- 2018-11-14 04:14:46
- ព័ត៌មាន
តារាស្រីខ្មែរល្បីៗប៉ុន្មានដួង ជាប់មន្ទិលស្នេហ៍ជាមួយបុរសអាថ៌កំបាំង ស្រាយមិនទាន់ចេញសោះ
- 2018-11-14 04:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីខ្មែរល្បីៗប៉ុន្មានដួង ជាប់មន្ទិលស្នេហ៍ជាមួយបុរសអាថ៌កំបាំង ស្រាយមិនទាន់ចេញសោះ
ចន្លោះមិនឃើញ
រឿងរ៉ាវចំណងស្នេហ៍របស់តារាល្បីៗ មិនមែនចេះតែបើកទម្លាយឲ្យមហាជនដឹងងាយៗទេ ដោយសារតែខ្លាចប៉ះពាល់ដល់ទីផ្សារការងារ។ ជាក់ស្ដែង ខេមរៈ សិរីមន្ត ខាន់ ជេមស៍ ឱក សុគន្ធកញ្ញា ក្រោយពីព្យាយាមធ្វើមិនដឹងមិនលឺច្រើនឆ្នាំ ទីបំផុត ក៏សុខចិត្តទម្លាយចេញរៀងៗខ្លួន ប៉ុន្តែមិនឃើញថា ប៉ះពាល់ដល់ការងាររបស់ពួកគេអ្វីទេ ពោលគឺពួកគេនៅតែមមាញឹកនឹងអាជីពរបស់ខ្លួនដដែល។
យ៉ាងនេះក្ដី ត្បិតថា៣នាក់ បានបើកទម្លាយហើយក៏ដោយ ប៉ុន្តែនៅមានតារាស្រីល្បីៗ៣ដួងផ្សេងទៀត នៅតែចងជាប់នឹងមន្ទិលស្នេហ៍ជាមួយបុរសលាក់មុខដដែល ច្រើនខែ ឆ្នាំមកហើយរកមុខពិតប្រាកដមិនទាន់ឃើញ។ ពួកគេទាំងនោះមាន៖
សុខ ពិសី៖ មិនតិចឆ្នាំឡើយ ដែលតារាចម្រៀងសំឡេងស្រទន់ សុខ ពិសី រងមន្ទិលស្នេហ៍ស្រាយមិនទាន់ចេញ។ បុគ្គលជាដៃគូរបស់ ពិសី ត្រូវបានគេលើកដាក់ថា ជាលោក ឡាយ សុកចំរើន អ្នកចាត់ការទូទៅផលិតកម្មសាន់ដេ ដែលជាមេកើយនាងផ្ទាល់តែម្ដង។ ទំនាក់ទំនងនេះ ពួកគេរមែងបង្កើតភាពស្និទ្ធស្នាលពីក្រោយកំបាំងភ្នែកទស្សនិកជន តែនៅខាងមុខ ពួកគេឲ្យមហាជនមើលឃើញថា ពួកគេ គ្រាន់ជាកូនចៅ និងមេកើយប៉ុណ្ណោះ។
កាលពីចុងឆ្នាំមុន មានលេចធ្លាយរូបថតនាងថតបែរខ្នងជាមួយបុរសម្នាក់ ដែលមាន ភិនភាគដូចអ្នកចាត់ការទូទៅ។ ប៉ុន្តែសាមីខ្លួន មិនបានស្រាយបញ្ជាក់ឡើយ។សំខាន់ជាងនេះ ទៀត ក៏មានការរាយការណ៍ថា ពួកគេបានរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាទៀតផង ហើយភាគីខាងប្រុសស្រឡាញ់ពេញចិត្តខាងស្រីខ្លាំងណាស់ ជាហេតុធ្វើឲ្យលោកយកចិត្តទុកដាក់នឹងតារាស្រីរូបនេះខ្លាំង។
ជាក់ស្ដែងការចាកចេញរបស់តារារួមទ្រនំដូចជា កែវ វាសនា(មកវិញហើយ) សុខ ស្រីនាង និងចុងក្រោយគេ ខេមរៈ សិរីមន្ត ទៅថោន និងហង្សមាស រៀងខ្លួននោះ ក៏ល្បីមានពាក់ព័ន្ធនឹង សុខ ពិសី ដែរ។ ចចាមអារ៉ាមនោះគឺថា អ្នកចាត់ការ រវល់តែជាមួយ ពិសី មិនសូវអើពើនឹងតារាចម្រៀងផ្សេងឡើយ ទើបជាហេតុធ្វើឲ្យពួកគេសម្រេចដើរចេញរៀងខ្លួន។
យ៉ាងនេះក្ដី ទាំងលោក ឡាយ សុកចំរើន និង សុខ ពិសី មិនដែលចេញមកអះអាងមុតមាំពីករណីនេះទេ។ ប៉ុន្តែ សុខ ពិសី ធ្លាប់ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា មិនមែនជាការពិតទេ ប៉ុន្តែនាងថា ជាអ្នកសិល្បៈដូចនាង ចៀសមិនផុតពីការទាញភ្ជាប់អាស្រូវស្នេហាជាមួយបុរសមួយចំនួននោះឡើយ។
