- 2018-06-22 03:20:40
- ព័ត៌មាន
ពាក្យប្រដៅកូន១២ប្រយោគ នៃអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ មានតម្លៃជាងមាស ល្បីពេញពិភពលោក
- 2018-06-22 03:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យប្រដៅកូន១២ប្រយោគ នៃអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ មានតម្លៃជាងមាស ល្បីពេញពិភពលោក
ចន្លោះមិនឃើញ
លោក Sun Yun Suan ជាអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨៤។ ក្រៅពីនេះលោកក៏ជាអ្នកសេដ្ឋកិច្ច វិស្វករ ដែលមានកំណើតមកពីចិនដីគោក។ លោកបានបន្សល់ទុកនូវពាក្យប្រដៅទាំង១២ប្រយោគដល់កូនៗ មានអត្ថន័យជ្រាលជ្រៅ ចាក់ដោតដល់ក្រអៅបេះដូង ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។ លោកបានសរសេរថា កូនសម្លាញ់! ពុកគ្មានអ្វីទុកឲ្យកូន ក្រៅពីពាក្យបណ្ដាំទាំង១២ប្រយោគនេះ៖
#១.ជីវិតមនុស្សមិនទៀតទាត់ទេកូន! មិនមានអ្នកណាបានដឹងថា ខ្លួនត្រូវស្លាប់ពេលណា? និងស្លាប់របៀបណានោះទេ ?… ដូចនេះធ្វើអំពើបុណ្យឲ្យច្រើនគឺជាការចាំបាច់។
#២.មានតែពុក និងម៉ែទេ ដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះ ពីព្រោះថា នៅលើលោកនេះគ្មានអ្នកណាប្រដៅកូនៗល្អជាងសម្ដីពុកម៉ែទេ។ ពាក្យបណ្តាំទាំងនេះ គឺជាលទ្ធផល ដែលចេញមកពីបទពិសោធន៍ញើស ឈាម និងទឹកភ្នែក របស់ពុកផ្ទាល់ ។ វានឹងជួយកូនៗឲ្យជៀសផុតពីការភាន់ច្រឡំ ខាតពេលវេលា ក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ។
#៣.បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗ មិនបានល្អ កុំរវល់នឹងពួកគេនាំឲ្យតែខាតពេលវេលាទេ ។ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើង ក្រៅពីពុកម៉ែទេនៅលើលោកនេះ ។
#៤.ល្បែងរលាយទ្រព្យ។ ស្រីរលាយកិត្តិយស។ បារី និងសុរារលាយរាងកាយ។ គ្រឿងញៀនរលាយជីវិត។
#៥.ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ។ ពុំមានវត្ថុណា ដែលមិនអាចប្តូរថ្មីបាន។ បើមានមនុស្សណាដែលខ្លួនស្រឡាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូន ឬមួយក៏គេស្លាប់ចោលកូនត្រូវចងចាំថា វាមិនមែនជារឿង “មេឃរលំ ភ្នំរលាយ! ” នោះទេ។
#៦.ជីវិតមនុស្សខ្លីណាស់ បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលា កូននឹងបាត់បង់អស់ហើយ។ ដូចនេះបើចេះស្រឡាញ់ជីវិត គឺត្រូវស្វែងរកសេចក្តីសុខ ការសប្បាយឲ្យបានច្រើនសម្រាប់ជីវិតតាមផ្លូវល្អ។
#៧.នៅលើលោកនេះមិនមានសេ្នហាអមតៈទេ !… ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា ។ អារម្មណ៍នេះទៅតាមពេលវេលា វានឹងរលាយសាបបាត់ទៅ ទៅតាមស្ថានភាព និងកាលៈទេសៈ ហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ។
#៨.ទោះបីជាមានមនុស្សច្រើននៅលើលោកនេះរៀនតិច តែជោគជ័យ និងល្បីឈ្មោះ នោះគឺដោយសារតែគេសំណាង ។ ប៉ុន្តែមិនមែនមានន័យថា មិនចាំបាច់រៀនច្រើន ដើម្បីទទួលជោគជ័យនោះទេ។
#៩.អំណាច បុណ្យសក្តិ មិនអាចស្មើរកេរ្តិ៍ឈ្មោះ និងកិត្តិយសបានទេ។ រៀនស្គាល់តម្លៃនៃវត្ថុរូបិយ និងអរូបិយ… កុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារ?
#១០.កូនៗអាចរក្សាពាក្យសម្ដីនឹងមនុស្សម្នាជុំវិញខ្លួន។ តែកុំរំពឹងថា គេឯងនឹងរក្សាពាក្យសម្ដីនឹងកូនៗ។ កូនៗអាចធ្វើអំពើល្អឲ្យមនុស្សម្នាបាន។ តែកុំរំពឹងថា គេឯងនឹងធ្វើអំពើល្អដាក់កូនៗវិញនោះ។
#១១.មានមនុស្សទិញឆ្នោត២០ ដល់់៣០ឆ្នាំ តែនៅតែក្រ។ នេះបញ្ជាក់ថា ចង់មានត្រូវចេះសន្សំ និងចេះរកស៊ីទៅ។
#១២.ការជួបជុំគ្រួសារ ប្តីប្រពន្ធ បងប្អូន កូនក្មួយ គឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថា យើងបាននៅក្បែរគ្នារយៈពេលប៉ុន្មាននោះទេ ត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នា ពីព្រោះជាតិក្រោយក៏យើងគ្មានឱកាសនឹងជួបគ្នាបានម្តងទៀតបានដែរ៕