• 2018-09-06 02:40:04
  • ព័ត៌មាន

​ក្រៅ​ពី​​កម្សាន្ត ល្ខោន​ខោល​អាច​សម្ដែង​បាន​ច្រើន​ពិធី កូន​ខ្មែរ​ច្រើន​មិន​ដឹង

  • 2018-09-06 02:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ល្ខោន​ខោល ជា​ល្ខោន​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា ​មាន​ដើម​កំណើត​នៃ​ការ​សម្ដែង​មុន​សម័យ​អង្គរ។​ ល្ខោន​នេះ ​មិន​មែន​លេង​ដើម្បី​ត្រឹម​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​គេ​យក​ទៅ​សម្ដែង​នៅ​ក្នុង​ពិធី​ផ្សេង​ៗ​ផង​ដែរ។

​បើ​តាម​ ​លោក ហង់ ភូមិ​រ៉ា សិល្បករ​ល្ខោន​ខោល​ ប្រាប់​ថា ​គេ​អាច​សម្តែង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ជា​ការ​​​ថ្វាយ​​សម្រាប់​អា​ទិ​ទេព ​​​បំបាត់​ឧបទ្រព​ចង្រៃ ​ ​​សុំ​សេចក្ដី​សុខ សិរី​សួស្ដី ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​។ លើ​ស​ពី​នេះ នៅ​ពេល​​ស្រុក​ទេស​ជួប​គ្រោះ​រាំង​ស្ងួត គេ​ក៏​អាច​លេង​ល្ខោន​មួយ​ប្រភេទ​នេះ​ ដើម្បី​បួង​សួង​សុំ​​ទឹក​ភ្លៀង ឲ្យ​ស្រុក​ទេស​ ជួប​តែ​ប្រការ​ល្អ​ៗ។ ​ សូម្បី​ពិធី​បុណ្យ​សព ក៏​គេ​អាច​សម្តែង​បាន​ដែរ ប៉ុន្តែ​សម្រាប់​តែ​គ្រួសារ​អ្នក​មាន​បុណ្យ​សក្ដិ ឋានៈ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ ​សម្រាប់​ឧទ្ទិស​ដល់​អ្នក​ស្លាប់​ ដើម្បី​ឡើង​ស្ថាន​សួគិ៍។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា សម្រាប់​កម្ពុជា​​បច្ចុប្បន្ន ​មិន​សូវ​សំដែង​នោះ​ទេ មាន​តែ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត គេ​អាច​សម្ដែង​នៅ​ក្នុង​ពិធី​មាន​គណៈ​ប្រតិភូ​ចូល​រួម ដើម្បី​សុំ​សេចក្ដី​សុខ និង​ជ័យ​មង្គល​​ទៀត​ផង។​​​

លោក ហង់ ភូមិរ៉ា សិល្បករល្ខោន​ខោល

​សិល្បករ​ជើង​ចាស់​ដដែល​ ប្រាប់​ថា ចំ​ពោះ​​ទម្រង់​សម្ដែង​​ បាន​តែ​រឿង​ "​រាម​កេរ្តិ៍" ​មួយ​គត់ ។​ យោង​តាម សៀវភៅ​ "ទស្សនីយ​ភាព​ខ្មែរ" អធិប្បាយ​ថា ពាក្យ​ "​ខោល ឬ​ល្ខោន​ "​ខោល"បើ​តាម​សង្ឃ​ដី​កា​របស់​ព្រះ​សង្ឃរាជ​ ជួន​ ណាត បាន​កត់​ទុក​ក្នុង​វចនា​នុ​ក្រម​ខ្មែរ បោះ​ពុម្ភ​ផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២ ថា៖ ខោល​គឺ​ជា​ពួក​ល្ខោន​ប្រុស រឿង​ "​រាម​កេរ្តិ៍"៕​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់