- 2018-05-16 03:31:49
- ព័ត៌មាន
រោងកុនទំនើបៗ បន្តកើនឡើងនៅភ្នំពេញ តែមន្ត្រីជំនាញចង់ឲ្យកើននៅកន្លែងផ្សេងវិញ
- 2018-05-16 03:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងកុនទំនើបៗ បន្តកើនឡើងនៅភ្នំពេញ តែមន្ត្រីជំនាញចង់ឲ្យកើននៅកន្លែងផ្សេងវិញ
ចន្លោះមិនឃើញ
តាមរបាយការណ៍ថ្មីបំផុតពីនាយកដ្ឋានបានឲ្យដឹងថា រោងភាពយន្តទំនើប នឹងបន្តកើនឡើងទៀតនៅរាជធានីបន្ថែមលើរោងភាពយន្តទំនើបដែលមានស្រាប់ នៅក្នុងរង្វង់ឆ្នាំ ២០១៨នេះ។ ប៉ុន្តែអ្នកជំនាញ ចង់កំណើនកន្លែងប្រមូលចំណូលពីកុននេះ កើតមាននៅតាមបណ្ដាខេត្តវិញ។
តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រោងភាពយន្តទំនើប២ទៀត ត្រៀមនឹងដំណើរនៅរាជធានីភ្នំពេញ ទី១ គឺ មេជើរ អ៊ីអន២ ប្រភេទ IMax និងទី២ គឺលេជេន បឹងកក់។ ជុំវិញបញ្ហានេះ លោកមានប្រសាសន៍ថា ជាគោលការណ៍ នាយកដ្ឋានភាពយន្ត ក៏ដូចជារូបលោកផ្ទាល់ គឺគាំទ្រចំពោះការវិនិយោគរបស់វិនិយោគិននានាក្នុងពាណិជ្ជកម្មជំនួញរោងកុន ជាបច្ច័យឲ្យផលិតករក្នុងស្រុក មានលទ្ធភាពកាន់តែច្រើន ក្នុងការប្រមូលថវិកាទៅវិញ ពីផលិតផលកុនរបស់ពួកគេ។
យ៉ាងណា ការកើនឡើងរោងភាពយន្តតែនៅរាជធានី ក៏មិនមែនជាសញ្ញាវិជ្ជមានប៉ុន្មានឡើយ សម្រាប់ការកៀរគរចំណូលពីខ្សែភាពយន្តក្នុងស្រុក។ ក្នុងន័យនេះ លោកចង់ឲ្យនិន្នាការនេះកើតមាននៅតាមបណ្ដាខេត្តច្រើនជាង។
"និយាយទៅ ខ្ញុំមិនជាសាទរឲ្យមានការកើនឡើងរោងនៅក្នុងក្រុងទៀតទេ ព្រោះថា ទោះថែមរោងប៉ុន្មានទៀត ប៉ុន្តែអ្នកមើល មានតែប៉ុណ្ណឹង...អីចឹងមានតែហែកចែកគ្នាម្នាក់បន្តិចៗ។ ខ្ញុំជឿថា យើងនឹងមិនបានអ្នកមើលថ្មីច្រើនទៀតទេ។ សម្រាប់ខ្ញុំ គឺចង់ឲ្យកើតរោងនៅតាមបណ្ដាខេត្តច្រើនជាង ដែលខ្ញុំជឿថា ការពង្រីកទីផ្សារភាពយន្តរបស់យើង បានច្រើនជាងនៅក្នុងក្រុង"។
ក្រៅពីរោងភាពយន្តទាំងពីរខាងលើត្រៀមដំណើរការនៅរាជធានី មានរោងភាពយន្តទំនើបមួយទៀត ត្រៀមដំណើរការអាជីវកម្មនៅខេត្តសៀមរាបនាឆ្នាំនេះដែរ គឺ លេជេន សៀមរាប។ តាមរបាយការណ៍ របស់នាយកដ្ឋានភាពយន្ត គិតត្រឹមបច្ចុប្បន្ន រោងភាពយន្តទំនើប កំពុងដំណើរការអាជីវកម្មនៅរាជធានី និងតាមបណ្ដាខេត្តមានមានចំនួន ១២រោង មានបន្ទប់បញ្ចាំង(Hall) សរុបចំនួន ៣៩ និងកៅអីអង្គុយចំនួន ៦.៤៣៧។
ចំនួននេះ នឹងកើតឡើង ដល់ចំនួនសរុប ១៥រោង ស្មើនឹង ៥៩បន្ទប់បញ្ចាំង និងកៅអីអង្គុយសម្រាប់អ្នកទស្សនា អាចកើនដល់ ១ម៉ឺន កៅអី មុនដំណាច់ឆ្នាំ ២០១៨នេះ៕