• 2019-05-08 02:15:19
  • ព័ត៌មាន

យឹង យន រំភើប​ឃើញ​បរទេស​ចូល​ចិត្ត​សិល្បៈ​ខ្មែរ ក្នុង​មហោស្រព​សិល្បៈ​ពិភព​លោក​នៅ​មីនីសូតា

  • 2019-05-08 02:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បេសកកម្ម​សិល្បៈ​រយៈ​ពេល​ជាង​២​ខែ​ទៅ​សហរដ្ឋ​អាមេរិក​លោក យឹង យន បាន​ឲ្យ​ដឹង​ថា លោក​មាន​ចិត្ត​រំភើប​ក្រោយ​ពី​បាន​ចូល​រួម​ក្នុង​មហោស្រព​សិល្បៈ​ដ៏​ធំ​នៅ​រដ្ឋ​មីនីសូតា​សហរដ្ឋ​អាមេរិក ពិសេស​បាន​ឃើញ​ជនជាតិ​បរទេស​ចាប់​អារម្មណ៍​នឹង​ទម្រង់​សិល្បៈ​របស់​ខ្មែរ។

ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ IKARE លោក យឹង យន និង​កញ្ញា ស៊ូ ស៊ីរីកា បាន​ទៅ​ដល់​មហោស្រព​សិល្បៈ​ពិភព​លោក​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ​មីនីសូតា​សហរដ្ឋ​អាមេរិក ហៅ​ថា "Festival of Nations" ។ កម្មវិធី​នេះ គឺ​ធ្វើ​១​ឆ្នាំ​ម្ដង ដោយ​ប្រមូល​បាន​​ការ​ចូល​រួម​បង្ហាញ​សិល្បៈ​ពី​ស្ទើរ​គ្រប់​ជាតិ​សាសន៍។

នៅ​ទី​នោះ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ ប្រាប់​ថា លោក​បាន​ឃើញ​សិល្បៈ​ចម្រុះ​របស់​ខ្មែរ​មាន​ដូច​ជា សិល្បៈ​ចម្រៀង គំនូរ របាំ និង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ជា​ដើម បាន​ដាក់​បង្ហាញ​ជូន​ភ្ញៀវ​បរទេស ដែល​លោក​យល់​ថា គឺ​ជា​កន្លែង​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​យ៉ាង​ល្អ។

"សម្រាប់​កម្មវិធី​នេះ គឺ​ពិសេស​ណាស់ អីចឹង​ខ្ញុំ​យល់​ថា ល្អ​មែន​ទែន ដែល​ខ្មែរ​បាន​ចូល​រួម ព្រោះ​នេះ​ជា​ឱកាស​ឲ្យ​គេ​ស្គាល់​សិល្បៈ​វប្បធម៌​របស់​យើង​ផង ដោយ​សារ​តែ​ខ្ញុំ​បាន​សួរ​គេ​ទៅ អ្នក​ខ្លះ គេ​អត់​ស្គាល់​ខ្មែរ​យើង​ផង​ទេ ដល់​ពួក​គេ​បាន​មក​ឃើញ​សិល្បៈ​របស់​យើង​អីចឹង ពួក​គេ​រីករាយ​ជាមួយ​សិល្បៈ​របស់​យើង​ណាស់ អីចឹង​ហើយ​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​យើង​ទៅ​កាន់​ពិភព​លោក"។ យឹង យន ថ្លែង។

ចំពោះ​សិល្បករ​ខ្មែរ​ដែល​ចូល​រួម លោក​ថា មាន​ទាំង​អ្នក​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក ​ទាំង​អ្នក​ទៅ​ពី​កម្ពុជា ក្នុង​នោះ សិល្បករ​ទៅ​ពី​កម្ពុជា​មាន​លោក​ខ្លួន​ឯង​ផ្ទាល់ និង​កញ្ញា ស៊ូ ស៊ីរីកា ក្រៅ​ពី​នេះ សុទ្ធ​ជា​សិល្បករ​នៅ​សហរដ្ឋ​អាមេរិក​ស្រាប់ បាន​រួម​គ្នា​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ទៅ​ពិភព​លោក តាម​ការ​សម្របសម្រួល​រៀប​ចំ​ដោយ IKARE។ ចំណុច​កត់​សម្គាល់​មួយ​លោក​ថា ប្រទេស​ជិត​ខាង​យើង មាន​ដូច​ជា​ថៃ វៀតណាម ជា​ដើម ក៏​បាន​ចូល​រួម​ដូច​គ្នា​ដែរ។

ម្ចាស់​ជយលាភី​លេខ​២ កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ប្រាប់​បន្ត​ថា មើល​ទៅ​ភាព​ជាក់​ស្ដែង សកម្មភាព​សិល្បៈ​របស់​ប្រទេស​ជិត​ខាង​យើង ហាក់​មាន​សភាព​ផុលផុស​ជាង ដោយ​សារ​ថា ពួក​គេ​មាន​ធន​ជាង ខណៈ​ការ​ចំណាយ​លើ​ការ​រៀប​ចំ និង​ហៅ​សិល្បករ​ទៅ​ពី​កម្ពុជា ត្រូវ​ចំណាយ​ខ្ពស់ ដែល​លោក​ថា គឺ​ជា​ឧបសគ្គ​ក្នុង​ការ​នាំ​យក​​ការ​បង្ហាញ​ទម្រង់​សិល្បៈ​ធំ​ជាង​នេះ។

យ៉ាង​នេះ​ក្ដី ក្រោយ​ពី​អង្គការ IKARE បាន​ចូល​មក​រៀប​ចំ​សម្របសម្រួល លោក យន បាន​អះអាង​ថា ឆ្នាំ​នេះ គឺ​មាន​ខ្មែរ​យើង​ចូល​រួម​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ហើយ​លោក​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​ៗ​ទៀត សកម្មភាព​ការ​បង្ហាញ​សិល្បៈ ខ្មែរ​យើង​នៅ​ទី​នោះ នឹង​កាន់​តែ​ផុលផុស​ច្រើន​ជាង​នេះ៕

រូបភាព៖ ហ្វេសប៊ុក យឹង យន

អត្ថបទ៖ ទារិកា

មតិយោបល់