សុខ សោម៉ាវត្តី៖ អ្នកមេម៉ាយរូបស្រស់ ពូកែក្រមិចក្រមើមរូបនេះ ក៏មិនតិចឆ្នាំហើយដែរ ដែលនាងបានរងចចាមអារ៉ាមមានទំនាក់ទំនងស៊ីជម្រៅជាមួយកីឡាករបាល់ទាត់រូបសង្ហារ លី វ៉ាហេទ។ ចចាមអារ៉ាមនេះ បានកើតឡើង ក្រោយពីពួកគេបានជួប និងស្គាល់គ្នាដំបូងតាមរយៈសម្ដែងរឿងរួមគ្នា "ខូចចិត្តអាជីព" កាលពីឆ្នាំ ២០១៦។ ក្រោយចប់រឿងនេះមក ពួកគេទាំងពីរ នៅបានបន្តភាពជិតស្និទ្ធនៅក្រៅរឿងថែមទៀត និងកាន់តែស្អិតល្មួតឡើងៗ។
ជារឿយៗ គេពួកគេពួកធ្វើដំណើរកម្សាន្តលក្ខណៈឯកជនជាមួយគ្នា ក្នុងនោះ មិនត្រឹមតែក្នុងស្រុកទេ គឺរហូតដល់បរទេសទៀត។ ជាក់ស្ដែងកាលពីខែមីនា សោម៉ាវត្តី បានតាមទៅគាំទ្រ វ៉ាហេទ ដល់ប្រទេសសិង្ហបុរីទៀត ក្នុងពេលដែលខាងប្រុស ជាប់កាតព្វកិច្ចជាមួយក្រុមបឹងកេត ប្រកួតជាមួយ Home United របស់សិង្ហបុរី ក្នុងពានរង្វាន់ AFC Cup 2018 ។ វីដេអូផង រូបភាពផ្អែមល្ហែមផងរបស់ពួកគេ មានពាសពេញលើបណ្ដាញសង្គម ពិសេសក្នុងថ្ងៃខួបកំណើតរបស់ខាងប្រុសកាលពីខែឧសភា ខាងស្រីបានផ្ដល់ការថើបថ្ពាល់ជាកាដូសម្រាប់ប្រុសស្អាតផង។
នៅ សុនិតា៖ ធៀបនឹងតារាស្រី២ដួងខាងលើករណី នៅ សុនិតា ហាក់ក្ដៅគគុកជាង ដោយសារចចាមអារ៉ាម ទើបនឹងកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។ ដំបូងឡើយ តារាស្រីរូបនេះ បានរងព័ត៌មានជាមួយបុរសអ្នកមាន និងកាន់តំណែងខ្ពស់មួយចំនួន ក្នុងនោះមានទាំងលោកផ្កាយ ៣ និងកូនថៅកែអចលនទ្រព្យមួយផង ក្រោយពីគេបានឃើញភាពហ៊ឺហារបស់នាងជាមួយវិឡាស្កឹមស្កៃ ដែលគេសង្ស័យថា ជាជំនួយពីក្រោយរបស់បុរសលាក់មុខទាំងនោះ។
ប៉ុន្តែចុងក្រោយបំផុតនេះ សុនិតា ស្រាប់តែមានចចាមអារ៉ាមស្នេហ៍ជាមួយលោក ទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័នទៅវិញ។ ទំនាក់ទំនងមួយនេះ កាន់តែស្អិតល្មួត និងត្រូវបានគេសង្ស័យថា ពួកគេបានរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នានៅក្នុងបុរី ប៉េង ហួត ផង។ ស្រដៀងគ្នានឹង សុខ ពិសី ដែរ សុនិតា បានធ្លាយចេញរូបថតស្និទ្ធស្នាលថតពីក្រោយជាមួយបុរសអាថ៌កំបាំងម្នាក់កាលពីប៉ុន្មានខែមុន មានភិនភាគស្រដៀងនឹងលោកអគ្គនាយករង ធ្វើឲ្យការសង្ស័យខាងលើ មានភាគរយកាន់តែច្រើន ថាអាចជាការពិត។
ជាងនេះទៅទៀត ក៏មានព័ត៌មានថា ពួកគេទាំងពីរបានភ្ជាប់ពាក្យរួចហើយ ហើយគ្រោងនឹងរៀបការជាមួយគ្នាឆាប់ៗនេះទៀតផង។ ប៉ុន្តែមកទល់បច្ចុប្បន្នមិនទាន់មានការអះអាងជាក់លាក់ណាមួយពីភាគីទាំងពីរ បានធ្លាក់មកដល់សារព័ត៌មានក្នុងស្រុកនានានៅឡើយ។ នៅក្នុងទំនាក់ទំនងតាមសារអេឡិចត្រូនិកថ្មីៗ សុនិតា ក៏ពុំព្រមអធិប្បាយពីករណីដែលបានកើតឡើងនេះដែរ។
អាប៉ោង នឹងអាចបើកគម្របដូចករណីតារាប្រុសស្រី៣ដួងខាងលើ ឬអត់ រង់ចាំតាមដានទាំងអស់គ្នា៕