• 2019-03-11 07:54:42
  • ព័ត៌មាន

«វង្សត្រកូលកំសត់» ល្ខោននិយាយល្បីខ្លំាងក្នុងទសវត្សរ៍ ៦០ នឹង​បង្ហាញ​ខ្លួន​ជាថ្មីក្នុងពេលឆាប់ៗ

  • 2019-03-11 07:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឱ្យប្រជាជនខ្មែរទស្សនា ក៏ដូចជា ឧទ្ទិសដល់លោកសាស្ត្រាចារ្យវីរៈសិល្បករ ដែលបានបន្សល់ទុកស្នាដៃទាំងនេះ សំរាប់សិល្បករជំនាន់ក្រោយល្ខោននិយាយដ៏ល្បីល្បាញគឺ រឿង «វង្សត្រកូលកំសត់» នឹងត្រូវរៀបចំសម្ដែងនៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

រូបភាពសកម្មភាពហាត់សមសម្តែងរឿង វង្សត្រកូលកំសត់

លោកសាស្រ្តាចារ្យ អន បញ្ញា អ្នកបណ្តុះបណ្តាលល្ខោននាដកម្ម និងជាអ្នកដឹកនាំការសម្តែងរឿង «វង្សត្រកូលកំសត់» បានឱ្យដឹងថាអត្ថន័យរឿងល្ខោនមួយនេះមិនចាញ់ «ថៅកែចិត្តចោរ» ឬរឿង «ពូហំ អ្នកបរឡាន» ដែលសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងអង្គការសកម្មភាពសិល្បៈ ធ្លាប់បានដំឡើងសម្តែងកាលពីឆ្នាំកន្លង។

លោកសាស្រ្តាចារ្យ អន បញ្ញា

ជាក់ស្តែងល្ខោននិយាយ «រឿងវង្សត្រកូលកំសត់» នេះជាស្នាដៃនិពន្ធដោយកវីល្បីឈ្មោះ លោក ហង្ស ធន់ហាក់។ រឿងនេះមានភាពល្បីល្បាញខ្លាំង រហូតដល់ពេញផ្ទៃប្រទេស នៅក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៦០។ ប៉ុន្តែក្នុងជំនាន់ក្រោយៗមក កូនខ្មែរមួយចំនួនធំ ពុំបានដឹង ឬធ្លាប់ទស្សនា ទើបល្ខោននិយាយ «រឿងវង្សត្រកូលកំសត់» ដ៏ល្អឯកមួយនេះ ត្រូវបានអង្គការសកម្មភាពសិល្បៈ សហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ រៀបចំសម្ដែងសាជាថ្មី។ នេះបើតាមការរៀបរាប់ឱ្យដឹងពី លោក សួង សុភ័ក្រ្ត ផលិតកររៀបចំកម្មវិធី សម្តែងល្ខោននិយាយមួយនេះ។

លោក កែវ រដ្ឋា

លោក កែវ រដ្ឋា សិល្បករជើងចាស់ ក៏ដូចជាតួឯក ពូហំ ក្នុងរឿង «ថៅកែចិត្តចោរ» ដែលនឹងសម្តែងជាតួឯកម្នាក់ទៀតក្នុង រឿង «វង្សត្រកូលកំសត់» នេះបានផ្តល់សម្ភាសឱ្យដឹងដែរថា រឿង «វង្សត្រកូលកំសត់» មានខ្លឹមសារអប់រំ ពោលគឺចង់បានបង្ហាញនូវការខ្វែងគំនិតដែលធ្វើឲ្យជីវិតវង្សត្រកូលមួយមិនមានសុភមង្គល។ ប៉ុន្តែ គុណធម៌ និងការផ្សះផ្សាយល់ចិត្តគ្នា បានធ្វើឱ្យវង្សត្រកូលមួយនេះបញ្ចប់ការខ្វែងគំនិត ហើយកសាងអនាគតមួយដ៏ត្រចះត្រចង់។

លោក កែវ រដ្ឋា ក៏ដូចជាអ្នកគ្រូលោកគ្រូ និងក្រុមអ្នកផលិតល្ខោននិយាយមួយនេះ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន នឹងចូលរួមទស្សនា ដើម្បីបង្ហាញការគាំទ្រដល់ស្នាដៃវីរៈសិល្បករជំនាន់ដើមរបស់យើង។ ល្ខោននិយាយរឿង «វង្សត្រកូលកំសត់» នេះ នឹងចាប់សម្ដែងចាប់ពីថ្ងៃ២៣ ដល់២៤ មីនា នាសាលសន្និសីទ ចតុម្មុខ៕

ខាងក្រោមនេះជាវីដេអូ បទយកការណ៍ ស្តីពីល្ខោននិយាយរឿង «វង្សត្រកូលកំសត់»

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី