• 2019-01-31 08:10:00
  • ព័ត៌មាន

ត្រឹម​១៧​ឆ្នាំ​សោះ ប៉ុន្តែ​វិចិត្រករ​គំនូរ​ម្នាក់​នេះ​មាន​ថ្វី​ដៃ​ល្អ​មិន​សរសើរ​មិន​បាន

  • 2019-01-31 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​គូរ​គំនូរ​តាំង​ពី​អាយុ​ ៧​ ៨ឆ្នាំ ពេល​នេះ យាន សុខ​ហេង​ បាន​ក្លាយ​ខ្លួន​ជា​វិចិត្រករ​ម្នាក់​នៅ​ក្នុង​ស្រុក​ ​ដែល​​មាន​ទឹក​ដៃ​ល្អ​និង​​មាន​ទម្រង់​គំនូរ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មិន​សរសើរ​មិន​បាន។

សព្វ​ថ្ងៃ​នេះ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទម្រង់​សិល្បៈ​គំនូរ​គឺ​មិន​សូវ​ជា​ទទួល​បាន​ការ​គាំទ្រ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ស្រលាញ់​វិស័យ​នេះ​នៅ​តែ​​តស៊ូ​និង​បង្កើត​នូវ​អ្វី​ថ្មីៗ​ជានិច្ច។​ ជាក់​ស្ដែង​​ សុខ​ហេង ​វិចិត្រករ​​គំនូរ​ត្រឹម​វ័យ​១៧​ឆ្នាំ បាន​ឆ្លង​កាត់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន ដើម្បី​សម្រេច​គោល​បំណង​តាំង​ពី​ក្មេង​ដោយ​ចង់​ក្លាយ​ជា​សិល្បករ​គំនូរ​មួយ​រូប។

​​៉ខ្ញុំ​ចាប់​ផ្ដើម​គូរ​គំនូរ​ផ្លូវ​ការ​ថ្មី​ៗ​នេះ​ទេ គឺ​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ រហូត​ដល់​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​១០​ ក៏​ចាប់​ផ្ដើម​អាជីព​នេះ​ជា​ផ្លូវ​ការ​តែ​ម្ដង ហើយ​ៗ​ជំនាញ​បច្ចេកទេស​អ្វីៗ​​គឺ​រៀន​ដោយ​ខ្លួន​ឯង​ទាំង​អស់។" សុខ​ហេង បាន​បង្ហើប​ពី​ប្រភេទ​គំនូរ​ដែល​ជា​ស្ទីល​​/រចនា​បទ​របស់​ខ្លួន​ថា ជា​មនុស្ស​ប៉ុន្តែ​ក្បាល​ជា​សត្វ​ គឺ​ដោយ​ចង់​បង្ហាញ​ថា​ជីវិត​សត្វ​និង​មនុស្ស​គឺ​មាន​តម្លៃ​ស្មើ​គ្នា​​។ មនុស្ស​មិន​រអា​នឹង​សម្លាប់​សត្វ​ ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ប្រៀប​ដូច​ជា​សត្វ​សម្លាប់​សត្វ​គ្នា​ឯង​ដើម្បី​ចិញ្ចឹម​ជីវិត​ដូច​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​ក្នុង​រូប​គំនូរ​នីមួយ​ៗរបស់​ សុខ​ហេង សុទ្ធ​តែ​មាន​អត្ថន័យ​ដាច់​ដោយ​ឡែក​ពី​គ្នា។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ វិចិត្ររូប​នេះ​ក៏​ធ្លាប់​មាន​ពិពរណ៍​ផ្ទាល់​ខ្លួន​ម្ដង​រួច​មក​ហើយ​នៅ​ Bong Gallery សម្រាប់​បណ្ដា​រូប​គំនូរ​ «The Guardians» ដោយ​មាន​បណ្ដា​អ្នក​ចូលរួម​ទស្សនា​ច្រើន គួរ​ឲ្យ​កត់​សម្គាល់។

ទោះ​បី​ជា​ខ្លួន​មាន​ភាព​ក្មេង​ខ្ចី​ក្នុង​វិស័យ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​វិចិត្រករ​វ័យ​ក្មេង​​រូប​នេះ បញ្ជាក់​ប្រាប់​ Sabay ថា​ខ្លួន​ពេញ​ចិត្ត​នឹង​ការងារ​ក្នុង​វិស័យ​នេះ​ នឹង​បន្ត​​ធ្វើ​វា​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​នៅ​អនាគត។​ "ហ្នឹង​ហើយ​បង ខ្ញុំ​នឹង​នៅ​តែ​បន្ត​គួរ​គំនូរ​​បែប​នេះ ហើយ​ក៏​នៅ​តែ​បន្ត​ស្វែង​រក​តិចនិក​ថ្មីៗ​ ព្រម​ទាំង​ប្រឡូក​ក្នុង​វិស័យ​​រចនា​ក្រាហ្វិក ព្រម​ទាំង​ហ្វេសិន​សម្លៀក​បំពាក់​ផង​ដែរ។"

ដោយ​សារ​តែ​ខ្លួន​ជា​អ្នក​សិល្បៈ​វ័យ​ក្មេង​រូប​នេះ ប្ដេជ្ញា​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​អភិវឌ្ឍន៍​ខ្លួន​ឯង​ជានិច្ច ដើម្បី​បង្កើត​នូវ​អ្វី​ថ្មីៗ​ ប្រទេស​កម្ពុជា​មិន​ដែល​ឃើញ​ពី​មុន​មក​ក៏​ដូច​ជា​ផ្ដល់​កម្លាំង​ចិត្ត​និង​ជា​ឧទាហរណ៍​ល្អ​ ទៅ​ដល់​អ្នក​ស្រលាញ់​វិស័យ​នេះ​ជំនាន់​ក្រោយ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់