• 2019-01-10 02:11:48
  • ព័ត៌មាន

ភ្ញាក់​ផ្អើល! លី ច័ន្ទសីហា ទម្លាយ​រឿង​លែង​លះ​ប្ដី​ ចំ​ថ្ងៃ​ខួប​​កំណើត​ដំបូង​របស់​កូន​ស្រី

  • 2019-01-10 02:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណែង​ស្នេហ៍​របស់​តារា​ស្រី អ្នក​នាង លី ច័ន្ទសីហា ជា​មួយ ច័ន្ទ ថៃសេង ដែល​ជា​​មន្ត្រី​យោធា​ បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ​ដោយ​ការ​បែក​​បាក់​​ដែល​​លែងលះ​បាន​កើត​ឡើង​ជាង​​១ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដំណឹង​នេះ មិន​ត្រូវ​បាន​ទម្លាយ​ចេញ ទើប​​តែ​នៅ​យប់​មិញ​នេះ ភាគី​ខាង​ស្រី​បាន​ទម្លាយ​នៅ​ក្នុង​ខួប​កូន​តែ​ម្ដង។

អ្នក​នាង លី ច័ន្ទសីហា បាន​ថ្លែង​​ឲ្យ​ដឹង​ថា ខ្លួន​បាន​លែងលះ​ស្វាមី​តាំង​ពី​កូន​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ មូលហេតុ​រស់​នៅ​មិន​ចុះ​សម្រុង​និង​គ្នា។ ចំណុច​១​ចម្បង​ដែល​នាំ​ឲ្យ​រស់​នៅ​មិន​ចុះ​សម្រុង​និង​គ្នា​នោះ​ នាង​ថា អតីត​ស្វាមី​ជា​មនុស្ស​ចូល​ចិត្ត​ដើរ​ហើរ​ច្រើន មាន​ស្រី​ខាង​ក្រៅ មិន​គិត​ប្រពន្ធ​ដែល​កំពុងតែ​ពពោះ​ក្នុង​ផ្ទៃ ទ្រាំ​មិន​បាន​ក៏​ចែក​​ផ្លូវ​គ្នា​តែ​ម្ដង​ទៅ។

ជា​មួយ​គ្នា​នោះ​ដែរ មុន​​ការ​លែង​លះ​​នេះ លី ច័ន្ទ​សីហា ប្រាប់​ថា ឪពុក​ម្ដាយ​ទាំង​សង​ខាង​ក៏​បាន​ព្យាយាម​សម្របសម្រួល​ដែរ ប៉ុន្តែ​​ខ្លួន​មិន​អាច​ទទួល​យក​បាន ក៏​សម្រេច សុំ​ចែក​​​ផ្លូវ​តែ​ម្ដង ដោយ​នាង​គឺ​ជា អ្នក​សុំ​ចែក​ផ្លូវ​គ្នា​មុន។ ការ​លែង​លះ​នេះ មិនមែន​​ធ្វើ​ឡើង​ត្រឹមតែ​ចាស់ៗ​សង​ខាង ឬ ត្រឹម​ថ្នាក់​ចៅ​សង្កាត់​ទេ គឺ​លែង​លះ​ដល់​តុលាការ​តែ​ម្ដង និង​បាន​ចេញ​សាលក្រម​​ត្រឹមត្រូវ ដោយ​សាលក្រម​ស្ថាពរ​ បាន​ចេញ​ជាង​១ឆ្នាំ​រួច​មក​ហើយ។

អ្នក​នាង លី ច័ន្ទសីហា សូម​មិន​ធ្វើ​ការ​​អធិប្បាយ​ច្រើន​ជាង​នេះ​ទេ ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ។ ​តាម​ដំណឹង​ក្រៅ​ផ្លូវ​ការ​អតីត​ស្វាមី​នាង មាន​ប្រពន្ធ​កូន​​ថ្មី​ហើយ ដោយ​ក្នុង​នោះ​ថែម​ទាំង​មាន​កូន​​ត្រៀម​នឹង​សម្រាល​ថែម​ទៀត​ផង។ យ៉ាង​ណា នេះ​ជា​ព័ត៌មាន​តែ​ម្ខាង ខណៈ​ភាគី​ខាង​លោក ថៃ​សេង មិន​ទាន់​អាច​ទំនាក់ទំនង​បាន ជុំ​វិញ​ការ​លើក​ឡើង​របស់​អតីត​ភរិយា លី ច័ន្ទ​សីហា នេះ។

លី ច័ន្ទសីហា និង អតីត​ស្វាមី គឺ​លោក ច័ន្ទ ថៃសេង បាន​រៀប​ការ​ជា​មួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ ឧសភា ​ឆ្នាំ​២០១៧ កន្លង​ទៅ​​ បន្ទាប់​ពី​ស្គាល់​​​និង​សិក្សា​ចិត្ត​គ្នា​ជាង​៦ឆ្នាំ។ ចំណែង​អាពាហ៍ពិពាហ៍​ជា​មួយ​មន្ត្រី​យោធា​ខាង​លើ បាន​​ទទួល​កូន​ស្រី​ម្នាក់​មាន​វ័យ​១ឆ្នាំ​កាល​ពី​ម្សិល​មិញ​នេះ ដោយ​​កូន​ស្រី​រូប​នេះ លឺ ច័ន្ទ​សីហា ជា​អ្នក​គ្រប់គ្រង ។

ក្នុង​ពិធី​ខួប មិន​ឃើញ​មាន​​អតីត​ស្វាមី​​ក៏​ដូច​ជា អតីត​ឪពុក​ម្ដាយ​ក្មេក​មក​ចូល​រួម​​ឡើយ គឺ​មាន​តែ​​សាច់ញាតិ​និង​មិត្តភ័ក្ដិ​ស្និត​ខាង​នាង​ប៉ុណ្ណោះ។ ដោយសារតែ​កូន​នៅ​ក្មេង​ពេក ហើយ​​រវល់​ការងារ​រក​ស៊ី​ជា​ច្រើន​មុខ​ផង​នោះ តារា​ស្រី​ដែល​ជា​ជាប់​ងារ​ជា តារា​ទឹក​ភ្នែក​ខាង​លើ ប្រាប់​ថា មិន​ទាន់​គិត​រឿង​ស្នេហា​បន្ត​ទៀត​ឡើយ ៕

អត្ថបទ៖ ស៊ុត ហួត

មតិយោបល់
អត្ថបទថ្មី