- 2018-12-12 03:35:38
- ព័ត៌មាន
និយាយលេងសើចអី! ឡាយ លក្ខិណា ត្រូវគេចាប់ផ្គូជាមួយតារាចម្រៀងកាណាដា
- 2018-12-12 03:35:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយលេងសើចអី! ឡាយ លក្ខិណា ត្រូវគេចាប់ផ្គូជាមួយតារាចម្រៀងកាណាដា
ចន្លោះមិនឃើញ
នៅក្នុងបេសកកម្មនៅក្រៅប្រទេស ឡាយ លក្ខិណា ត្រូវបានគេចាប់ផ្គូជាមួយតារាចម្រៀងសញ្ជាតិកាណាដាម្នាក់ ដែលនេះជាយុទ្ធសាស្ត្រមួយរបស់ម្ចាស់ឧបត្ថម្ភដែលមានជំនឿថា នឹងជួយឲ្យតារាចម្រៀងទាំងពីរហក់លោតខ្លាំង ពិសេស ឡាយ លក្ខិណា ផ្ទាល់តែម្ដង។ នេះបើតាមអ្នកស្រី ចៅ សណ្ដាប់ ចាងហ្វាងផលិតកម្ម Sandap C Production អ្នកនាំលក្ខិណា ទៅពីកម្ពុជា។
តាមចាងហ្វាងផលិតកម្មដដែល តារាចម្រៀងប្រុសកាណាដារូបនោះ មានឈ្មោះថា Clarence ជាតារាចម្រៀងល្បីឈ្មោះមួយរូបនៅប្រទេសកំណើតរបស់គេ។ កិច្ចសហការរវាងតារាចម្រៀងខ្មែរ និងកាណាដា ទាំងពីរ អ្នកស្រី សណ្ដាប់ អះអាងថា នឹងប្រកាសជាចំហនៅក្នុងវិធីថ្ងៃទី ២៩ ធ្នូ ២០១៨ខាងមុខ។ "កម្មវិធីហ្នឹង ធ្វើដើម្បីអបអរឆ្នាំថ្មី ហើយយើងនឹងប្រកាសពីការចាប់ដៃគូគ្នារវាងពួកគេតែម្ដង។ ប៉ុន្តែពីនោះមក លក្ខិណា និង Clarence នឹងចាប់ផ្ដើមការងាររបស់ពួកគេ!”។
តាមផែនការ Clarence និងតារាស្រីទៅពីកម្ពុជា ឡាយ លក្ខិណា នឹងចាប់ផ្ដើមច្រៀងរួមគ្នាក្នុងបទចម្រៀងមួយបទនៅពេលមិនយូរខាងមុខ។ យ៉ាងណាចំណងជើងបទចម្រៀង នៅមិនទាន់ទម្លាយចេញជាផ្លូវការទេ។ ក្រៅពីនេះ លក្ខិណា ក៏នឹងមានបទចម្រៀងផ្ទាល់ខ្លួនមួយបទដែលត្រូវថតដែរ។
អតីតបុប្ផា៤ទង ឡាយ លក្ខិណា បានទៅដល់ប្រទេសកាណាដាកាលពីចុងខែតុលា ដើម្បីបេសកកម្មសិល្បៈរបស់នាង ជាមួយលោក នៅ ស៊ីនឿន។ យ៉ាងនេះក្ដី ការចាប់ផ្គូជាមួយតារាចម្រៀងកាណាដាខាងលើ ដើម្បីថតបទចម្រៀងអន្តរជាតិរួមគ្នា គឺជាហេតុផលចម្បងមួយដែលនាំវត្តមានតារាស្រីទៅដល់ទឹកដីអឺរ៉ុបមួយនេះ តាមការផ្ចុងផ្ដើមរបស់ Sandap C Production។
បើទោះជាបានទៅដល់ទឹកដីកាណាដាតាំងពីថ្ងៃទី ២៣ តុលា ២០១៨ ក្ដី ប៉ុន្តែចំណងកិច្ចសហការ លក្ខិណា និងតារាចម្រៀងកាណាដា ទើបគ្រោងនឹងប្រកាសនៅចុងខែនេះប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ អ្នកស្រី ចៅ សណ្ដាប់ បញ្ជាក់ថា ដោយសារតែ លក្ខិណា នៅជាប់ដៃជាមួយលោក នៅ ស៊ីនឿន បម្រើអារម្មណ៍បងប្អូនខ្មែរនៅទីនោះនៅឡើយ ក្នុងរយៈពេលកន្លងមក។ ដូច្នេះហើយ ទើបផែនការចាប់ផ្គូ លក្ខិណា និង Clarence ផ្លូវការ ត្រូវលើកមកធ្វើនាចុងខែនេះវិញ។
កម្មវិធីនោះ នឹងត្រូវប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន តុងប៉ោ នាថ្ងៃទី 29ខែ12ឆ្នាំ2018នៅទីក្រុង ម៉ុងត្រេអាល់ ប្រទេសកាណាដា។ “ក្រោយពីការប្រកាសពីការចាប់ដៃគ្នារវាង លក្ខិណា និង Clarence នៅរង្វង់ខែ១ឆ្នាំក្រោយនឹង ពួកគាត់នឹងចាប់ផ្ដើមថតបទចម្រៀងជាមួយគ្នា។ ដំបូងខ្ញុំឲ្យគាត់ច្រៀងជាមួយគ្នាជាភាសាបារាំង១បទសិន ហើយ លក្ខិណា ១បទ។ តាមផែនការរបស់ខ្ញុំ គឺឲ្យពួកគេ សហការជាមួយគ្នា ២-៣ដងក្នុង១ឆ្នាំ”។
សព្វថ្ងៃ លក្ខិណា និងដៃគូចម្រៀងកាណាដា កំពុងហាត់សមជាមួយគ្នា ត្រៀមធ្វើឲ្យសម្រាប់ការសម្ដែងជាមួយគ្នានៅថ្ងៃទី ២៩ ធ្នូ ខាងមុខ។ ដូច្នេះហើយអ្នកស្រី សណ្ដាប់ ស្នើបងប្អូនខ្មែរនៅកាណាដា ចូលរួមឱ្យបានច្រើនកុះករ និងរាំលេងសប្បាយទាំងអស់គ្នា៕