• 2019-05-03 04:00:00
  • ចម្រៀង

ក្រៅពីពីរោះ បទថ្មីនិពន្ធដោយសុខ​​ ស៊ីឡាលីន "លង់ស្នេហ៍ហនុមាន" មានលាយឡំជាមួយល្ខោនខោលទៀត

  • 2019-05-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រចាំផលិកម្មហង្សមាស សុខ ស៊ីឡាលីន​ បង្ហើរសំនៀងបទថ្មីយ៉ាងពីរោះ ដែលទើបតែនឹងចេញថ្មីៗនេះ មានចំណងជើង "លង់ស្នេហ៍ហនុមាន"។ ចម្រៀងមួយបទនេះ នាងនិពន្ធដោយផ្ទាល់ ហើយអត្ថន័យវិញ បញ្ជាក់ពីការលង់ស្រលាញ់អ្នកសម្តែងក្នុងរឿងល្ខោនដែលជាតួ ហនុមាន។ ឥឡូវវាហាក់ឆក់យកចិត្តប្រិយមិត្តអ្នកស្តាប់ និងទស្សនា ជាខ្លាំងតាមរយៈចង្វាក់ភ្លេងថ្មី និងសម្លេងស្រទន់របស់ សុខសីឡាលីន ជាពិសេសជាការរួមបញ្ចូលល្ខោនខោលទៅក្នុងកាយវិការនៃបទចម្រៀង ប្រកបដោយភាពច្នៃប្រឌិត។

ជាក់ស្តែងសម្រាប់អត្ថន័យក្នុងចម្រៀង តារាស្រីរូបនេះបានបញ្ជាក់យ៉ាងលម្អិតនៅក្នុង វីដេអូចម្រៀងយ៉ាងច្បាស់ថា នាងស្រលាញ់​ និងចាប់អារម្មណ៍សិល្បៈបុរាណខ្មែរគ្រប់ទម្រង់ ហើយនាងក៏តែងតែស្វែងយល់ ព្រមទាំងអភិរក្សដល់មរតកដូនតារបស់ខ្មែរ ពិសេសចាប់អារម្មណ៍ទៅលើល្ខោនខោលដែលជាវប្បធម៌អរូបិយរបស់ខ្មែរ។

ដោយល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់ប្រទេស​កម្ពុជា មានដើមកំណើតនៃការសម្តែងមុន សម័យអង្គរ ដែលត្រូវបានគេជឿជាក់ថាបានកើតឡើងក្នុងសត្សវត៍ទី៩ នាឆ្នាំ៨០២ នៃគ.ស. និងមានសុទ្ធតែជាតួអង្គបុរសសម្តែងទោះជាក្នុងនោះមានតួស្រីក៏ដោយ។

តារាចម្រៀងរូបនេះ ក៏បន្ថែមដែរថាខ្លួនពិតជារំភើបដែលអាចចូលរួមចំណែកធ្វើបទចម្រៀងមួយនេះឡើង ហើយអ្វីដែលខ្លួនចង់និយាយគឺនាងពិតជាសរសើរអ្នកហ្វឹកហាត់សិល្បៈបុរាណផ្នែកល្ខោនខោលនេះណាស់។ ពួកគាត់តស៊ូព្យាយាមចេញពីបេះដូងរបស់ពួកគាត់ដែលមានទឹកចិត្តអភិរក្ស និងថែរក្សាសិល្បៈបុរាណមួយនេះឲ្យកាន់តែទូលំទូលាយដល់អ្នកជំនាន់ក្រោយ ដូចនាងក៏ដូចជាប្អូនៗ។

បទនេះចូលរួមសម្តែងដោយលោក រតនា ជាតួប្រុសហនុមាន និងបង្ហាញពីរបៀបការដម្លើងព្រះភក្ត្រមួយៗទៅតាមតួអង្គក្នុងសាច់រឿង។ វាមិនងាយស្រួលដូចដែលទស្សនិកជនបានទស្សនា ហើយម្យ៉ាងសម្រាប់មួកតួអង្គក្នុងល្ខោនខោល មិនមែនចេះតែយកមកពាក់ឲ្យតែបានៗរួចពីដៃនោះដែរ ព្រោះមានការរៀបចំសុំថ្វាយសុំគ្រូជានិច្ចរាល់ការពាក់ចេញសម្តែង។

គួររំលឹកផងដែរថាសុខ សីឡាលីន តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ប្រឡូកសិល្បៈមកអស់រយៈពេលជាង១៥ឆ្នាំ ប្រកបដោយបទពិសោធន៍ខ្ពស់ អាចច្រៀងទាំងភាសាខ្មែរ និងបរទេសបានយ៉ាងល្អ។ ថ្មីៗនេះតារាស្រីរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងទទួលបានតំណែងជាគណកម្មការម្នាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia៕

ទស្សនា​វីដេអូ MV ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់