• 2018-10-25 04:56:59
  • ព័ត៌មាន

ឆាប់ៗនេះ​ តន្ត្រីករអាជីព​អង់គ្លេសនឹងចូលរួមក្នុងព្រឹត្តិការណ៍តន្ត្រីដ៏​ពិសេស​ ២នៅកម្ពុជា​

  • 2018-10-25 04:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ផ្តល់​ការ​ណែនាំ​តន្ត្រី​បាន​ចាប់​ផ្តើម​ហើយ​ អញ្ជើញ​សុទ្ធតែ​តន្ត្រីករ​អាជីព​ពី​អង់គ្លេស The Sound Initiative (TSI) ដែល​ជា​គម្រោង​បណ្ដុះ​បណ្តាល​សិល្បៈ​តន្ត្រី​ស្តង់ដារ​អន្តរជាតិ​មួយ​នៅ​កម្ពុជា​ បាន​ប្រមូល​ផ្តុំ​អ្នក​មាន​ទេពកោសល្យ​ខាង​ផ្នែក​នេះ​ជាច្រើន​ឲ្យ​ចូល​រួម​ថ្នាក់​បណ្ដុះ​បណ្តាល​មូលដ្ឋាន​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ។​

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បង្រៀន​ណែនាំ​ថ្មី​ក្នុង​ខែ​តុលា​នេះ ​​​​នៃ​ គម្រោង​ The Sound Initiative ​តន្ត្រីករ ផលិតករ និង​សិល្បករ​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​ត្រូវ​អញ្ជើញ​​​ចូលរួម​​ថ្នាក់​បង្រៀន​ណែនាំ​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​តន្ត្រីករ​ខ្មែរ​វ័យ​ក្មេង​ជំនាន់​ថ្មី​ដែល​ចង់​ស្វែង​យល់​ស៊ីជម្រៅ​ពី​វិស័យ​តន្ត្រី​ដែល​មាន​ទាំង​ការ​តែង​និពន្ធ និង​ផលិត​ចំរៀង​ផង។ គោលបំណង​ចម្បង​នៃ​ថ្នាក់​បង្រៀន​ណែនាំ​នេះ គឺ ដើម្បី​ផ្តល់​នូវ​ការ​បង្ហាត់​បង្ហាញ​ដល់​យុវជន និង​ការ​អភិវឌ្ឍន៍​ទេពកោសល្យ​សិល្បៈ របស់​ពួក​គេ ដើម្បី​បង្កើន​ការងារ​ថ្មី​ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នេះ​ជា​ផ្នែក​មួយនៃការជំរុញបង្កើត TVET ដែល​ជា​ការ​បណ្ដុះ​បណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ផង​ដែរ។ វាគ្មិន​ដែល​មក​ធ្វើ​ការ​បង្រៀន​ណែនាំ នឹង​ធ្វើ​ការ​បណ្ដុះ​បណ្តាល​បច្ចេកទេស​ផ្នែក​តន្ត្រី​មួយ​ទល់​នឹង​មួយ រយៈ​ពេល ១០ថ្ងៃ សម្រាប់​តន្ត្រីករ​កម្ពុជា​ក្នុង​កម្មវិធី​វិជ្ជាជីវៈ​របស់ TSI។

លោក Simon Glenister វិស្វករ​តន្ត្រី និង​ជា​ផលិតករ​ផ្នែក​សំឡេង​ក៏​ដូច​ជា​គ្រូ និង​អ្នកចំ​រៀង បាន​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ដែល​បាន​មក​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​មួយ​ដ៏​ថ្មី ចាប់​យក​បទពិសោធន៍​ថ្មី​ៗ​ជា​ច្រើន​ដែល​អាច​កើត​មាន​ឡើង។ ខ្ញុំ​រីករាយ ដើម្បី​ស្តាប់​នូវ​ស្នា​ដៃ​ថ្មី​ៗ ដែល​យុវវ័យ​ខ្មែរ​កំពុង​ផលិត ហើយ​សង្ឃឹម​ថា​យើង​ទាំងអស់​គ្នា អាច​បង្កើត​អ្វី​មួយ រួម​គ្នា​សម្រាប់​អ្នក​ចូល​រួម​រៀង​ៗខ្លួន  អ្នក​គាំទ្រ​របស់​ពួក​គាត់ ក៏​ដូច​ជា​អង្គការ TSI»។

«តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ប្រវត្តិ និង​ជំនាញ​ខុស​គ្នា កម្មវិធី​នេះ​ក៏​ជា​ឱកាស​ក្នុង​ការ​ផ្លាស់ ប្តូរ​វប្បធម៌ និង​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង រវាង​សហគមន៍​តន្ត្រី​អង់គ្លេស និង​សហគមន៍​តន្ត្រី​ខ្មែរ​ផង​ដែរ»។ លោក​បន្ថែម។

វាគ្មិន​របស់ យើង នឹង​ផ្តល់​ជូន​នូវ​ថ្នាក់​បង្ហាញ​អំពី​តន្ត្រី​ជា​សាធារណៈ​​លើ​ប្រធាន​បទ​ឯកទេស និង​ការ​សម្តែង​រួម​គ្នា​ចុង​ក្រោយ​ដើម្បី​បង្ហាញ​ពី​តន្ត្រី​ដែល​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។ សិល្បករ​តំណាង TSI ក្រុង​ស្រុក កញ្ញា​ឡូរ៉ាម៉ម និង​ក្រុម​ក្មេង​ខ្មែរ​នឹង មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ផង​ដែរ។

សង្ខេប​កម្មវិធី ដូចខាងក្រោម​៖

  • ១. ថ្នាក់​បង្ហាញ​ពី​តន្ត្រី

ថ្ងៃ​ទី ២៧ តុលា ២០១៨ ចំថ្ងៃ “រំលឹក​ថ្ងៃ​ណែនាំ​ជាតិ​អង់គ្លេស” នៅ Raintree ចាប់​ពី​ម៉ោង ៩កន្លះព្រឹក ដល់ ៥ល្ងាច ។ ព្រឹត្តិការណ៍​ពិសេស​នេះ​សូម​អញ្ជើញ​​អ្នក​ដែល​មាន​ចំណូល​ខាង​តន្ត្រី​ ទាំងអស់​ចូលរួម​ដោយ​សេរី ដោយ​នឹង​មាន​ការ​និយាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ផង​ដែរ។

  • ២. ការ​សម្ដែង​លើ​ឆាក​រួម​គ្នា ​​៖

នៅ​ថ្ងៃទី ៣ វិច្ឆិកា ២០១៨ នៅ The Mansion (ផ្ទះលេខ៣៨  មហាវិថី​សម្តេច​សុធារស​រស ជាប់​ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​ទល់មុខ​សារមន្ទីរជាតិ) ចាប់​ពី​ម៉ោង ៥:៣០ នាទីរ​សៀល ដល់​ម៉ោង ៩យប់៕

ដោយ៖​ ដេត លីដា

មតិយោបល់