- 2018-06-04 03:44:34
- ព័ត៌មាន
គិតបានច្បាស់លាស់មែន! ប្រាក់ ហ្គិច ឈប់ប្រកបរបរ "ផឹកស៊ី" មកប្រកបតែរបរ "ផឹក" ម្ដង
- 2018-06-04 03:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតបានច្បាស់លាស់មែន! ប្រាក់ ហ្គិច ឈប់ប្រកបរបរ "ផឹកស៊ី" មកប្រកបតែរបរ "ផឹក" ម្ដង
ចន្លោះមិនឃើញ
ប្រកាសចាកចេញពីសិល្បៈកាលពី ២ឆ្នាំមុន តារាសម្ដែង ប្រាក់ ហ្គិច ឬសុវណ្ណា ហ្គិច បានប្រាប់ថា នាងប្រឡូកនឹងអាជីវកម្មរហូតមក ដោយដំបូងប្រកបរបរផ្នែក "ផឹកស៊ី" មានគ្រឿងស្រវឹង ប៉ុន្តែឥឡូវនាងលែងធ្វើទៀតហើយ ដោយនាងប្ដូរប្រកបរបស់ "ផឹក" តែម្យ៉ាងប៉ុណ្ណោះ និងមិនមានគ្រឿងស្រវឹង។
អាជីវកម្ម "ផឹក" តែម្យ៉ាងដែល សុវណ្ណា ហ្គិច កំពុងធ្វើនោះ គឺជាអាជីវកម្មប្រភេទតែគុជ និងកាហ្វេយីហោ "Frame Tea” ដែលមានបម្រើតែភេសជ្ជៈ មិនមានអាហារទេ និងមានទីតាំងនៅម្ដុំផ្សារបឹងកេងកង។ នៅមុននេះ គឺនាងបានបើកកន្លែងផឹកស៊ីចំនួន២ដងរួចមកហើយ ប៉ុន្តែដោយសារមានការពិបាក និងមិនមានពេលវេលាគ្រប់គ្រាន់ ទើបនាងប្ដូរមករបស់បើកហាងលក់ភេសជ្ជៈនេះវិញ។
“ខ្ញុំបើកកន្លែងផឹកស៊ី២ដងហើយបង...អត់មានខាតអីទេ ប៉ុន្តែបើកកន្លែងផឹកស៊ី វាហត់ ពិបាកណាស់បង ម្យ៉ាងអត់សូវមានពេលនៅជាមួយវា។ ដល់បើកហាងក្រោយនេះ ស្រួលជាង យើងមានពេលជាង និយាយទៅស្រួលជាង"។
"Frame Tea” បច្ចុប្បន្នកំពុងដំណើរល្អ និងកំពុងពង្រីកខ្លួនទៅតាមបណ្ដាខេត្តទៀត។ តារាស្រីកូនចៅចិន ប្រាប់ថា អាជីវកម្មរបស់នាង បានរីកទៅដល់ខេត្តសៀមរាបបានមួយសាខាហើយ ហើយបច្ចុប្បន្នកំពុងដំណើរការបើកសាខាថ្មីមួយទៀតនៅទីនោះ។
“ខ្ញុំបានបើកមួយរួចហើយនៅក្នុងសាលា ១០មករា នៅសៀមរាបហ្នឹងបង ឥឡូវកំពុងបន្ថែមមួយទៀត នៅកន្លែងជិតគ្នាហ្នឹងដែរ តែក្រៅសាលា។ យើងនឹងពង្រីកសាខាឲ្យបានច្រើន ហើយយើងចាប់ផ្ដើមលក់ Franchise ឲ្យគេ តែឥឡូវមិនទាន់ទេ ព្រោះ Brand យើងក៏មិនទាន់ល្បីខ្លាំងដែរ"។
តាមការបញ្ជាក់របស់តារាស្រីរូបនេះ សាខាថ្មីរបស់នាងនៅសៀមរាបដែលកំពុងរៀបចំនេះ ក្នុងគម្រោង គឺធ្វើឲ្យធំជាង២សាខាមុន។ ដូច្នោះហើយ នាងនឹងដាក់បញ្ចូលប្រភេទអាហារដែរ តែយ៉ាងណា នាងសង្កត់ធ្ងន់ថា នឹងមិនមានគ្រឿងស្រវឹងដូចអាជីវកម្ម២ក្នុងអតីតកាលនោះឡើយ។
សុវណ្ណា ហ្គិច បានប្រឡូកសិល្បៈអំឡុងឆ្នាំ ២០១៤ ប៉ុន្តែក្រោយមកអំឡុងឆ្នាំចុងឆ្នាំ ២០១៥ ដើម ២០១៦ នាងបានប្រកាសដកខ្លួនវិញ ទៅធ្វើជំនួញ។ ឥឡូវនាងបានវិលមកការសម្ដែងជាថ្មីហើយ ហើយកំពុងថតរឿងភាគទូរទស្សន៍ "គូស្នេហ៍រុងរឿង" ត្រៀមនឹងបញ្ចប់ឆាប់ៗ៕