- 2018-06-11 08:41:51
- ព័ត៌មាន
ណូយ វ៉ាន់ណេត សំណូមពរក្រសួងគិតគូរលើសិល្បករជើងចាស់
- 2018-06-11 08:41:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណូយ វ៉ាន់ណេត សំណូមពរក្រសួងគិតគូរលើសិល្បករជើងចាស់
ចន្លោះមិនឃើញ
តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត បានសំណូមពរដល់ក្រសួងពាក់ព័ន្ធទាំងអស់សូមគិតគូលើសិល្បករជើងចាស់ដែលកំពុងប្រឈមនឹងការបាត់បង់ទីផ្សារសិល្បៈ។
ម្ចាស់បទ "ចំប៉ីព្រៃនប់" ទទួលស្គាល់ថា តារាជើងចាស់ភាគច្រើនត្រូវបានគេមើលរំលង មិនសូវហៅឡើងកម្មវិធី ជាហេតុធ្វើឲ្យបាត់ចំណូល ពេលខ្លះស្ទើរតែមិនអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពបាន។ តារាចាស់ៗមួយចំនួន បានខិតខំក្នុងវិស័យមួយនេះស្ទើរពាក់កណ្ដាលជីវិត តែនៅពេលចាស់ជរា បែរជាគ្មានសល់ប្រាក់ជាដុំកំភួនអ្វីសម្រាប់ចិញ្ចឹមជីវិតទៅវិញ។
លោកលើកឡើងថា ជាក់ស្តែងដូចជា លោក នូ ស៊ីប លោក សួស សងវាចា ជាដើម កំពុងប្រឈមនឹងការបាត់ទីផ្សារសិល្បៈទាំងស្រុង។ ក្រៅពីនោះ គេសង្កេតឃើញតារាជើងចាស់ជាច្រើនដូចជា តារាកំប្លែង ណយ សំណាង លោក ពៅ គីសាន់ លោក ផ្លុង មឿក លោក មិន សារិន ជាដើម ដែលកំពុងរស់នៅក្នុងស្ថានភាពក្រលំបាក គួបផ្សំនឹងជំងឺឈឺថ្កាត់ពេលចាស់ជរា ។
ម្ល៉ោះហើយ តារាកើតឆ្នាំ ១៩៦៤ បានសំណូមពរថា ៖ "សូមក្រសួងទាំងអស់មេត្តាយកចិត្តទុកដាក់ដល់តារាជំនាន់មុនដែលអាចនៅបន្តសិល្បៈបាន សូមរក្សានិងជួយជ្រោមជ្រែង កុំឲ្យមានពាក្យនិទ្នាពីមហាជនថា គិតគូតែសិល្បករក្មេងៗ"។
លោក ណូយ វ៉ាន់ណេត ជាតារាចម្រៀងនិយមច្រៀងបទចង្វាក់រាំវង់ ឡាំលាវ សារាវ៉ាន់ ជាដើម។ លោកធ្លាប់មានទីផ្សារខ្ពស់ និងមានបទចម្រៀងចេញហូរហែរនៅផលិតកម្មធំៗ។ ប៉ុន្តែសព្វថ្ងៃ លោកបញ្ជាក់ថា មិនមានបទចម្រៀងថ្មីច្រៀងនោះទេ។ ពេលខ្លះលោកត្រូវបានគេអញ្ជើញច្រៀងតាមកម្មវិធីម្ដងម្កាល ហើយជីវភាពមួយផ្នែកធំពឹងផ្អែកលើចម្ការស្វាយរបស់លោក៕