• 2018-12-13 03:33:56
  • ព័ត៌មាន

ធ្វើ​ថៅកែ​គ្រឿង​សង្ហារិម​មិន​អស់​ចិត្ត ដួង ម៉ាណា ងាក​ទៅ​ធ្វើ​ជា​ថៅកែ​ស្រី​មុខ​ជំនួញ​ថ្មី​មួយ​ទៀត

  • 2018-12-13 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ទូរទស្សន៍ ដួង ម៉ាណា ដែល​ប្រិយមិត្ត​មិន​សូវ​ឃើញ​មាន​សកម្មភាព​ក្នុង​ការងារ​សិល្បៈ​នោះ ប៉ុន្តែ​បាន និង​កំពុង​មមាញឹក​ក្នុង​ការងារ​ជំនួញ​ទៅ​វិញ ដែល​ថ្មី​ៗ ទើប​នឹង​បើក​ជំនួញ​ថ្មី​មួយ​ទៀត បន្ថែម​ពី​អាជីវកម្ម​លក់​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ។

អាជីវកម្ម​ថ្មី ដែល​គេ​ប្រទះ​ឃើញ​របស់​ពិធី​ការិនី​នោះ គឺ​ជា​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ ដោយ​យក​ឈ្មោះ​នាង​ប្រើ​ធ្វើ​ជា​ពាណិជ្ជ​នាម​តែ​ម្ដង គឺ "ដួង ម៉ាណា" ដែល​បាន និង​កំពុង​ចរាចរណ៍​ចូល​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ។ ម៉ាណា បញ្ជាក់​ថា នោះ​ជា​អាជីវកម្ម​ថ្មី​ជា​របស់​ផ្ទាល់​ខ្លួន​នាង​មែន។ តារា​ស្រី​ដែល​ទើប​នឹង​សម្រាល​បុត្រ​ប្រមាណ​ជិត​១​ឆ្នាំ ឲ្យ​ដឹង​ថា នាង​បាន​ដំណើរ​ការ​អាជីវកម្ម​ថ្មី​នេះ ប្រមាណ​ជាង ១​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​មុន​នាង​សម្រាល​បុត្រ​ទៅ​ទៀត។

“ខ្ញុំ​មាន​បង​ប្អូន​ម្នាក់ គាត់​រក​ស៊ី​ខាង​ហ្នឹង​យូរ​ដែរ​ហើយ ឃើញ​ថា​ល្អ អីចឹង​ក៏​សាក​ល្បង​ធ្វើ​តែ​ម្ដង​ទៅ!”។ ចំពោះ​ដើម​ទុន​សម្រាប់​បង្កើត​អាជីវកម្ម​ផលិត​ទឹក​បរិសុទ្ធ​នេះ ដួង ម៉ាណា ឲ្យ​ដឹង​ថា នាង​បាន​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ គឺ​ប្រមាណ​ជា ៣ម៉ឺនដុល្លារ​អាមេរិក។

បន្ទាប់​ពី​ដំណើរ​ការ​ជាង​១​ឆ្នាំ ទឹក​សុទ្ធ "ដួង ម៉ាណា" មិន​ទាន់​វាយ​លុក​ខ្លាំង​ក្នុង​ទីផ្សារ​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី ម្ចាស់​អាជីវកម្ម​វ័យ​ជិត​៣០​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា អាជីវកម្ម​របស់​នាង​ក៏​មិន​ខាត​ដែរ ដោយ​អាច​ទប់​ទល់​ការ​ចំណាយ​ផ្សេង​ៗ ក៏​ដូច​ជា​ថ្លៃ​ឈ្នួល​ពលកម្ម​របស់​បុគ្គលិក​ជា​ដើម​បាន។ ស្ថានភាព​នេះ ម៉ាណា លើក​ឡើង​ថា ជា​សញ្ញាណ​​ល្អ បើ​ទោះ​ជា​ទើប​បើក​បាន​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ដូច្នេះ​ហើយ នាង​រំពឹង អាច​នឹង​ផ្ដល់​ផល​កាន់​តែ​ល្អ​ថែម​ទៀត នៅ​ពេល​ខាង​មុខ។

បច្ចុប្បន្ន ដួង ម៉ាណា គឺ​ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​អប្សរា​ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​ជា កម្មវិធី​ប្រដាល់ កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ជា​ដើម។ យ៉ាង​ណា ក្នុង​នាម​ជា​បុគ្គលិក Freeland ម៉ាណា បាន​ដក​ឃ្លា​មួយ​រយៈ លំហែ​មាតុភាព និង​មិន​ទាន់​មាន​គម្រោង​ច្បាស់​លាស់​ថា នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ពេល​នា​នៅ​ឡើយ ស្រប​ពេល​បច្ចុប្បន្ន​នាង កំពុង​មមាញឹក​ក្នុង​ការ​មើល​ថែ​កូន​ដំបូង និង​អាជីវកម្ម​ផង។

ក្រៅ​ពី​អាជីព​សិល្បៈ បច្ចុប្បន្ន​ពិធី​ការិនី​ទូរទស្សន៍​ពូកែ​វោហារ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​គ្រប់​គ្រង​អាជីវកម្ម​ចំនួន​២ ទី​១ គឺ អាជីវកម្ម​លក់​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ ដែល​នាង​មាន​សិប្បកម្ម​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។ អាជីវកម្ម​នេះ ដំណើរ​ការ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​មក​ទល់​បច្ចុប្បន្ន ក៏​បាន​ឈរ​ជើង​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​ហើយ​ដែរ។ ដូច្នេះ​ហើយ ទើប​នាង​អាច​ដក​ឃ្លា​ទៅ​ធ្វើ​អាជីវកម្ម​ថ្មី។

ដោយ​ឡែក​អាជីវកម្ម​ទី​២ នាង​កំពុង​គ្រប់​គ្រង គឺ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​ខាង​លើ ដែល​នាង​ទើប​ដក​ឃ្លា​ពី​ការ​គ្រប់​គ្រង​ហាង​លក់​គ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ​យីហោ "ម៉ាណា ហ្វ័រនីឈ័រ" មក​បើក​ដំណើរ​ការ។ យ៉ាង​នេះ​ក្ដី មក​ទល់​បច្ចុប្បន្ន​ដោយ​សារ​ជាប់​កូន​តូច ម៉ាណា ប្រាប់​ថា នាង​មិន​បាន​គ្រប់​គ្រង​អាជីវកម្ម​ទាំង​ពីរ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​មួយ​ភាគ​ធំ គឺ​ស្វាមី​របស់​នាង រួម​នឹង​សាច់​ញាតិ​មួយ​ចំនួន​ទៀត ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​ជំនួស៕

អត្ថបទ៖ ទារិកា

មតិយោបល់