• 2019-01-02 11:00:22
  • ព័ត៌មាន

គេ​ធ្វើ​ស៊ី? ជុំវិញ​ព័ត៌មាននាយិកា​ឌែម៉ូគ្លីនិក ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​សង្ស័យ​ពាក់​ព័ន្ធ​ថត​វីដេអូ​ភ្ញៀវ​ជំរិត​ទារ​ប្រាក់

  • 2019-01-02 11:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​នឹង​ធ្វើ​ឲ្យ​កក្រើក​ជាមួយ​ព័ត៌មាន​ការ​រៀបការ​ជាមួយ​សេដ្ឋី​លុយ​វាល់​លាន​ដុល្លារ​ជនជាតិ​ថៃ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ស្រាប់​តែ​រសៀល​នេះ មាន​ព័ត៌មាន​កក្រើក​ជា​ថ្មី​ទៀត​ថា អ្នក​ស្រី​នាយិកា ហូវ ដានេ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ថត​វីដេអូ​ភ្ញៀវ​ដែល​មក​ទទួល​សេវា​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​របស់​ខ្លួន ដើម្បី​ជំរិត​ទារ​ប្រាក់។

ការ​ឃាត់​ខ្លួន​នេះ តាម​បណ្ដឹង​របស់​ភាគី​ដើម​បណ្ដឹង​ម្នាក់​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​ពី​ឌែម៉ូគ្លីនិក​របស់​អ្នក​ស្រី ហូវ ដាណេ។ ជនរងគ្រោះ​ដែល​មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​នោះ បាន​ប្ដឹង​អ្នក​ស្រី ដាណេ ដោយ​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​ថត​វីដេអូ​ខ្លួន​ពេល​កំពុង​ទទួល​សេវា​ដេរ​ប្រដាប់​ភេទ ហើយ​យក​វីដេអូ​នោះ​មក​ជំរិត​ទារ​ប្រាក់។

តាម​ដំណើរ​រឿង បញ្ចេញ​ដោយ​សមត្ថកិច្ច និង​ចុះ​ផ្សាយ​ដោយ Swiftnewsdaily គឺ​ដំបូង​ឡើយ ភាគី​ដើម​បណ្ដឹង​បាន​ទទួល​សេវា​ដេរ​ប្រដាប់​ភេទ ឲ្យ​រួម​តូច(ធ្វើ​ក្រមុំ) ក្នុង​តម្លៃ​ចរចា​ពី​ដំបូង ៧០០ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយ​ពេល​រួច​រាល់ ខាង​មជ្ឈមណ្ឌល​បាន​ចេញ​វិក្កយបត្រ២​ផ្សេង​គ្នា​ដោយ​មួយ មាន​តម្លៃ ៧០០ដុល្លារ និង​មួយ​តម្លៃ ២៨ ០០០ដុល្លារ​អាមេរិក​ជាមួយ​ការ​អះអាង​ថា ជា​សេវា​ចាក់​ថ្នាំ​ផ្សេង​ៗ។

ភាគី​ខាង​មជ្ឈមណ្ឌល​កែ​សម្ផស្ស បាន​ទាមទារ​តម្លៃ​ក្នុង​វិក្កយបត្រ​ទី​២ ប៉ុន្តែ​ភាគី​ខាង​អ្នក​មក​ទទួល​សេវា សុំ​ត្រឹម ២ ០០០​ដុល្លារ។ យ៉ាង​ណា ខាង​មជ្ឈមណ្ឌល ទាមទារ ៨ ០០០​ដុល្លារ បើ​មិន​ដូច្នេះ​នឹង​បង្ហោះ​វីដេអូ​របស់​អ្នក​រង​គ្រោះ​ជា​សាធារណៈ។ តាម​សាច់​រឿង​នេះ ភាគី​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​នាយិកា​រូប​នេះ។

រូបភាព អ្នក​ស្រី​ចូល​ខ្លួន​បំភ្លឺ​ដល់​សមត្ថកិច្ច​កន្លង​មក

ជុំ​វិញ​ករណី​នេះ មិន​ទាន់​មាន​ការ​អធិប្បាយ​ណា​មួយ​ពី​ភាគី​ដែល​ជាប់​សង្ស័យ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជាមួយ​គ្នា មាន​លេច​ដំណឹង​មក​ថា ករណី​ខាង​លើ គឺ​ជា​ករណី​ស៊ី​ឡាក់(ធ្វើ​ស៊ី) ទៅ​វិញ។ យ៉ាង​ណា ប្រភព​កំបាំង​មុខ មិន​បាន​អធិប្បាយ​លម្អិត​ពី​ករណី​នេះ​ទេ។

ប៉ុន្តែ​តាម Swiftnewsdaily សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី ហូវ ដានេ បាន​សារភាព​ថា រាល់​ពេល​ភ្ញៀវ​មក​ទទួល​យក​សេវា តែង​មាន​ការ​លួច​ថត​វីដេអូ​ពិត​មែន។

យ៉ាង​ណា​ក៏​ដោយ តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល អះអាង​ថា អ្នក​ស្រី មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ដូច​ការ​ចុះផ្សាយ​នោះ​ទេ ហើយ​ថា រូបភាព​អ្នក​ស្រី ហូវ ដានេ អង្គុយ​ទល់​មុខ​សមត្ថកិច្ច​នោះ គឺ​ជា​រូបភាព​ចាស់ ដែល​អ្នក​ស្រី បាន​ចូល​ខ្លួន​បំភ្លឺ​កន្លង​មក​ប៉ុណ្ណោះ។ ប្រភព​បង្ហើប​ទៀត​ថា មេធាវី​របស់​អ្នក​ស្រី​កំពុង​ធ្វើ​ការ​លើ​រឿង​នេះជាមួយ​សមត្ថកិច្ច ហើយ​អ្នក​ស្រី ហូវ ដានេ គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆាប់​ៗ​ពី​ករណី​នេះ​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់