• 2019-04-10 09:03:10
  • ព័ត៌មាន

អត់​បាន​សប្បាយ​ក្នុង​ស្រុក​ទេ រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ បញ្ញា សិទ្ឋិ ជាប់​ទៅ​អូស្ត្រាលី រក​ថវិកា​កសាង​វត្ត

  • 2019-04-10 09:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង​វ័យ​ក្មេង បញ្ញា សិទ្ឋិ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​សំដៅ​ទៅ​ប្រទេស​អូស្ត្រាលី ជា​ទី​ដែល​លោក​ត្រូវ​ធ្វើ​បេសកកម្ម​សិល្បៈ រក​ថវិកា​ទៅ​ជួយ​កសាង​វត្ត​ខ្មែរ​មួយ​នៅ​ស្ថិត​នៅ​លើ​ទឹក​ដី​សត្វ​កង់ហ្គូរូ​នេះ។

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ប៉ុន្តែ​ជា​ដំណើរ​បេសកកម្ម​ថ្មី​មួយ​ទៀត បន្ទាប់​លោក​ធ្លាប់​បាន​សម្ដែង​ច្រើន​ដង​រួច​មក​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន លោក​ជាប់​កុង​ត្រា​សម្ដែង​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​ហើយ​ឱកាស​នេះ​រយៈ​ពេល​៣​ខែ​ឯណោះ ដោយ​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​នោះ លោក​នឹង​មិន​មាន​វត្តមាន​បម្រើ​អារម្មណ៍​ទស្សនិកជន​ក្នុង​ស្រុក​នោះ​ទេ។

លោក​អះអាង​ថា មាន​ចិត្ត​អាឡោះអាល័យ​ប្រទេស​កំណើត​ណាស់ ពេល​ត្រូវ​ចាក​ចេញ​ក្នុង​កាលៈទេសៈ​បែប​នេះ។ បេសកកម្ម​សិល្បៈ​ធំ​បំផុត​របស់​តារា​ប្រុស​សាច់​ស​រូប​នេះ គឺ​ដើម្បី​កៀរគរ ប្រមូល​បច្ច័យ​សម្រាប់​ទុក​កសាង​ព្រះ​វិហារ​ខ្មែរ​មួយ​នៅ​អូស្ត្រាលី​នេះ ដោយ​វត្ត​នោះ​មាន​ឈ្មោះ​ថា វត្ត "សិរី​ជុំ" ស្ថិត​ក្នុង​ទី​ក្រុង​ម៉ែលប៊ន។

"​ថវិកា​ដែល​រក​បាន​ពី​ការ​សម្ដែង​ពួក​យើង គឺ​នឹង​ប្រើ​ប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ដូចជា​ព្រះពុទ្ធសាសនា​យើង ក្នុង​នោះ មាន​ទាំង​ជួយ​កសាង​វត្ត​មួយ​ផង គឺ​វត្ត "សិរី​ជុំ" នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្រុង​មែល​ប៊ន​ហ្នឹង​តែ​ម្ដង"​។ បញ្ញា សិទ្ធិ ថ្លែង។

បញ្ញា សិទ្ឋិ បាន​ចូល​រួម​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​អូស្រ្តាលី ក្រុង​ម៉ែលប៊ន បាន​មួយ Show រួច​មក​ហើយ ដោយ​ក្នុង​នោះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា សន្ទុះ​គាំទ្រ​របស់​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ មាន​ចំនួន​ច្រើន​តែ​ម្ដង ពោល​គឺ ពួក​គេ​បាន​ចូល​រួម​ទស្សនា​រាំ​កម្សាន្ត​ពេញ​សាល​ ជា​មួយ​នឹង​ការ​ស្វាគមន៍​យ៉ាង​រាក់​ទាក់។

តាម​ការ​អះអាង​របស់​សាមី​ខ្លួន ក្នុង​រយៈ​ពេល ៣ខែ​ក្នុង​បេសកកម្ម​សិល្បៈ​លើក​នេះ លោក​មិន​សម្ដែង​តែ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ទេ ប៉ុន្តែ​លោក​ក៏​នឹង​ឈាន​ទៅ​ដល់​​ប្រទេស​ជិត​ខាង​ខ្លះ​ទៀត ដូច​ជា​ប្រទេស​នូវែលហ្សេឡង់ ជា​ដើម។ លោក​ថា ធ្វើ​យ៉ាង​នេះ ដើម្បី​ប្រមូល​ថវិកា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន ដើម្បី​ទុក​បម្រើ​រាល់​សេចក្ដី​ត្រូវ​ការ លើ​ការ​កសាង​វត្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រួម​ទាំង​វិស័យ​ព្រះ​ពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ៕

រូបភាព៖ ផ្ដល់​ដោយ បញ្ញា សិទ្ធិ

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់