• 2019-03-16 07:28:43
  • ព័ត៌មាន

ប៉ុន្មាន​ឆ្នាំ​មក​នេះ យូរី ផ្ទុះ​បទ​សម្រាប់​រដូវ​ចូល​ឆ្នាំ​រហូត ឥឡូវ​ចាំ​មើល​​ឆ្នាំ​នេះ!

  • 2019-03-16 07:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​មិត្ត​រួម​អាជីព​នៅ​ផលិតកម្ម​ផ្សេង ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មាន​ការ​កត់​សម្គាល់​ថា តារា​ចម្រៀង យូរី របស់​សាន់ដេ ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​នា​រដូវ​ចូល​ឆ្នាំ ស្រប​ពេល​ដែល​បទ​ចម្រៀង​នាង​ភាគ​ច្រើន​ចេញ​ដើម្បី​អបអរ​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ ផ្ទុះ​ស្ទើរ​គ្រប់​បទ​តែ​ម្ដង។

បទ​ថ្មី​របស់ យូរី ដែល​ចេញ​សម្រាប់​រដូវ​ចូល​ឆ្នាំ​កន្លង​មក​នោះ មាន​ដូច​ជា​បទ "ចាក់​ទឹក​ដូង" ល្បី​ឆ្នាំ ២០១៦ "នំប៉័ង​ប៉ាតេ" និង​បទ "រាំ​ស្កុប" ជា​ដើម​ដែល​ល្បី​ក្នុង​ឆ្នាំ ២០១៧។ បទ​ទាំង​នោះ សុទ្ធ​ជា​បទ​ញាក់ និង​រមែង​លឺ​បង​ប្អូន​ប្រជាពលរដ្ឋ​ចាក់​នៅ​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ឱកាស​នេះ ក៏​ដូច​ជា​កន្លែង​ដែល​មាន​ការ​ជួប​ជុំ​សប្បាយ។

ក្រៅ​ពី​នេះ ក៏​មាន​អ្នក​យក​ច្រៀង​តាម(Cover)ហូរហែ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ពេញ​និយម​មួយ​នា​រដូវ​សប្បាយ​ៗ​នេះ។ ប៉ុន្តែ​ជាមួយ​គ្នា បទ​ចម្រៀង​មនោសញ្ចេតនា​របស់​នាង ក៏​ស្ងប់​ស្ងាត់​ដែរ។ បញ្ហា​នេះ សាមី​ខ្លួន​បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​ទទួល​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​បទ​ញាក់ ជាជាង​បទ​មនោសញ្ចេតនា​ពិត​មែន។

យូរី ថ្លែង ៖ "ចាស...ភាគ​ច្រើន​បង​ប្អូន គាត់​ចូល​ចិត្ត​តាម​ដាន​យូរី តាម​រយៈ​​បទ​ញាក់ តែ​បើ​បទ​ស្លូៗ គឺ​​ធម្មតា​ៗ​ទេ តែ​បើ​បទ​ញាក់​វិញ គឺ​ពួក​គាត់​តាម​ដាន​យូរ​ច្រើន​ជាង"។ ដោយ​សារ​តែ​បែប​នេះ តារា​ចម្រៀង​ស្រី បញ្ជាក់​ថា ឲ្យ​តែ​រដូវ​បុណ្យ​ចូល​ឆ្នាំ ឬ​ភ្ជុំ បទ​នាង​ភាគ​ច្រើន ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ព្រោះ​សុទ្ធ​ជា​បទ​ញាក់ ត្រូវ​នឹង​អ្នក​គាំទ្រ​នាង ចូល​ចិត្ត​បទ​សប្បាយៗ។

វិល​មក​ឆ្នាំ ២០១៩ នេះ យូរី បាន​បង្ហើប​ថា នាង​ក៏​ទើប​នឹង​បទ​ថ្មី​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​ដែរ។ បទ​នោះ មាន​ចំណង​ជើង​ថា បទ "រាំ​ទយ" កំពុង​ទទួលការ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ។ យូរី បញ្ជាក់​ថា បើ​​គិត​ត្រឹម​រយៈ​១​សប្ដាហ៍​ដំបូង​បន្ទាប់​ពី​ចេញ ធៀប​នឹង​បទ​ប៉ុន្មាន​ខាង​លើ "រាំ​ទយ" ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​ទៅ​ទៀត។

“បើ​និយាយ​រយៈ​ពេល​ដូច​គ្នា​ណា​បង រាំ​ទយ ចេញ​តែ​មួយ​អាទិត្យ​មាន​អ្នក​ចូល​មើល ដល់​ទៅ​៣​លាន​ដង​បាត់​ហើយ បទ​ចាស់ៗ​បាន​ត្រឹម ២លាន​ទេ!”។ ដូច្នេះ​ហើយ យូរី រំពឹង​ថា នឹង​បំបែក​កំណត់​ចាស់​បទ​ទាំង​ប៉ុន្មាន​ខាង​លើ ពេល​ផុត​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្រៅ​ពី​មាន​អ្នក​មើល​ច្រើន ចំនួន​អ្នក​ច្រៀង​តាម(Cover) ក៏​មាន​ចំនួន​ច្រើន​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​តារា​ចម្រៀង​ស្រី៕

អ្នក​គាំទ្រ​នាំ​គ្នា Cover បទ​ "រាំ​ទយ" របស់ យូរី និង BMO

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់