• 2018-09-05 06:31:47
  • ព័ត៌មាន

ទម្រាំអាចសម្ដែង​ល្ខោន​ខោល​លើ​ឆាកបាន មិនលឿនដូចការគិតទេ ក្រុមការងារត្រៀមរាប់ខែ

  • 2018-09-05 06:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រំលេច​ខ្លួន​រយៈពេល​ជាង​១ម៉ោង ​នៅ​លើ​ឆាក​របស់​ក្រុម​អ្នក​របាំ​​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​យ៉ាង​ល្អ​វិចិត្រ ព្រម​ទាំង​តុប​តែង​ដោយ​គ្រឿង​អលង្ការ​លម្អ​រាង​កាយ​យ៉ាង​រស់​រវើក មាន​មនុស្ស​ភាគ​​តិច​ណាស់ ដឹង​ថា ទម្រាំ​​ការ​សម្ដែង​អាច​លេច​ឡើង​លើ​ឆាក​បាន ក្រុម​ការងារ​ ត្រូវ​ចំណាយ​ពេល​យូរ​រាប់​ម៉ោង រហូត​ពេល​ខ្លះ​ពេញ​មួយ​ល្ងាច​ក៏​មាន។

​មុន​ការ​សម្ដែង​មក​ដល់​ក្រុម​ការងារ​​នៅ​សមាគម​សិល្បៈ​សុវណ្ណភូមិ ប្រាប់​ថា យ៉ាង​ហោច​​ណាស់​ពិភាក្សា​គ្នា ​រៀប​ចំ​រយៈ​ពេល​មុន​២​ខែ។ ដោយ​ឡែក ​ពេល​ថ្ងៃ​សម្ដែង​មក​ដល់ តួ​របាំ​នារី​នី​មួយ​ៗ ត្រូវ​ធ្វើ​សក់ ផាត់​មុខ​រាប់​ម៉ោង​។ ចំពោះ​ការ​ស្លៀក​ពាក់​វិញ ​ត្រូវ​ពឹង​សមាជិក​ក្រុម ជួយ​រៀប​ចំ​ឲ្យ ​ដើម្បី​ឲ្យ​មើល​ទៅ​មាន​របៀប​រៀប​រយ និង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​។ បើ​តួ​សម្ដែង​បុរស​វិញ ពេល​សម្ដែង​ម្ដង​ៗ ​មិន​អាច​យក​សំលៀក​បំពាក់​មក​ពាក់​ភ្លាម​នោះ​ទេ ត្រូវ​ចំណាយ​ពេល​ដេរ​បិទ​ថ្នេរ​មិន​ក្រោម​១ម៉ោង ហើយ​ពេល​ដោះ​ចេញ ក៏​ត្រូវ​ការ​ពេលវេលា​​កាត់​ចេញ​វិញ​ផង​ដែរ។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ត្រូវ​ញាប់​ដៃ​ញាប់​ជើង បោស​សំអាត​ទី​ធ្លា រៀប​ចំ​កន្លែង​អង្គុយ ដោយ​រំពឹង​ថា មាន​ទស្សនិកជន​មក​ទស្សនា​ច្រើន។

​ការ​​សម្ដែង​ដោយ​ទឹក​មុខ​រីក​រាយ​របស់​ក្រុម​សិល្បករ បាន​ចំណាយ​ទាំង​កម្លាំង​ចិត្ត​កាយ អស់​ពេល​វេលា​យូរ​ដើម្បី​សម្ដែង​បង្ហាញ​​ជូន​ទស្សនិកជន តែ​ពេល​ខ្លះ​ ពួក​គេ​ត្រូវ​ខក​ចិត្ត​ ព្រោះ​​គ្មាន​ការ​គាំទ្រ​ពី​បង​ប្អូន​ជន​រួម​ជាតិ មក​ទស្សនា​ទៅ​វិញ។

​ក្រុម​សិល្បករ​របាំ​បុរាណ​ទាំង​អស់ សង្ឃឹម​ថា ការ​ចូល​រួម​គាំ​ទ្រ​របស់​មហាជន​ខ្មែរ ជា​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដើម្បី​សិល្បៈ​ជាតិ ហើយ​ក៏​ជា​កម្លាំង​ចិត្ត​យ៉ាង​ថ្លៃ​ថ្លា មិន​អាច​កាត់​ថ្លៃ​បាន សម្រាប់​សិល្បករ​បុរាណ​ទាំង​អស់៕​​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់