដឹងថា ឆ្នាំនេះមហោស្រពទទួលបានការ​គាំ​ទ្រ ​និង​មាន​អ្នកចូលរួមទស្សនាភាពយន្ត ក៏ដូចជាជួយផ្សព្វផ្សាយ​ពី​មហោស្រព​លើស​ពីឆ្នាំទៅ ៧០% ដែលជាចំនួន​មួយ​គួរ​ឱ្យ​គត់​សម្គាល់​។ លោក Cedric Eloy និង​សហការីរៀប​ចំមហោស្រព​នេះ ក៏សន្យា​ថា​មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ក្នុងខែ មីនា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ម្តងទៀតជា​មួយភាពយន្តថ្មីៗ និងគ្រប់រសជាតិសម្រាប់ទស្សនា។

ឯកឧត្តម គង់ កន្តារ៉ា

ថ្លែងក្នុងឱកាសបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះឯកឧត្តម គង់ កន្តារ៉ា រដ្ឋលេខ​ធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​កោតសរសើរដល់​ការ​ខិត​ខំ​រៀប​ចំ​មហោស្រព​ភាពយន្តអន្តរជាតិ​កម្ពុជា​​នេះរហូតដល់ទទួលបានជោគជ័យ។ ឯកឧត្តម បន្តទៀតថា ការផ្សព្វផ្សាយភាពយន្តនៅកម្ពុជានេះជាកត្តាជំរុញឱ្យ​វិស័យ​ភាពយន្តកម្ពុជា ​រឹត​តែមាន​កំណើត ជា​ពិសេស​ការ​ដោះដូរ​បទ​ពិសោធន៍​ ចំណេះដឹង និងអរិយធម៌ វប្បធម៌ជាតិទៅវិញទៅមកតាមរយៈខ្សែភាពយន្ត។

​ក្នុង​ពិធីបិទនោះដែរ ក៏មាន​ការ​ប្រកាស​ពី​ពាន​រង្វាន់​ដែល​ធ្វើឡើងដោយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា សម្រាប់​ផលិតករភាពយន្តមានទេពកោសល្យ ពានរង្វាន់តួឯកប្រុសឆ្នើម និងតួឯកស្រីឆ្នើម ជាមួយនិងពានរង្វាន់ប្រជាប្រិយមហាជនទៅលើភាពយន្តខ្លីរបស់ Soyo មួយក្នុងចំណោម១១ ចំណងដែលមាន ៦ ចំណងជើងចាក់បញ្ចាំងក្នុងមហោស្រពនេះ។

លោក សុខ វិសាល និង លោក នាង កាវិច

សម្រាប់ផលិតករមានទេពកោសល្យបានទៅលើ ផលិតករវ័យក្មេង លោក នាង កាវិច ដែលបានផលិត​ភាពយន្ត​ឯកសារស្តីពី «អគារស» ឬ «ប៉ូឌិញ» និងភាពយន្តខ្លី​បែបមនោ​សញ្ចេត​នា ជាច្រើនទៀត ហើយភាពយន្តទាំងនោះសុទ្ធតែជាប់ជម្រើសចាក់បញ្ចាំងនៅក្នុងមហោស្រពភាព​យន្តនៅ​បរទេស និងធ្លាប់ពានរង្វាន់ភាពយន្តមួយចំនួនទៀតពីមហោស្រពភាពយន្តជាតិ និងអន្តរជាតិ។

តារាសម្តែង អ៊ុន សិទ្ធា

រីឯតួសម្តែងប្រុសឆ្នើម គឺបានទៅលើ តារាសម្តែង អ៊ុន សិទ្ធា ដែលល្បីល្បាញក្នុងខ្សែភាពយន្តជាច្រើន ហើយភាពយន្តចុងក្រោយដែលធ្វើឱ្យរូបលោកទទួលបានពានរង្វាន់នេះ គឺរឿង «ប៉ុបពីទៅហូលីវូដ» និងភាពយន្តខ្នាតធំរឿង «ស្បែកគង់»។

អ្នកនាង ច័ន្ទ ដារ៉ាទី និងកញ្ញា សំ ថារត្ន័

ចំណែកឯតួឯកស្រីឆ្នើមបានទៅលើ តារាសម្តែង សំ ថារត្ន័ ដែលជាកីឡាករក្បាច់គុនល្បុកតោ ដែលបានសម្តែងក្នុងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយផលិតករបរទេសដ៏ល្បីល្បាញ Angelina Jolie ។

ផលិតករ Deependra gauchan កញ្ញា ជា ចាន់ថានី និង លោក ទែន ចិត្រា

ចំណែកពានរង្វាន់ ភាពយន្តខ្លី Soyo បានទៅលើភាពយន្តខ្លីមួយដែលមានចំណងជើងថា «ខ្សែម៉ែត» ដែលនិពន្ធដោយ កញ្ញា ជា ចាន់ថានី និង ដឹកនាំរឿងដោយ លោក ទែន ចិត្រា។ ភាពយន្តខ្លីនេះ មានចាក់ផ្សាយក្នុង App Soyo ដែលអាចធ្វើការដោនឡូតដោយសេរីនៅលើទូរសព្ទដៃស្មាតហ្វូនរបស់លោកអ្នក។

ក្នុងរាត្រីដ៏មានន័យនោះ ក៏មានការជប់លៀងបិទកម្មវិធីដែលរៀបចំដោយក្រុមតន្ត្រី Klap Ya Handz រាំកម្សាន្តរហូតដល់ម៉ោង ១២ យប់ ជាមួយផលិតករភាពយន្ត អ្នកគាំទ្រមហោស្រព ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងារស្ម័គ្រចិត្តមហោស្រពភាពយន្តអន្តរជាតិកម្ពុជាទាំងអស់ទៀតផង៕

អត្ថបទ៖ Sunny

មតិយោបល់