• 2018-12-17 08:25:00
  • ព័ត៌មាន

របាំ​ព្រះ​រាជ​ទ្រព្យ​នឹង​បង្ហាញ​ជូន​ទស្សនិកជន​ នូវ​អនុស្សាវរីយ៍​ឆ្នាំ​១៩០៦ ត្រលប់​មក​វិញ ​​

  • 2018-12-17 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ព្រះ​រាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​ នឹង​លើក​មក​សម្ដែង​ជូន​ទស្សនិកជន​ទាំង​អស់​បាន​ទស្សនា ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ដោយ​ច្នៃ​ចេញ​ពី​​សាច់​រឿង​ថ្មី ក្រោម​ចំណង​ជើង ​"​នាង​វឌ្ឍនា​ទេ​វី​" ​​ដឹក​នាំ​ដោយ​ ​សម្ដេច​ព្រះ​រាម ​នរោត្តម​ បុប្ផា​ទេ​វី ។

ការ​សម្ដែង​ដ៏​កម្រ​នេះ នឹង​ត្រូវ​បង្ហាញ​ជូន​ដោយ​នាដកា​​មាន​ទេពកោសល្យ និង​ជំនាញ​ប៉ិន​ប្រសប់​ ក្នុង​ការ​នាំ​យ​ក​ទម្រង់​សិល្បៈ​ដ៏​អស្ចារ្យ ព្រម​ទាំង​នាំ​អនុស្សាវរីយ៍​ឆ្នាំ ១៩០៦ ​ត្រលប់​មក​វិញ​។ ព្រឹត្តិការណ៍​នេះ ​មាន​គោល​បំណង​ដើម្បី​ផ្ដល់​ឱកាស​​ដល់​សាធារណជន និង​ជនបរទេស​ បាន​ទស្សនា​ការ​សម្ដែង​ និង​ស្វែង​យល់​អំ​ពី​ របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ ​ដែល​យក​នូវ​បែប​បទ​នៃ​ចលនា​ក្បាច់​រាំ សម្លៀកបំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​នាដកា ​តាម​លំនាំ​ឆ្នាំ​១៩០៦។​

​បើ​តាម លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ប្រាប់​ថា សម្ដេច​ព្រះ​រាម ​នរោត្តម ​បុប្ផា​ទេ​វី​ ​បាន​ដឹក​នាំ​និង​ហ្វឹក​ហាត់​អ្នក​របាំ​ សម្រាប់​ការ​សម្ដែង​នេះ​ដោយ​ផ្ទាល់​ ដើម្បី​ធ្វើ​ឲ្យ​ការ​សម្ដែង​ "​នាង​វឌ្ឍនា​ទេវី​"​ ​ផ្ដល់​ឲ្យ​ទស្សនិកជន​​ នូវ​បទ​ពិសោធន៍​ដ៏​រំភើប​​អស្ចារ្យ​ ​។​ អ្នក​ទស្សនា​ ​នឹង​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីតកាល​ ព្រម​ទាំង​ស្វែង​យល់​ពី​ពិភព​នៃ​រឿង​ព្រេង ​ដែល​ទាក់​ទង​​នឹង​ដើម​កំណើត​ប្រជាជន និង​វប្បធម៌​ខ្មែរ។

ម្យ៉ាង​ទៀត ការ​​រៀប​ចំ​នេះ ​ប្រើ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ​ដើម្បី​ប្រមូល​គំនិត​ បង្កើត​ជា​សាច់​រឿង​និទាន ​និង​ក្បាច់​រាំ​ ក្នុង​ការ​បង្ហាញ​ដំណើរ​រឿង ​"​នាង​វឌ្ឍនា​ទេ​វី​" ​តាម​រយៈ​ទម្រង់​សិល្បៈ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ។

ផ្ទាំង​ទស្សនីយភាព​នេះ នឹង​ចាប់​ផ្ដើម ​រយៈ ពេល​២​ថ្ងៃ ​គឺ​ ថ្ងៃ​ទី​១៨ និង​ ទី​១៩ ​ខែ​មករា ​២០១៩ នៅ​​សាល​មហោស្រព​ចតុមុខ វេលា​ម៉ោង ​៦​​:៣០ ​នាទី​ល្ងាច។ ដោយ​ឡែក ​​​ថ្ងៃ​សៅរ៍ ​ទី​១៩ ​ខែ​មករា ​ឆ្នាំ ​២០១៩ ​វេលា​ម៉ោង ​៣:៣០ រសៀល (​សម្រាប់​តែ​សិស្ស​ និស្សិត​ និង​មនុស្ស​អាយុ​ក្រោម​២៥​ឆ្នាំ​)។

​ចំពោះ​ទី​តាំង​លក់​សំបុត្រ​ លោក​អ្នក​អាច​ស្វែង​រក​នៅ​វិទ្យាស្ថាន​បារាំង ​នៅ​សាល​មហោស្រព​ចតុ​មុខ ឬ​ តាម​រយៈ​ ​Latsticket.asia ​នៅ​លើគេហទំព័រhttps://hello.last2ticket.com/event/1157/ ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់