• 2018-05-21 02:03:47
  • ព័ត៌មាន

ទើបប្រកាសលែងលះថ្មីៗ ម៉ៅ ស៊ីណាត មិន​ដាច់​ចិត្ត​ពេល​​ឃើញ​ប្ដី​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2018-05-21 02:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ចម្រៀង​អ្នក​នាង ម៉ៅ ស៊ីណាត ដែល​ទើប​តែ​ប្រកាស​លែង​ស្វាមី​​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​មិន​ទាន់​ដាច់​ចិត្ត​ពី​ស្វាមី​របស់​ខ្លួន​ឡើយ ដោយ​គ្រាន់​តែ​ដឹង​ថា​​ស្វាមី​ជួប​គ្រោះថ្នាក់ចរាចរណ៍​​ភ្លាម​ ​អ្នក​នាង​លែង​គិត​រឿង​​ឈឺ​ចាប់​​ពី​មុន​ទៀត​ឡើយ ដោយ​រត់​ទៅ​មើល​ស្វាមី​​ភ្លាមៗ។

នៅ​យប់​មិញ​នេះ លោក វិសាល ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ស្វាមី​របស់​តារា​ចម្រៀង​អ្នក​នាង ​ម៉ៅ ស៊ីណាត បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ត្រង់​ចំណុច អូឌឺម ផ្លូវ​ជាតិ​លេខ​៤ គ្រា​ដែល​លោក​បាន​ចេញ​ពី​​កន្លែង​ធ្វើ​ការ​របស់​លោក​នៅ​ក្បែរ​នោះ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក គន់ រៀមរនណៈ ដែល​ជា​តារា​ចម្រៀង​រួម​អាជីព ទៅ​សួរសុខទុក្ខ​​​បាន​ឲ្យ​ដឹង​ថា ស្វាមី​របស់​អ្នក​នាង​ ម៉ៅ ស៊ីណាត បាន​ជិះ​ម៉ូតូ​​ក្នុង​​បំណង​មក​រក អ្នក​នាង​ម៉ៅ​ ​ស៊ីណាត ទាំង​យប់​ពី​កន្លែង​ធ្វើ​ការ​របស់​លោក ដោយ​គ្រា​នោះ អ្នក​នាង​បាន​ឃាត់​ថា កុំ​ឲ្យ​មក​ត្បិត​អី​យប់​ជ្រៅ​ហើយ ប៉ុន្តែ​លោក​នៅ​តែ​ចង់​មក។ មួយ​សន្ទុះ​ក្រោយ​មក ស្វាមី​រូប​នោះ​បាន​​​ទូរស័ព្ទ​មក​ម្ដង​ទៀត​ថា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ។

​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម​អ្នក​នាង​ ម៉ៅ ស៊ីណាត រួម​ជា​មួយ​​មិត្តភ័ក្ដិ ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​៣ទៅ៤នាក់ បាន​​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ក៏​បាន​ដឹកជន​រងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា។

តាម​ការ​បញ្ជាក់​ពី​លោក គន់ រៀមរនណៈ ស្វាមី​របស់​អ្នក​នាង ម៉ៅ ស៊ីណាត រង​បួស​ចិញ្ចើម​ធ្ងន់ធ្ងរ ដោយ​ប៉ះ​នឹង​ម៉ូតូ​កក់។

គិត​មក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​ដឹង​ស្ថានភាព​សុខភាព​របស់​លោក វិសាល យ៉ាង​ណា​នៅ​ឡើយ​ទេ ​អ្នក​នាង ម៉ៅ ស៊ីណាត បាន​ប្រាប់ Sabay ​យ៉ាង​ខ្លី​ថា ពេល​នេះ​អ្នក​នាង​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​កំពុង​តែ​ចាំ​មើល​ថែ​ស្វាមី ហើយ​គ្រូពេទ្យ​មិន​ទាន់​បាន​ប្រាប់​ពី​ស្ថានភាព​សុខភាព​នៅ​ឡើយ​ទេ។

អ្នក​នាង ម៉ៅ ស៊ីណាត ​និង លោក វិសាល ​ជា​មន្ត្រី​យោធា​ពាក់​សក្តិ៥ ទើប​តែ​ប្រកាស​លែង​លះ​គ្នា កាល​ពី​​ប៉ុន្មាន​ថ្ងៃ​នេះ បន្ទាប់​ពី​របស់​នៅ​ជា​មួយ​គ្នា​​ដោយ​មិន​បាន​រៀប​ការ​ជា​ច្រើន​ឆ្នាំ​មក​ដោយ​ទទួល​បាន​កូន​ស្រី​​វ័យ​ជា​១ឆ្នាំ​ម្នាក់​ជា​ចំណង​ដៃ។ ការ​លែង​លះ​នោះ ភាគី​ខាង​ស្រី បាន​ដាក់​បន្ទុក​ថា ស្វាមី​លូច​ទៅ​មាន​ស្រី​ទ្រាំ​ការ​ឈឺ​ចាប់​ចំពោះ​​មុខ​មិន​បាន។ បែប​នេះ​​ក្ដី នៅ​ពេល​ស្វាមី​ជួប​ទុក្ខ ហើយ​អ្នក​នាង​ទៅ​មើល​ថែ មិន​ដឹង​ពួក​គេ​អាច​ផ្សះផ្សា​គ្នា​ដូច​ដើម​វិញ​ឬ​យ៉ាង​ណា​នោះ​ឡើយ៕​

អត្ថបទៈ ស៊ុនហួត

មតិយោបល់