• 2018-03-12 06:28:17
  • ព័ត៌មាន

រំភើបស្រក់ទឹកភ្នែក! សំ ថារ័ត្ន និង អ៊ុន សិទ្ធា ស្មានមិនដល់ថាខ្លួនឈ្នះពានរង្វាន់តារាសម្តែងឆ្នើម

  • 2018-03-12 06:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំភើបឡើងស្រក់ទឹកភ្នែក កញ្ញា សំ ថារ័ត្ន តារាសម្តែងក្បាច់គុនល្បុកតោខ្មែរ មានវាសនាកាន់ពានរង្វាន់តារាស្រីឆ្នើម ឬ CIFF Talent Award ជាមួយលោក អ៊ុន សិទ្ធា ដែលទទួលពានរង្វាន់តារាសម្តែងប្រុសឆ្នើម រៀបចំដោយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៨ កាលពីយប់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨។

កីឡាការិនី និងជាអ្នកសម្តែងភាពយន្តក្បាច់ល្បុកតោ សំ ថារ័ត្ន រៀបរាប់លើវេទិកាទាំងទឹកភ្នែករិញៗថា ខ្លួនរំភើប ស្ទើរមិនអាចទប់បាន ពេលឮពិធីករប្រកាសឈ្មោះរបស់ខ្លួន។ លើសពីនេះទៀត កញ្ញាមិនធ្លាប់គិតថា ខ្លួនអាចមានវាសនាទទួលបានពានរង្វាន់ឡើយ ព្រោះគិតថាត្រឹមជាអ្នកសម្តែងក្បាច់គុន។ សាមីខ្លួនក៏អរគុណយ៉ាងខ្លាំង ដល់ លោកគ្រូតាក្រមាមាស ល្បុកតោ ដែលបានផ្តល់វាសនានេះដល់ខ្លួន ជាពិសេសរៀមច្បងសិល្បករជំនាន់មុនដែល ជាគំរូល្អសម្រាប់រូបនាង។

ភាពយន្តដែលធ្វើឱ្យ កញ្ញា សំ ថារ័ត្ន ទទួលបានការកត់សម្គាល់ខ្លាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ គឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» និងភាពយន្តឯកសារស្តីពីការរស់ឡើងវិញនូវក្បាច់គុនល្បុកតោ ដែលផលិតដោយជនជាតិកាណាដាម្នាក់ និយាយរៀបរាប់ពីជីវិតរបស់ ថារ័ត្ន និងការហាត់ល្បុកតោ។

រីឯ តួសម្តែងប្រុសឆ្នើម លោក អ៊ុន សិទ្ធា ដែលល្បីល្បាញក្នុងខ្សែភាពយន្តជាច្រើន ហើយភាពយន្តចុងក្រោយដែលធ្វើឱ្យរូបលោកទទួលបានពានរង្វាន់នេះ គឺរឿង «ប៉ុបពីទៅហូលីវូដ» និងរឿង «ស្បែកគង់»។ ដូចគ្នានឹង កញ្ញា សំ ថារ័ត្ន តារាប្រុសរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮការប្រកាសឈ្មោះ ព្រោះអ្នករៀបចំកម្មវិធី មិនបានប្រាប់មុនឡើយ គ្រាន់តែអញ្ជើញឱ្យចូលរួម។

លោក អ៊ុន សិទ្ធា ក៏បង្ហាញចំណាប់អារម្មណ៍ដែរថា រូបលោកមានសង្ឃឹម និងអរគុណដល់ផលិតករភាពយន្ត និងអ្នកដឹកនាំភាពយន្តដែលផ្តល់ឱកាសដល់រូបលោកបានសម្តែង ពិសេសអរគុណដល់ប្រិយមិត្តអ្នកគាំទ្រការសម្តែងរបស់លោក។ សិទ្ធា បន្តថា លោកទទួលបានពានរង្វាន់នៅថ្ងៃនេះ គឺជាអ្វីដែលប្រិយមិត្តគាំទ្របានផ្តល់មកឱ្យរូបលោក ហើយសាមីខ្លួនសន្យាថានឹងព្យាយាមបន្តទៀតឱ្យអស់ពីសមត្ថភាព៕

អត្ថបទ៖ Sunny

មតិយោបល់