- 2018-07-24 13:12:06
- ព័ត៌មាន
អាចារ្យធំ ប្រកាសចេញមុខរឿង នារីរូបស្អាតរងការរំលោភសម្លាប់១ឆ្នាំហើយ រកយុត្តិធម៌មិនទាន់ ឃើញ
- 2018-07-24 13:12:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចារ្យធំ ប្រកាសចេញមុខរឿង នារីរូបស្អាតរងការរំលោភសម្លាប់១ឆ្នាំហើយ រកយុត្តិធម៌មិនទាន់ ឃើញ
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើន កំពុងសាទរ បន្ទាប់ឌីជេ អាចារ្យធំ និងគូកនរបស់លោក គឺលោក តាន់ គឹមសួរ បានប្រកាសនៅព្រលប់នេះថា លោកនឹងមិនបិទភ្នែកទេរឿង នារីរូបស្អាតម្នាក់ ដែលត្រូវអ្នកបើករថយន្តតាក់ស៊ីរំលោភសម្លាប់១ឆ្នាំហើយ គ្រួសារនារីរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
“ខ្ញុំអាចារ្យធំ និងលោក តាន់ គឹមសួ សូមប្រកាសស្វែងរកយុត្តិធម៌ជូនគ្រួសារ (ក្មួយស្រីរងគ្រោះដោយសារជនតិរច្ឆាន ជាអ្នកតាក់ស៊ី២នាក់ បានរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង"។ អាចារ្យធំ បានប្រកាសនៅលើហ្វេសប៊ុករបស់លោកនៅព្រលប់នេះ។
សិល្បករប្រកាន់វប្បធម៌និយមរូបនេះ មិនបានបញ្ជាក់ឡើយថា លោកនឹងធ្វើសកម្មភាពបែបណា ដើម្បីរកយុត្តិធម៌ជូនគ្រួសារនារីរងគ្រោះនោះទេ។ ប៉ុន្តែយ៉ាងនេះក្ដី ប្រិយមិត្តជាច្រើនបានសាទរចំពោះការតាំងចិត្តមោះមុតមួយនេះ។
អាចារ្យធំបានបន្ថែមថា ដោយអះអាងថា លោកមិនមែនជាតុលាការទេ ប៉ុន្តែជាកោសិកាសង្គម ដែលមិនទ្រាំឈឺមើលបាននូវរឿង អវិជ្ជមាន និងរឿងអយុត្តិធម៌ទាំងឡាយដែលកើតក្នុងសង្គមជាតិរបស់លោក។ ដូច្នេះហើយ លោកនឹងជួយឈឺឆ្អាលរឿងក្ដីរំលោភសម្លាប់បំបិទមាត់ដែលកើតនៅខេត្តស្វាយរឿងខាងលើ។
រំលឹកថា កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៧ សពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសព ដេកស្លាប់នៅកណ្ដាលវាលស្រែ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។ តាមរបាយការណ៍ប៉ូលិសខេត្តស្វាយរៀង សពនារីរងគ្រោះ មានឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ “Good Luck”។ នាងត្រូវជនសង្ស័យដែលជាអ្នកបើកតាក់ស៊ី បានចាប់រំលោភ និងសម្លាប់។
តាមដំណើរ បញ្ចេញដោយលោកឧត្ដមសេនីយ៍ស្នងការ នារីរងគ្រោះត្រូវបានក្រុមគ្រួសារមកប្ដឹងថា បានបាត់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ បានឲ្យដឹង នារីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ។
បន្តមក នាងក៏បានឡើងឡានបន្តទៀត ក្នុងគោលបំណងត្រឡប់មកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។ បើតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះ នៅតាមផ្លូវក្រុមគ្រួសារបានទូរសព្ទសួរថា បន្តបន្ទាប់។ ការសន្ទនាចុងក្រោយរបស់នាង និងគ្រួសារ គឺបានដឹងថា រថយន្តដែលនាងជិះ បានធ្វើដំណើរ មកដល់ម្ដុំផ្សារជីភូ ក្រុងបាវិតហើយ។ ប៉ុន្តែបន្ទាប់ពីនោះមក ក្រុមគ្រួសារ បានដាច់ការទាក់ទងជាមួយតែម្ដង។ ក្រុមគ្រួសារ ក៏បានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍តាមរក រហូតឃើញសាកសពនាង ដេកស្លាប់ទាំងអាក្រាតកាយនៅកណ្ដាលវាលស្រែ។
ជនសង្ស័យ ក៏ត្រូវបានប៉ូលិស ធ្វើការឃាត់ខ្លួនបានដែរ បន្ទាប់ពីនោះ។ ប៉ុន្តែមកដល់ពេលនេះ ដែលមានរយៈពេលប្រមាណ ១ឆ្នាំមកហើយ ទើបធ្លាយដំណឹងថា គ្រួសារនារីរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយលើករណីដែលកើតឡើងលើកូនស្រីរបស់ពួកគេនៅឡើយ រហូតដល់ឌីជេ អាចារ្យធំ ប្រកាសជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារនារីរងគ្រោះនៅថ្ងៃនេះ៕