• 2018-07-11 03:29:50
  • ព័ត៌មាន

ខេមរៈ សិរីមន្ត​ ផ្តល់ទឹកប្រាក់ឲ្យ ចាន់ សម័យ​ ១ពាន់​ដុល្លារ

  • 2018-07-11 03:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​សម្រេច​ផ្ដល់​ប្រាក់​ចំនួន​១ពាន់​ដុល្លារ ដើម្បី​ជួយ​ដល់លោក ចាន់ សម័យ ​ម្ចាស់​បទ "​សុំមេមាន់​មួយ" ដែល​កំពុងតែ​ធ្លាក់​ខ្លួន​ឈឺ​ និង​ជួប​បញ្ហា​​សេដ្ឋកិច្ច​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី លោក អេង វត្ថា ដែល​ជា​សប្បុរសជន​ម្នាក់​បាន​ប្រកាស​ស្វែង​រក​មូលនិធិ​ជួយ​ដល់​តារា​ចម្រៀង​ ចាន់ សម័យ។

តាម លោក អេង វត្ថា ក្រៅ​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត នៅ​មាន​សប្បុរសជន​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូល​រួម​ជួយ​ដល់ លោក ចាន់ សម័យ សរុប​ជា​ទឹក​ប្រាក់ ក្រុម​របស់​លោក​​​ទទួល​បាន​ជិត២ពាន់​ដុល្លារ​ ​ដោយ​ប្រាក់​ទាំង​នោះ នៅ​ក្នុង​ដៃ លោក ចាន់ សម័យ ​ទាំង​អស់ លោក​នឹង​ធ្វើ​បញ្ជី​ប្រកាស​ជា​សាធារណៈ​ឆាប់ៗ​នេះ។

ទោះបី​ជា ខេមរៈ សិរីមន្ត បាន​ប្រកាស​ថានឹង​​ជួយ​ប្រាក់​១ពាន់​ដុល្លារ​ក៏​ពិត​មែន ទឹក​ប្រាក់​នោះ​នៅ​មិន​ទាន់​បាន​ទៅ​ដល់​ដៃ​លោក ចាន់ សម័យ​ នៅ​ឡើយ ត្បិត​អី​តារា​ចម្រៀង សិរីមន្ត ​កំពុង​តែ​ជាប់​ទៅ​ច្រៀង​នៅ​ប្រទេស​ថៃ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី លោក ចាន់ សម័យ។ លោក​ថា តារា​ចម្រៀង សិរីមន្ត អាច​នឹង​មក​ជួប​​ខ្លួន​​ដោយ​ផ្ទាល់​បន្ទាប់​ពី​ត្រលប់​មក​ពី​​ប្រទេស​ថៃ។

ម្ចាស់​​បទ"​ស្តង់ដារស្រីស្អាត" បាន​សម្ដែង​ការ​រំភើប​ និង​ដឹង​គុណ​ជា​ខ្លាំង បន្ទាប់​ពី​អាការៈ​ជំងឺ​និង​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​លោកត្រូវ​បាន​មហាជន​ដឹង ហើយ​មាន​ការ​​ជួយ​ជា​បន្តបន្ទាប់​បែប​នេះ។ លោកសូម​ជូនពរ​ឲ្យ​សប្បុរសជន​ទាំង​អស់ជួប​តែ​សំណាង​ល្អ រកស៊ី​​មាន​បាន ការងារ​ជោគជ័យ​គ្រប់​ភារកិច្ច។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សម័យ តារា​ចម្រៀង​រូប​នេះ​​មាន​ជំងឺ​របេង​ឆ្អឹង​ជាង​២០ឆ្នាំ​មក​ហើយ ដោយ​ក្នុង​នោះ លោក​​ក៏​ធ្លាប់​ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ។ កាល​នៅ​​សុខភាព​ល្អ លោក​មាន​ទម្ងន់​រហូត​ដល់​ទៅ​៩០គីឡូ​ជាង ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​តែ​៦២ គីឡូ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា ការ​រក​ស៊ី​ស្ទូច​ត្រី​លក់ គឺ​ជា​រឿង​ពិត​របស់​លោក ព្រោះ​តែ​ទីផ្សារ​សិល្បៈ​រក​មិន​បាន​​យូរៗ​បាន​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍ និង​ច្រៀង​តាម​រោង​ការ​ម្ដងៗ​ប៉ុណ្ណោះ ឯសុខភាពក៏មិនអំណោយផល។ បច្ចុប្បន្ន​លោក ចាន់ សម័យ កំពុងតែ​ស្នាក់​នៅ​ផ្ទះ​ជួល​១កន្លែង ក្នុង​សង្កាត់​ព្រែកលៀប ដោយ​ជួល​ក្នុង​១ខែតម្លៃ៨០ដុល្លារ ហើយ​​ត្រូវ​ទទួល​រាប់​រង​ចិញ្ចឹម​គ្រួសារ និង​ក្មួយ​ម្នាក់។ លោកមាន​កូន​រហូត​ដល់​ទៅ​​ ៥នាក់ គឺ​ប្រុស​ពីរ​នាក់ ស្រី​៣នាក់ (កូន​ភ្លោះ​ប្រុស​២ ស្រី​កណ្ដាល​១ និង​ភ្លោះ​ស្រី​២ក្រោយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់