• 2018-07-14 07:11:43
  • ព័ត៌មាន

កូន​ស្រី​ភ្លោះ​របស់​ចាន់​សម័យ​ មាន​ដុង​សិល្បៈ តែ​ម្ដាយ​ឪពុក​មិន​ហ៊ាន​ជំរុញ

  • 2018-07-14 07:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ចំណោម​កូន​ប្រុស​ស្រី​ទាំង​៥​របស់​តារា​ចម្រៀង​ ចាន់ សម័យ មាន​តែ​កូន​ស្រី​ភ្លោះ​ពៅ​ទាំង​ពីរ​ប៉ុណ្ណោះ​ ដែល​មាន​ទេព​កោសល្យ​ផ្នែក​ច្រៀង ដូច​ឪពុក​របស់​ខ្លួន ។ ប៉ុន្តែ លោក​ចាន់ សម័យ​ និង​ភរិយា មិន​ហ៊ាន​ជំរុញ​កូន​ស្រី​ទាំង​ពីរ​ ឲ្យ​ចូល​សិល្បៈ​នោះ​ទេ។

​​ភរិយា​លោក ចាន់ សម័យ ប្រាប់​ថា កូន​ស្រី​ពៅ​ភ្លោះ​ទាំង​ពីរ មាន​ឈ្មោះ ចាន់ អេ​លី​ណា និង​ម្នាក់​ទៀត ចាន់ អេ​លី​ណៃ អាយុ​ ៩​ឆ្នាំ ចូលចិត្ត​​ច្រៀង​ខ្លាំង​ណាស់​ពេល​ណា​ទំនេរ​ ខុស​ពី​បង​ៗ​របស់​ពួ​ក​គេ មិនសូវ​ចូល​ចិត្ត​ច្រៀង​ឡើយ ។ ថ្វី​ត្បិត​មើល​ឃើញ​ទេព​កោសល្យ​កូន​ស្រី​ពៅ ដូច​ឪពុក​ក៏​ពិត​មែន ប៉ុន្តែ​ទាំង​លោក ចាន់ សម័យ​និង​ ភរិយា មិន​ហ៊ាន​ជំរុញ​កូន​ចូល​សិល្បៈ​ឡើយ។

ហេតុ​ផល​នេះ​ ត្រូវ​បាន ម្ចាស់​បទ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ "​និយាយ​ថា បើ​កូន​ស្រី​ទាំង​ពីរ​របស់​លោក ​ស្រលាញ់​ពេញ​ចិត្ត​ចម្រៀង លោក​មិន​ហ៊ាន​ប្រកែក​ទេ តែ​ក៏​មិន​ហ៊ាន​ជំរុញ​ដែរ។ ​លោក​បញ្ជាក់​ថា ៖ " បើ​កូន​ពេញ​ចិត្ត​អ្វី​ ឲ្យ​គេ​ធ្វើ​អ្វី​តាម​ចំណង់​ចំណូល​ចិត្ត ​ខ្ញុំ​មិន​បង្ខំ​ចិត្ត​ឡើយ។ ប៉ុន្តែ​ការ​សិក្សា​វិញ ខ្ញុំ​ចង់​ឲ្យ​រៀន​ដល់​ចប់ នេះ​ទើប​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ច្រើន​ជាង"។

ស្រ​ដៀង​គ្នា​នេះ​ដែរ ភរិយា​ឈ្មោះ សែ សុខ​ហ៊ាង ប្រាប់​ថា អ្នក​នាង ​ចិញ្ចឹម​ខ្លួន​កូន តែ​មិន​ចិញ្ចឹម​ចិត្ត​នោះ​ទេ។ ដូច្នេះ​មិន​ហ៊ាន​ជំរុញ​កូន​ ដាច់​ខាត​ត្រូវ​ចូល​សិល្បៈ​តាម​ឳ​ពុក​ដែរ។ ជួនកាល​ កូន​នៅ​តូច​ ឃើញ​មាន​សមត្ថភាព ចូលចិត្ត​ច្រៀង លុះ​ធំ​ឡើង ​កូន​ចង់​ទៅ​ប្រកប​របរ​អ្វី​ផ្សេង ក៏​មិន​អាច​ទាយ​ទុក​បាន​ឡើយ។ ដូច្នេះហើយ ​អ្នក​នាង​មិន​ហាម​​ឃាត់​ដែរ គ្រាន់​តែ​ថា ពេល​ឃើញ​កូន​មាន​សមត្ថភាព ចេះ​ច្រៀង​ អ្នក​នាង​សប្បាយ​ចិត្ត​។ ​​​​ ​

បើ​ទោះ​ម្ដាយ​ឪពុក​មិន​បាន​ជំរុញ ឬ​បង្រៀន​ផ្នែក​សិល្បៈ​អ្វី​ដល់​កូន​ស្រី​ភ្លោះ​ទាំង​ពីរ​ក៏​ពិត​មែន សម្រាប់​អេ​លី​ណា និង​អេ​លី​ណៃ​ និយាយ​ថា អ្នក​ទាំង​ពីរ​ចូល​ចិត្ត​ច្រៀង​ខ្លាំង​ណាស់។ ពួក​គេ​ចេះ​ច្រៀង​ច្រើន​បទ តែ​បទ​ខ្លះ​មិន​ស្គាល់​ចំណង​ជើង​ទេ គ្រាន់​តែ​ឮគេ​ច្រៀង​ពីរ​បី​ដង ខ្លួន​ក៏​ស្រែក​ច្រៀង​តាម​បាន​ផង​ដែរ។

ចំពោះ​កុមារី​ទាំង​ពីរ​ឆ្លើយ​ថា បើ​សិន​ឪពុក​ម្ដាយ​ព្រម​ឲ្យ​ចូល​សិល្បៈ​ ពួក​គេ​ព្រម​ដោយ​មិន​រួញរា​នោះ​ទេ ​ព្រោះ​ស្រលាញ់​ផ្នែក​នេះ​ខ្លាំង​ណាស់៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់