• 2018-12-03 07:04:02
  • ព័ត៌មាន

យាយកន្តែរ៉ែ ថ្ងូររឿងសិស្សចូលរៀនជំនាញល្ខោនខោលឆ្នាំនេះ មានប្រុសតិចបំផុត​

  • 2018-12-03 07:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ការ​ចូល​រៀន​ជំនាញ​មួយ​នេះ​មិន​គិត​ប្រាក់​ក្ដី ហើយ​ល្ខោនខោល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​ក្ដី​ហើយ​ក្ដី ចំនួន​សិស្ស​ដែល​បាន​ចូល​រៀន​ជំនាញ​នេះ ហាក់​មិន​មាន​ការ​កើន​ឡើង​ឡើយ​ពី​មួយ​ជំនាន់​ទៅ​១​ជំនាន់។ ជាង​នេះ​ទៅ​ទៀត សិស្ស​ប្រុស កាន់​តែ​មាន​​ការ​ធ្លាក់​ចុះ មិន​ដឹង​មូលហេតុ គួរឲ្យ​ព្រួយបារម្ភ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ ហង់ ភូមិរ៉ា ហៅយាយ​កន្តែរ៉ែ ដែល​ជា​ប្រធាន​ក្រុម​សិល្បៈ​យុវជន​​ល្ខោនខោល ជំនាន់​ថ្មី។

លោក​ ហង់ ភូមិរ៉ា ហៅយាយ​កន្តែរ៉ែ

លោក​ ហង់ ភូមិរ៉ា បាន​​បន្ត​ឲ្យ​ដឹង​ថា ​នៅ​រយៈ​ពេល​២ជំនាន់​ចុង​ក្រោយ​នេះ ចំនួន​សិស្ស​ប្រុស​ដែល​ចូល​រៀន​មាន​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង ដោយ​ក្នុង​១វគ្គ​មាន​សិស្ស​ប្រុស​ចូល​រៀន​ត្រឹម​ជាង​១០នាក់​ប៉ុណ្ណោះ ខណៈ​សិស្ស​ស្រី​មាន​អ្នក​ចូល​រៀន​រាប់​រយ​នាក់។ "៤ជំនាន់​មុន​ចំនួន​សិស្ស​ប្រុស សមាមាត្រ​នឹង​សិស្ស​ស្រី ប៉ុន្តែ​២វគ្គ​ចុង​ក្រោយ​នេះ​សិស្ស​ប្រុស​មាន​ជាង​១០​នាក់​​ប៉ុណ្ណោះ ក្នុង​១វគ្គ មិន​ទាន់​បើក​វគ្គ​ថ្មី​ទេ បើ​វគ្គ​ហ្នឹង​ចូល​រៀន​តិច​​ចឹង"លោក​ ហង់ ភូមិរ៉ា ហៅយាយ​កន្តែរ៉ែ ថ្លែង។

សិល្បករល្ខោនខោល កំពុងហាត់សម

ប្រធាន​ក្រុម​សិល្បៈ​រូប​នេះ​​លើក​ឡើង​ឲ្យ​​ដឹង​ទៀត​​ថា តាំង​ពី ក្រុម​សិល្បៈ​យុវជន​​ល្ខោនខោល ជំនាន់​ថ្មី​ បាន​បង្កើត​ក្នុង​ឆ្នាំ​២០១៦ ក្រុម​មួយ​នេះ​បាន​បង្រៀន​ជំនាញ​ល្ខោនខោល ដោយ​មិន​គិត​ថ្លៃ​​៦ជំនាន់​មក​ហើយ ​ក្នុង​មួយ​​ជំនាន់ៗ​មាន​សិស្ស​​ប្រុស​ស្រី​ចន្លោះ​២០០​ទៅ​៣០០​នាក់។ ជា​ទូទៅ​ពី​១វគ្គ​ទៅ​១វគ្គ ការ​រៀន​ធ្វើ​ឡើង​មាន​ចំនួន​៣ទៅ៤​ខែ ​ការ​បង្រៀន​មិន​ត្រូវ​បាន​គិត​ប្រាក់​ឡើយ ហើយ​សិស្ស​ច្បង​ដែល​ចេះ​អាច​ជួយ​បង្រៀន​សិស្ស​ប្អូន​ជំនាន់​ក្រោយ​បាន​ជា​បន្ត​បន្ទាប់​បាន។

យាយ​កន្តែរ៉ែ ថា សិស្ស​ដែល​មក​ចូល​រៀន​កន្លែង​របស់​លោក​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​​វ័យ ដោយ​ការ​រៀន​របស់​ពួក​គេ ក្នុង​គោលដៅ​ចង់​ស្វែង​យល់​ពី​សិល្បៈ​វប្បធម៌ និង​សូវ​ជា​ចង់​ក្លាយ​ជាអ្នក​សិល្បៈ​អាជីព​ឡើយ។ ចំពោះ​សមត្ថភាព​របស់​ពួក​គេ​អាច​សស្ដែង​បាន​ពី​៥០%​ទៅ​៦០% បើ​ធៀប​ទៅ​នឹង​សមត្ថភាព​ក្រុម​អាជីព។

សិល្បករល្ខោនខោល

ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី គឺ​ជា​ក្រុម​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​​បង្ហាត់​បង្រៀន​យុវជន​ឲ្យ​មាន​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​បុរាណ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​នូវ​ទម្រង់​សិល្បៈ​បុរាណ​មួយ​ទុក​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​។ ការ​ហាត់​ល្ខោន និង​របាំ​បុរាណ​ ជា​ចំណែក​​មួយ​ក្នុង​ការ​​ចូលរួម​អភិរក្ស​និង​ថែ​រក្សា​នូវ​សម្បត្តិ​វប្បធម៌​បន្សល់​ពី​ដូន​តា​យើង ដូច​នេះ​សម្រាប់​អ្នក​ដែល​ចង់​រៀន​ទម្រង់​ល្ខោន​ខោល​និង​របាំ​ក្បាច់​បុរាណ​ផ្សេង​ទៀត​អាច​ទាក់​ទង​​មក​ក្រុម​លោក​បាន​គ្រប់​ពេល៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់