• 2018-05-29 02:48:54
  • ព័ត៌មាន

ក្រោយ​រយៈ​ពេល​ជាង ១០ ឆ្នាំ យក់​ ថិត​រដ្ឋា វិល​ប៉ះគ្នា​ជា​ថ្មី ជាមួយ​ស្វាមី

  • 2018-05-29 02:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​ជា​លើក​​ទី​២​ហើយ​ ដែល​អ្នក​នាង​​យក់​ ថិត​រដ្ឋា​​ បាន​សម្ដែង​ខ្សែ​ភាព​យន្ត​ជា​មួយ​លោក ឃុំ ប៉ុណ្ណា​ដែត​ ជា​ស្វាមី​។ អំឡុង​ជាង​១០​ឆ្នាំ​មុន អ្នក​ទាំង​ពីរ​ក៏​សម្ដែង​​រួម​គ្នា​ជា​លើក​ដំបូង​ប៉ះ​ចំ​ប្រភេទ​រឿង​ខ្មោច លុះ​ដល់​ឥលូវ​សម្ដែង​ជា​មួយ​គ្នា​ម្ដង​ទៀត ​ក៏​ប៉ះ​ចំ​រឿង​ខ្មោច។

ខ្សែ​រឿង​ទី២​នេះ​មាន​ចំណង​ជើង​ថា "​ចិញ្ចៀន​ខ្មោច" ដែល​អ្នក​នាង​ យក់​ ថិត​រដ្ឋា​ និង​លោក​ ឃុំ ប៉ុណ្ណា​ដែត​ សម្ដែង​ជា​តួ​អង្គ​ប្តី​ ប្រពន្ធ​នឹង​គ្នា​ក្នុង​រឿង​ទៀត​ផង។

ម្ចាស់​បទ​ "​មួយ​ណា​ក៏​ដូច​មួយ​ណា​"​ បង្ហាញ​អារម្មណ៍​រីក​រាយ​ខ្លាំង​​ និង​សង្ឃឹម​មាន​ការ​គាំ​ទ្រ​ពេល​មាន​ឱកាស​ថត​ភាព​យន្ត​ជា​មួយ​ស្វា​មី​ជា​ថ្មី​ម្ដង​ទៀត​ អស់​ពេល​ជាង​១០​ឆ្នាំ​មក​នេះ​ បន្ទាប់​ពី​នាង បាន​ឈរ​លើ​វិថី​សិល្បៈ​ម្នាក់​ឯង ឯ​ ឃុំ ប៉ុណ្ណា​ដែត ចេញ​ឆ្ងាយ​ពី​ពិភព​សិល្បៈ ​រវល់​គិត​គូរ​លើ​មុខ​ជំនួញ។

​រឿង​ខ្មោច​បែប​ភ័យ​រន្ធត់​លាយ​ឡំ​សំណើច ត្រូវ​បាន​ម្ចាស់​ផលិត​កម្ម LD Picture លោក លៀក លី​ដា​ ប្រាប់​​មូល​ហេតុ​យកអ្នក​នាង​យក់​ ថិត​រដ្ឋា​ និង​លោក​ ឃុំ ប៉ុណ្ណា​ដែត ​​មក​សម្ដែង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ក្នុង​រឿង​នេះ ក៏​ព្រោះ​​អ្នក​ទាំង​២​ជា​គ្រួសារ​នឹង​គ្នា​ស្រាប់ ​ ម្ល៉ោះ​ហើយ​គ្មាន​អ្នក​ណា​ស័ក្ដិសម​ជាង​នេះ​នោះ​ទេ។ ​

លោក​ លី​ដា ប្រាប់​ថា ​បាន​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​ផលិត​រឿង "ចិញ្ចៀន​ខ្មោច" ដើម្បី​សម្រិត​សម្រាំង​ឲ្យ​មាន​គុណ​ភាព​ល្អ​ស្រប​តាម​ស្តង់​ដា។ ក្រៅ​ពី​ភ័យ​លស់​ព្រលឹង​ កំប្លែង​សើច​ចុក​ពោះ​ រឿង​នេះ​ក៏​បង្កប់​អត្ថន័យ​អប់​រំ ​កុំ​ឲ្យ​លោភ​លន់​យក​ទ្រព្យ​សម្បត្តិ​អ្នក​អ្នក​ដទៃផង។ ​ខ្សែ​រឿង​នេះ ​នឹង​បញ្ចាំង​ជូន​ទស្សនា​តាម​រោង​ភាព​យន្ត​​​ទូ​ទាំង​រាជ​ធា​នី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​៣១ ខែ​ឧសភា ខាង​មុខ​នេះ​៕​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់