• 2018-11-17 05:53:00
  • ព័ត៌មាន

សព​ស្ដេច​ចាប៉ី​ដង​វែង លោក​តា ប្រាជ្ញ ឈួន ​នឹង​តម្កល់​​​រហូត​ថ្ងៃ​ច័ន្ទ ​ទើប​សម្រេច​​បូ​ជា

  • 2018-11-17 05:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​បុណ្យ​របស់​ព្រឹទ្ធ​ភិរម្យ​វោ​ហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន បាន​រៀប​ចំ​​​​តាម​ប្រពៃ​ណី ដោយ​​មាន​ញាតិ​មិត្ត​មក​ចូល​រួម​​​ជាច្រើន ។ ​តាម​សម្តីក្រុម​គ្រួសារ ​សព​របស់​​បិតា​ចាប៉ី​ដង​វែង ​នឹង​​តម្កល់​រហូត​ដល់​ថ្ងៃ​ច័ន្ទ ​វេ​លា​ម៉ោង​ ៥​ល្ងាច​ ទើប​បូ​ជា​តាម​ប្រពៃ​ណី នៅ​វត្ត​បុទុម​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។

​​​​លោក ប្រាជ្ញ ឆាត ​ត្រូវ​ជា​កូន​ច្បង​របស់​លោក​តា ប្រាជ្ញ ​ឈួន ​ឲ្យ​ដឹង​ថា ​ក្រោយ​បូ​ជា​រួច ​លោក​នឹង​ដង្ហែ​​ធាតុ​ ទៅ​​ភូមិ​ស​ម៉រ​ក្រោម ​ឃុំ​ខ្វាវ ​ស្រុក​ទ្រាំង ខេត្ត​តា​កែវ ​ជា​​ទី​កន្លែង​កំណើត​របស់​ឪពុក​ខ្លួន។ ​កូន​ប្រុស​ដ​ដែល ​បន្ត​ថា ​មុន​មរណភាព ​សុខ​ភាព​ឪពុក​​លោក ចាប់​ផ្ដើម​​ធ្ងន់​ធ្ងរ​តាំង​ពី​មុន​ភ្ជុំ​បិណ្ឌ​មក​ម្ល៉េះ ដោយ​មិន​ឃ្លាន​បាយ​ទឹក ​ហើយ​វង្វេង​វង្វាន់​ម្ដង​ម្កាល ​ព្រម​ទាំង​មិន​អាច​ងើប​​ខ្លួន​ឯង​បាន ​លុះ​ត្រា​មាន​អ្នក​ជួយ​គ្រា។ ​អំឡុង​ពេល​នោះ​ ​ក្រុម​គ្រួសារ​បាន​និមន្ត​ព្រះ​សង្ឃ​២​អង្គ ​សូ​ត្រ​មន្ត​ចម្រើន​ព្រះ​ជន្ម​​ជូន​លោក​ឪពុក ព្រោះ​ស្ថាន​ភាព​លោក​កាន់​តែ​ធ្ងន់។ ​

លោក​ស្រី ​អ៊ុក ព្រីង ​ភរិយា​លោក​តា​ប្រាជ្ញ ឈួន

​ព្រឹទ្ធ​ភិរម្យ​វោ​ហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន ​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ជំ​ងឺ​សួត ​​ជំ​ងឺ​លើស​ឈាម ​និង​ជំ​ងឺ​ច្រើន​មុខ​ទៀត ។ ​ក្រុម​គ្រួសារ​​បាន​បញ្ជូន​​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ៥​ដង​រួច​មក​ហើយ ​តែ​ដោយ​សារ​ជំ​ងឺ​រ៉ាំរ៉ៃ​និង​វ័យ​កាន់​តែ​ជរា លោក​ព្រឹទ្ធាចារ្យ ​បាន​លា​ចាក​​ចោល​កូន​ចៅ ​ដោយ​មិន​បាន​ផ្ដាំ​ផ្ញើរ​អ្វី​ជា​ចុង​ក្រោយ​ឡើយ។

សម្រាប់​បុណ្យ​​សព​គម្រប់​៧​ថ្ងៃ​របស់​ព្រឹទ្ធាចារ្យ ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ​ក្នុង​​ឃុំ​ខ្វាវ ​ស្រុក​ទ្រាំង ​ខេត្ត​តា​កែវ៕

​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់