• 2018-09-21 04:10:30
  • ព័ត៌មាន

មិន​ធម្មតា! មាស សាលី បោះ​ទុន​យ៉ាង​សម្បើម​ជាមួយ ជុំ លីណូ ធ្វើ​ថៅកែ​រួម​គ្នា

  • 2018-09-21 04:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការងារ​ច្រៀង​មិន​ហក់​លោត​ខ្លាំង ដូច​កាល​ពី​ប្រមាណ​ជិត​១០​ឆ្នាំ​មុន ពេល​នេះ​តារា​ចម្រៀង មាស សាលី បាន​ងាក​មក​វិនិយោគ​រួម​ជាមួយ​មិត្ត​រួម​អាជីព ជុំ លីណូ បើក​ក្រុម​វង់​ភ្លេង​ម្ដង ដោយ​បោះ​ទុន​វិនិយោគ​រួម​គ្នា​យ៉ាង​សម្បើម។

ក្រុម​តន្ត្រី​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "តន្ត្រី​សម័យ មាស សាលី-ជុំ លីណូ" ដែល​ថៅកែ​ប្រុស​រូប​នេះ បាន​ប្រកាស​ក្ដែង​ៗ​លើ​ហ្វេសប៊ុក​ព្រឹក​នេះ ព្រម​ជាមួយ​គ្នា មិត្តភក្ដិ និង​អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន បាន​សាទរ​ចំពោះ​ការ​ហក់​មក​ប្រឡូក​ជំនួញ​របស់​តារា​ចម្រៀង​ប្រុស​ទាំង​ពីរ​ដួង។

តាម​លោក មាស សាលី បាន​បញ្ជាក់​ថា វង់​តន្ត្រី​របស់​លោក ទើប​តែ​បើក​ដំណើរ​ក្នុង​ពេល​នេះ​ទេ ក្នុង​នោះ លោក​បាន​ចាប់​ដៃ​ជាមួយ ជុំ លីណូ អតីត​តារា​ចម្រៀង​រួម​ទ្រនំ​សាន់ដេ។ ចំពោះ​ទុន​វិនិយោគ​វិញ លោក​ប្រាប់​ថា​អស់​ជិត ១៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ "បាទ...ខ្ញុំ​ចូល​គ្នា​ជាមួយ​លីណូ​ពាក់​កណ្ដាល​ម្នាក់ សរុប​ទៅ អស់​ចង់​ចូល​១៥​ម៉ឺន​ដុល្លារ​ហើយ ព្រោះ​ទាំង​ឆាក ទាំង​ឡាន និង​អ្វី​ៗ​ផ្សេង​ទៀត​សុទ្ធ​តែ​ថ្មី​ៗ​ទាំង​អស់"។

ម្ចាស់​បទ "រំចង់​ប្រែ​ពណ៌" ប្រាប់​ថា លោក​បាន​ទិញ​ចូល​ឧបករណ៍​បម្រើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​ សុទ្ធ​ជា​របស់​ល្អ​ៗ និង​ទំនើប​ៗ។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ខ្ពស់​ដូច​តួលេខ​ពី​ខាង​លើ។ នេះ​គឺ​ជា​ជំនួញ​ចូល​ហ៊ុន​គ្នា និង​ធំ​ដុំ​លើក​ដំបូង ខណៈ​ពី​មុន​មក ត្បិត​ថា​​លោក​ធ្លាប់​ចេញ​ធ្វើ​អាជីវកម្ម​ដែរ ប៉ុន្តែ​ជា​ការងារ​តូច​តាច​ប៉ុណ្ណោះ។

ដូច្នេះ តាម​រយៈ​កិច្ចសហការ​ធំ​ជាមួយ​ដៃគូ​នៅ​ពេល​នេះ ផ្សំ​នឹង​ប្រជាប្រិយ​របស់​លោក​ទាំង​ពីរ​ជា​តារា​ចម្រៀង​ផង លោក​សង្ឃឹម​ថា អាជីវកម្ម​ថ្មី​ថ្មោង​នេះ នឹង​មាន​ផ្លែ​ផ្កា​ល្អ។

ក្រុម​តន្ត្រី​សម័យ​ មាស សាលី-ជុំ លីណូ មាន​ទីតាំង​នៅ​ក្នុង​បុរី​ហ្គ្រេន​ភ្នំពេញ។ ថៅកែ​ប្រុស​អះអាង​ថា អាជីវកម្ម​មួយ​នេះ​របស់​លោក អាច​បម្រើ​សេវាកម្ម​សម្រាប់​ការ​កម្សាន្ត​គ្រប់​ប្រភេទ​ទាំង​អស់ មាន​​ដូច​ជា ពិធី​ជប់លៀង មង្គលការ ខួប​កំណើត និង​ខុនសឺត​ជា​ដើម ទាំង​តូច​ទាំង​ធំ។ លើស​ពី​នេះ ក្រុម​របស់​លោក​មាន​តារា​ចម្រៀង​ល្បី​ៗ​សម្រាប់​បម្រើ​អារម្មណ៍​អតិថិជន​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់