• 2018-11-28 02:13:11
  • ព័ត៌មាន

ទី​បំផុត Shawn ទទួល​ស្គាល់​ថា ពិត​ជា​បាន​ទាក់ទង Hailey មែន មុន​នាង​ភ្ជាប់​ពាក្យ​ជាមួយ Justin

  • 2018-11-28 02:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត តារា​ចម្រៀង Shawn Mendes បាន​សារភាព​ថា លោក​ពិត​ជា​បាន​ទាក់ទង​គ្នា​ជាមួយ​តារា​ម៉ូដែល Hailey Baldwin ត្រឹម​រយៈពេល​ខ្លី មុន​ពេល​នាង​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ Justin Bieber សា​ជា​ថ្មី​ ខណៈ ទទួល​ស្គាល់​ថា លោក​គួរ​តែ​​ទាក់ទង​នារី​ណា​ម្នាក់​ជា​សាធារណៈ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​និយាយ​ថា​លោក​ជា​ខ្ទើយ​ត​ទៅ​ទៀត។

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី Rolling Stone តារា​ចម្រៀង​វ័យ ២០ ឆ្នាំ​រូប​នេះ បាន​បើក​បង្ហាញ​ពី​ផល​លំបាក​របស់​លោក ជាមួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​ជា​ខ្ទើយ​នោះ។ ដោយ​សារ​តែ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ Shawn បាន​បញ្ជាក់​ថា លោក​បាន​ចំណាយ​ពេល​ធ្វើ​ការ​វាយ​តម្លៃ​លើ​ការ​និយាយ​ស្ដី និង​កាយវិការ​របស់​លោក​អំឡុង​ពេល​ធ្វើ​បទ​សម្ភាស រួម​ទាំង​អាន​សារ​មតិ​អ្នក​គាំទ្រ​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​ផ្លាស់ប្ដូរ​បាន​ខ្លះ។ ក្នុង​កិច្ច​សម្ភាស​នេះ​ដែរ លោក​បាន​និយាយ​ថា៖

“ក្នុង​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ចង់​ទាក់ទង​នារី​ណា​ម្នាក់​ជា​សាធារណៈ ដើម្បី​បញ្ជាក់​ប្រាប់​គ្រប់​គ្នា​ថា​ខ្ញុំ​មិន​មែន​ខ្ទើយ​ទេ។ ទោះ​បី​ខ្ញុំ​ដឹង​ថា ជា​ខ្ទើយ​គឺ​គ្មាន​អី​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​ផ្នែក​មួយ​នៃ​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​គិត​ទៅ​ផ្លូវ​ហ្នឹង​ដដែល។ ខ្ញុំ​ពិត​ជា​ស្អប់​ខ្លួន​ឯង​ ពេល​ដែល​គិត​បែប​នេះ"។

តារា​ចម្រៀង Shawn Mendes បាន​និយាយ​ដែរ​ថា ជីវិត​ស្នេហា​របស់​លោក បាន​ស្ថិត​ក្រោម​ការ​វិនិច្ឆ័យ​ច្រើន​នៅ​ក្នុង​ខែ ​ឧសភា ខណៈ​ពេល​ដែល​លោក​អញ្ជើញ​ចូលរួម​កម្មវិធី Met Gala ជាមួយ Hailey Baldwin នោះ។ ពួកគេ​មើល​ទៅ​បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង រហូត​ដល់​លេច​ពាក្យ​ចចាម​អារ៉ាម​ថា​ទាក់ទង​គ្នា​នោះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​ទាំង​២​រូប​នេះ បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ឡើយ ហើយ​នៅ​ពេល​នោះ​ដែរ Hailey ក៏​បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ជាមួយ​Justin Bieber សា​ជា​ថ្មី រហូត​ដល់​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​។

ទោះ​បី​ជា ឥឡូវ Shawn បាន​សារភាព​ថា លោក​និង Hailey គឺ​មាន​ទំនាក់ទំនង​លើស​ពី​មិត្ត​ពិត​មែន ប៉ុន្តែ​វា​ជា​ទំនាក់ទំនង​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​លោក​ក៏​បាន​ហៅ​ទំនាក់ទំនង​លោក​ថា​ជា "Zone of limbo” (ទំនាក់ទំនង​ដែល​អាច​​ជា​មិត្ត​ផង និង​លើស​ពី​មិត្ត​ផង)។ ម្ចាស់​បទ "In My Blood” រូប​នេះ ក៏​បាន​និយាយ​បន្ថែម​ដែរ​ថា លោក​និង Hailey គឺ​គ្មាន​រឿង​រ៉ាវ​រកាំរកូស​ជាមួយ​គ្នា​ឡើយ ហើយ​លោក​ក៏​ជូន​ពរ​ឲ្យ​នាង​ជួប​តែ​សំណាង​ល្អ​ជាមួយ​ជីវិត​ថ្មី ក្នុង​នាម​ជា​ស្ត្រី​ដែល​រៀបការ​ហើយ​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី