• 2018-11-19 05:25:00
  • ព័ត៌មាន

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​​ចាត់​ទុក​ស្ដេច​ចាប៉ី​ដង​វែង​ ប្រាជ្ញ ឈួន ជា​អច្ឆរិយៈបុគ្គល

  • 2018-11-19 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯក​ឧត្ដម ​ខៀវ ​កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​សម្ដែង​នូវ​ការ​សរសើរ​ដល់​បិតា​ចាប៉ី​ដង​វែង ​លោក​តា ប្រាជ្ញ ឈួន ​អំពី​សមត្ថភាព ​និង​ទេព​កោសល្យ​យ៉ាង​ប៉ិន​ប្រសព្វ​របស់​លោក ប្រៀប​ដូច​បុគ្គល​អច្ឆរិយៈ ដែល​គ្មាន​ជន​ណា​​អាច​​ផ្ទឹម​បាន​ឡើយ។

(​រូប​ភាព៖ www.rfa.org)

​​​នៅ​លើ​បណ្ដាញ​សង្គម ​ឯក​ឧត្ដម​ បាន​ពោល​​សរសើរ​ ពី​លក្ខណៈ​ពិសេស​របស់​ស្ដេច​ចាប៉ី​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ថា ​លោក​មាន​ការ​ចង​ចាំ​ខ្ពស់ ​និង​រហ័ស​រហូន ហើយ​នាឡិកា​ក្នុង​ខ្លួន​លោក​ដើរ​ បាន​ល្អ​ណាស់​។ ​ក្រោយ ៧ មករា ​១៩៧៩ ​រាល់​គោល​នយោបាយ​របស់​រណសិរ្ស​បក្ស សេចក្ដី​ថ្លែង​ការណ៍​នានា​របស់​ថ្នាក់​ដឹក​នាំ ​អាន​ឲ្យ​គាត់​ស្ដាប់​តែ​មួយ​ដង ​គាត់​លេង​ចាប៉ី​គ្មាន​បាត់​គោល​ធំ​ៗ​ណាមួយ​ឡើយ។ ​លើស​ពី​នេះ ​បើ​ប្រាប់​គាត់​ថា ​កម្មវិធី​មាន​មួយ​ម៉ោង​ គាត់​លេង​ចប់​ល្មម​ មិន​ឆក់​កណ្ដៀត ​មិន​ស្រូត ​ហើយ​មិន​លើស ​គាត់​ជា​អច្ឆរិយៈ​បុគ្គល​ម្នាក់ ។​

បើ​តាម ​លោ ប្រាជ្ញ ឆាត ​ជា​កូន​ប្រុស​ច្បង​ បាន​ប្រាប់​ថា ​ខណៈ​ឪពុក​លោក​​នៅ​មាន​ជីវិត​ ខាង​ក្រសួង ​និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន ​តែង​ផ្ដល់​ជា​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ ជា​ហូរហែ។ ថ្វី​បើ​លោក​តា ប្រាជ្ញ ឈួន ​បាន​លាចាក​លោក​ទៅ​ហើយ​ក្ដី ​តែ​ស្នាដៃ ​កេរ្តិ៍ឈ្មោះ​របស់​លោក​ មិន​សាប​សូន្យ​ទេ។

​តាម​សម្ដី​ក្រុម​គ្រួសារ ​សព​របស់​​បិតា​ចាប៉ី​ដង​វែង ​​នឹង​បូជា​​តាម​ប្រពៃណី​នៅ​ថ្ងៃ​នេះ ​វេ​លា​ម៉ោង​ ៥​ល្ងាច​ ​ នៅ​វត្ត​បទុម​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។ សម្រាប់​បុណ្យ​​សព​ គម្រប់​៧​ថ្ងៃ​របស់​ព្រឹទ្ធាចារ្យ ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ​ក្នុង​​ឃុំ​ខ្វាវ ​ស្រុក​ទ្រាំង ​ខេត្ត​តា​កែវ៕ ​

​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី