• 2018-10-23 07:42:00
  • ព័ត៌មាន

​ត្រួស​ៗ​​ពី​ភាព​ខុស​គ្នា ក្រុម​ល្ខោន​ខោល​៤​តំបន់​កំពុង​អភិរក្ស​សិល្បៈ​​ចំណាស់​មួយ​នេះ

  • 2018-10-23 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​សិល្បៈ​បុរាណ​ល្ខោន​ខោល​ដែល​រស់​រាន​មាន​ជីវិត​បច្ចុប្បន្ន នៅ​សល់​៤​វង់​ធំ​ៗ គឺ​ ល្ខោន​ខោល​ភ្នំពេញ ​​ល្ខោន​ខោល​ខេត្ត​បាត់​ដំបង ​ល្ខោន​ខោល​ខេត្ត​កំពង់​ធំ ​និង​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ខេត្ត​កណ្ដាល ។ នេះ​បើ​តាម​សិល្បករ​ល្ខោន​ខោល និង​ជាប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី ​ លោក ហង់ ភូមិ​រ៉ា បាន​បញ្ជាក់។ ​​

លោក ហង់ ភូមិរ៉ា

​លោក​បន្ថែម​ថា ល្ខោន​ខោល​តាម​តំបន់​នីមួយ​ៗ​ មាន​លក្ខណៈ​ខុស​ៗ​គ្នា​បន្តិច​បន្តួច ​ទៅ​លើ​សម្លៀក​បំពាក់ ​គ្រឿង​តុប​តែង​ខ្លួន​ផង​ដែរ។ ​ជាក់​ស្ដែង តួ​សម្ដែង​ប្រុស​មក​ពី​ខាង​វត្ត​អណ្ដែត​ មិន​ពាក់​មុខ​នោះ​​ទេ ​ដោយ​គេ​និយម​ផាត់​មុខ​ជំនួស​វិញ ​ព្រម​ទាំង​ពាក់​មកុដ។ ​មួយ​វិញ​ទៀត ​ខាង​បាត់​ដំបង មិន​សូវ​ពាក់​គ្រឿង​តុប​តែង​ច្រើន​ឡើយ ​។ សម្រាប់​ខាង​ភ្នំពេញ ​និង​កំពង់​ធំ​វិញ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ច្រើន ពោល​គឺ​តួ​ប្រុស​ តម្រូវ​ឲ្យ​ពាក់​មុខ មាន​គ្រឿង​តុប​តែង​កាយ​ និង​សម្លៀក​បំពាក់​​មាន​ភាព​ប្រណិត។ ទោះ​យ៉ាង​ណា ​ល្ខោន​ប្រភេទ​នេះ ​សំដែង​ដោយ​បុរស​ទាំង​អស់ ​សូម្បី​នាង សិ​តា​ក៏​ដោយ ហើយ​អាច​​លេង​បាន​តែ​ក្នុង​រឿង​ រាម​កេរ្តិ៍​ ប៉ុណ្ណោះ។​​

កាល​សម័យ​សង្គម​រាស្ត្រ​និយម​ មាន​៨​ វង់​​ល្ខោន​ដែល​មាន​ជំនាញ។ ​ការ​បង្កើត​ វង់​ល្ខោន​ខោល​តាម​តំបន់ ដើម្បី​លើកស្ទួយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ដែល​កំពុង​បាត់បង់​ប្រជាប្រិយភាព ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​ឡើង​វិញ ដែល​មហាជន​ទូ​ទៅ​មិន​សូវ​បាន​ស្គាល់​។ ល្ខោនខោល​ខ្មែរ ថ្វី​ត្បិត​មាន​ឈ្មោះ​តែ​មួយ ក៏ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​ប្លែកៗ​ពី​គ្នា​ទៅ​តាម​តំបន់ ។

សិល្បៈ​​បន្សល់​ពី​មរតក​ដូន​តា​មួយ​នេះ ​ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​យុវវ័យ​សម័យ​ថ្មី​នោះ​ទេ។ ស្ទើរ​រាល់​ពេល​បង្ហាញ​ម្ដង​ៗ មាន​ទស្សនិកជន​តិច​តួច​ណាស់​ ចូល​រួម​ទស្សនា។ ​

គេ​កត់​សម្គាល់​ឃើញ​ថា ​រយៈ ពេល​ប៉ុន្មាន​ខែ​មុន នៅ​ពេល​​ថៃ​បាន​ស្នើ​អង្គការ UNESSCO បញ្ចូល​ល្ខោន​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ ​ប្រជា​ជន​កម្ពុជា​ភ្លូក​ទឹក​ភ្លូក​ដី ទៅ​ទស្សនា​ល្ខោន​នេះ ស្ទើរ​គ្មាន​កន្លែង​អង្គុយ ។ លើស​ពី​នេះ ​លើ​បណ្ដាញ​សង្គម​វិញ ​ក៏​មាន​ការចែក​រំលែក និង​ដាក់ Hastag ​ល្ខោន​ខោល​ជា​របស់​ខ្មែរ​ ផង​ដែរ។ ប៉ុន្តែ​ក្រោយ​មក សិល្បៈ​ចំណាស់​មួយ​នេះ នៅ​តែ​ខ្សត់​​មិន​អាច​ទាក់​ទាញ​អ្នក​ទស្សនា​ ឲ្យ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​សម្ដែង​បាន​ផុសផុលរយៈ ពេល​យូរ៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់