• 2019-05-17 08:47:46
  • ព័ត៌មាន

ក្រោយ​ពី​រឿង​ធំ​ៗ​២ ជាប់​គាំង ជា លាង​ឈែ បន្ត​មក​ក្ដាប់​តំណែង​ធំ​ជា​ថ្មី​ទៀត​ហើយ!

  • 2019-05-17 08:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​មុខ​ដូច​កូន​ចិន ជា លាងឈែ បាន​ហក់​មក​ក្ដាប់​តំណែង​ធំ​ជា​ថ្មី​ទៀត​ក្នុង​ខ្សែ​ភាពយន្ត បន្ទាប់​ពី​លោក​ខកខាន​អស់​មួយ​រយៈ​ពេល​​ធំ និង​បន្ទាប់​ពី​ស្នាដៃ​របស់​លោក​ធំ​ៗ​២​នៅ​ជាប់​គាំង​នៅ​ឡើយ។

ជា លាង​ឈែ បាន​ហក់​មក​ក្ដាប់​តំណែង​តួឯក​ជា​ថ្មី ក្នុង​ភាពយន្ត​សម្រាប់​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​រឿង​មាន​ចំណង​ជើង​ថា "បុប្ផា​ស្រុក​ស្រែ"។ រឿង​ថ្មី​នេះ​លោក​ចាប់​ដៃគូ​ជាមួយ​តួឯក​ស្រី ជា ស្រី​រ័ត្ន ដែល​ជា​ការ​ជួប​សម្ដែង​ជាមួយ​គ្នា​លើក​ទី​២។ "និយាយ​ទៅ​ខ្ញុំ​ខាន​លេង​តួឯក​នេះ យូរ​ដែរ​ហើយ គឺ​ក្រោយ​ពី​រឿង "ទាយាទ​អា​សុខ" បើ​តាម​ខ្ញុំ​ចាំ​គឺ​តាំង​ឆ្នាំ ២០១៧​មក​បង"។

កាល​ណោះ លាង​ឈែ ក៏​ចាប់​ដៃគូ​សម្ដែង​ជា​តួឯក​ជាមួយ តារា​ស្រី​ខាង​លើ​ដែរ។ នេះ​និយាយ​តែ​តំណែង​តួឯក​ក្នុង​ភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍ ប៉ុន្តែ​សម្រាប់​ខ្សែ​ភាពយន្ត​សម្រាប់​ចាក់​បញ្ចាំង​រោងកុន​វិញ តារា​ប្រុស​រូប​នេះ បញ្ជាក់​ថា លោក​ក៏​ទទួល​បាន​ជា​ហូរហែ​មក​ដែរ។ ជាក់​ស្ដែង កន្លង​មក​នេះ មាន​២​រឿង​មក​ហើយ ដែល​លោក​បាន​តំណែង​តួឯក។ យ៉ាង​នេះ​ក្ដី តួឯក​ប្រុស​ក្នុង​រឿង "អូន​ជា​ការ​ចង​ចាំ​បង" បញ្ជាក់​ថា រឿង​ទាំង​ពីរ​នោះ មិន​ទាន់​ចេញ​បញ្ចាំង​នោះ​ទេ។

“នេះ​និយាយ​តែ​រឿង​ភាគ​ណា​បង តែ​រឿង​ដុំ គឺ​ខ្ញុំ​ដើរ​តួឯក​បាន​ពីរ​រឿង​ដែរ មួយ​រឿង​របស់​ផលិតកម្ម​ថោន មាន​ចំណង​ជើង​ថា "ខ្មោច​គ" ឯ​មួយ​រឿង​ទៀត​របស់​ផលិតកម្ម Galaxy គឺ​រឿង "កុំ​ងាក​ក្រោយ"។ តែ​ទាំង​ពីរ​រឿង​នេះ មិន​ទាន់​បាន​ដាក់​បញ្ចាំង​នៅ​ឡើយ​ទេ!”។ លោក​មិន​ទាន់​ដឹង​ថា រឿង​ទាំង​ពីរ​នឹង​បាន​ចេញ​បញ្ចាំង​នៅ​ពេល​ណា​ទេ ខណៈ​លោក​បាន​ថត​បញ្ចប់​ឲ្យ​ម្ចាស់​ផលិត​រួច​រាល់​អស់​ហើយ។

ទោះ​យ៉ាង​នេះ​ក្ដី នៅ​ពេល​នេះ ជា លាង​ឈែ ក៏​ទទួល​បាន​តំណែង​តួឯក​ថ្មី​ទៀត គឺ​រឿង "បុប្ផា​ស្រុក​ស្រែ" បើ​ទោះ​ស្នាដៃ​ចាស់​របស់​ខ្លួន​មិន​ទាន់​បាន​ចេញ​បញ្ចាំង​ក៏​ដោយ។ ខ្សែ​ភាពយន្ត​ផលិត​ដោយ​ទូរទស្សន៍​លេខ ៥ នេះ ទើប​បើក​កម្មវិធី​ក្រុង​ពាលី​ត្រៀម​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ។ តួ​សម្ដែង​ក្នុង​រឿង​នេះ មាន​លោក ជា លាង​ឈែ កញ្ញា ជា ស្រី​រ័ត្ន លោក ស្រេន វុធថា និង​កញ្ញា លី រីណា ជា​ដើម។

ភាពយន្ត​ខាង​លើ គឺ​ជា​ភាពយន្ត​ទី​២០ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ បន្ទាប់​ពី​រឿង​ទី​១៩មាន​ចំណង​ជើង​ថា "មិត្ត​ឬស្យា" បាន និង​កំពុង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា។ "បុប្ផា​ស្រុក​ស្រែ" គ្រោង​ចំណាយ​ពេល​ថត​ប្រមាណ​ជា ៣​ខែ មុន​ពេល​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍​នា​ពេល​បន្ទាប់​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់