• 2019-04-24 03:05:10
  • ព័ត៌មាន

ដូច​គ្នា​នឹង​នាយ តាក់ស៊ី ឪពុក ស៊ិន ឧត្តម​ផល្លា បាន​ចេញ​ពី​ផ្ទះ ទៅ​ថ្វាយ​ខ្លួន​ព្រះធម៌​បាត់​ហើយ

  • 2019-04-24 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ប្រិយមិត្ត​កំពុង​តក់​ស្លុត​នឹង​ដំណឹង​បោះបង់​សិល្បៈ រត់​ទៅ​ជ្រក​ក្រោម​ព្រះធម៌ របស់​នាយ តាក់ស៊ី ស្រាប់​តែ​មាន​ដំណឹង​ថា ឪពុក​របស់​តារា​ចម្រៀង ស៊ិន ឧត្ដម​ផល្លា បាន​ចាក​ចេញ​ពី​ផ្ទះ​​ទៅ​ស្នាក់​នៅ​រៀន​ធម៌​នៅ​វត្ត​ទៅ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តារា​ស្រី។

ដំណឹង​នេះ ស៊ិន ឧត្តម​ផល្លា បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ជាមួយ​គ្នា ប៉ុន្តែ​មុន​បន្តិច​ជាមួយ​វេលា ដែល​នាយ តាក់ស៊ី បាន​ប្រកាស​ពី​គម្រោង​ចាកចេញ​ពី​សិល្បៈ។ ឪពុក​របស់​ថៅកែ​ហាង​លក់​គ្រឿង​បុណ្យ "ឧត្តម ឧត្តម" មាន​ឈ្មោះ ស៊ិន ហាំ ក្នុងវ័យ៧០ឆ្នាំ មក​ដល់​ពេល​នេះ​អ្នកមាន​គុណ​រូប​នេះ បាន​ទៅ​ស្នាក់​នៅ​វត្ត​ឧត្ដុង្គ​ទី​ដែល​លោក​មាន​កុដិ​មួយ​ផ្ទាល់​ខ្លួន​រួច​ស្រេច ដើម្បី​រៀន​ធម៌ បាលី​ទាំង​ឡាយ។

យ៉ាង​ណា​ក៏​ដោយ លោក​មិន​ទាន់​បួស​ភ្លាម​ៗ​នោះ​ទេ។ "ដំបូង​ៗ​អីចឹង​គាត់​អត់​ទាន់​បួស​ភ្លាម​ៗ​ទេ ប៉ុន្តែ​ឥឡូវ​ហ្នឹង​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ហើយ គឺ​គាត់​ទៅ​រៀន​ធម៌​រៀន​អី​ហ្នឹង​ណា រហូត​ដល់​១​ឆ្នាំ​ក្រោយ បាន​គាត់​បួស!”។ ស៊ិន ឧត្តម​ផល្លា បញ្ជាក់។

មិន​ខុស​អី​នឹង​នាយ តាក់ស៊ី ដែល​ប្រកាស​ថា ការ​ចាក​ចេញ​ពី​ផ្លូវ​លោកិយ​សំដៅ​ព្រះធម៌ គឺ​តាម​ទឹក​ចិត្ត​ស្រឡាញ់​ព្រះធម៌​មោះមុត​នោះ ស៊ិន ឧត្ដម​ផល្លា ប្រាប់​ថា ឪពុក​អ្នកនាង គឺ​ធ្វើ​ទៅ​តាម​ឧបនិស្ស័យ​របស់​គាត់​ដូច​គ្នា​ដែរ ពោល​គឺ​អ្នក​មាន​គុណ​របស់​នាង មាន​និស្ស័យ​នឹង​ព្រះធម៌​តាំង​តែ​ពី​នៅ​ក្មេង​ជំទង់​មក​ម្ល៉េះ ដោយ​ក្នុង​នោះ​ថែម​បាន​ទន្ទេញ​ក្នុង​ចិត្ត​ថា ដល់​ចាស់​ទៅ​ត្រូវ​តែ​រក​វេលា​ល្អ ទៅ​ថ្វាយ​ខ្លួន​ដល់​ព្រះធម៌​ឲ្យ​បាន។

ដូច្នេះ​ហើយ ក្រោយ​ពី​ចប់​ភារកិច្ច​មើល​ថែ ទំនុក​បម្រុង​ក្រុម​គ្រួសារ ពេល​នេះ​លោក ស៊ិន ហាំ បាន​សម្រេច​ដាក់​ធុរៈ​ទាំង​ឡាយ​សំដៅ​ព្រះធម៌​តែ​ម្ដង ខណៈ​ក្រុម​គ្រួសារ​ក៏​មិនបាន​រារាំង​ដំណើរ​ឆ្ពោះ​ទៅ​ថ្វាយ​ខ្លួន​ព្រះធម៌​របស់​មេ​គ្រួសារ​រូប​នេះ​ដែរ។ តាម​ការ​បញ្ជាក់​របស់​អ្នក​មេម៉ាយ​រូប​ស្រស់​ដដែល នឹង​មាន​សាច់​ញាតិ​របស់​នាង ផ្សេង​ទៀត​ក៏​គ្រោង​នឹង​ដើរ​ផ្លូវ​របស់​លោក​ឪពុក​រូប​នេះ​ដែរ។

"ប៉ា​ខ្ញុំ​ឆ្នាំ​ក្រោយ​គាត់​បួស​មែន​ទែន ហើយ​ឆ្នាំ​ក្រោយ​មួយ​ទៀត ម្ដាយ​ខ្ញុំ ក៏​នឹង​ទៅ​ដែរ មិន​ត្រឹម​ប៉ុណ្ណឹង​កូន​ប្រុស​ក៏​ដូច​គ្នា គេ​ថា ពេល​គេ​ធំ​ទៅ គេ​មិន​យក​ប្រពន្ធ​ទេ គេ​នឹង​ទៅ​បួស​ដែរ​ហើយ...និយាយ​ទៅ​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​មាន​ឧបនិស្ស័យ​នឹង​ព្រះធម៌​នេះ​ទាំង​អស់​គ្នា​តែ​ម្ដង!”៕

រូបភាព៖ ហ្វេសប៊ុក ផល្លា

អត្ថបទ៖ ទារិកា

មតិយោបល់