- 2019-05-18 02:18:00
- ព័ត៌មាន
ទង្វើជាគំរូរបស់ឪពុកម្ដាយ នាំចិត្តឲ្យ ហង្ស ម៉ារិនី ចូលចិត្តបុណ្យ
- 2019-05-18 02:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើជាគំរូរបស់ឪពុកម្ដាយ នាំចិត្តឲ្យ ហង្ស ម៉ារិនី ចូលចិត្តបុណ្យ
ចន្លោះមិនឃើញ
តារាស្រី ហង្ស ម៉ារ៉ានី ត្រូវបានគេដឹងថា ជាតារាម្នាក់ចូលចិត្តធ្វើការងារសប្បុរសធម៌ ហើយនៅពេលនេះ ទើបដឹងថា តាមពិតនាងមានពូជអំបូរជាអ្នកសប្បុរស តាំងពីដូនតាមកម្ល៉េះ ក្នុងនោះនាងបានឃើញគំរូរបស់អ្នកមានគុណរបស់នាង។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហង្ស សារី ដែលជាឪពុក ថ្លែងមកកាន់ Sabay គ្រាដែលកូនស្រីរូបនេះ បាននាំ អំណោយជាច្រើនទៅចែកជូនដល់ពលរដ្ឋក្រីក្រជាង១០០គ្រួសារនៅស្រុកកំណើតរបស់ខ្លួនក្នុងទឹកដីខេត្តតាកែវ។ លោក ហង្ស សារី ដែលជាឪពុក ហង្ស ម៉ារ៉ានី បានឲ្យដឹងថា ក្រុមគ្រួសារលោក គឺជាមនុស្សចូលចិត្តធ្វើបុណ្យទានណាស់ ដែលជីតា របស់ម៉ារ៉ានី គឺជា អាចារ្យវត្ត មានពុទ្ធបរិស័ទចំណុះជើងវត្តចូលចិត្តរាប់អានច្រើន។ តាំងពីធំដឹងក្ដី ប្រហែលវ័យខ្ទង់១១ទៅ១២ ឆ្នាំ ម៉ារ៉ានី គឺចាប់ផ្ដើម ចេះធ្វើបុណ្យធ្វើទានតែម្ដង ដោយសារតែឃើញ ទង្វើឪពុកម្ដាយ ដូចតា។
លោក ហង្ស សារី បានបន្តទៀតថា លោកមានកូន៦នាក់ ប្រុសម្នាក់ ស្រី៥ ហើយម៉ារ៉ានី គឺកូនពៅ ក្នុងនោះកូនរបស់លោកទាំងអស់ ម្នាក់ៗសុទ្ធតែមានចិត្តសប្បុរសទាំងអស់ទៅតាមលទ្ធភាពរបស់ពួកគេ។ ការធ្វើបុណ្យរបស់ ម៉ារ៉ានី មិនមែនធ្វើតែលើពលរដ្ឋក្នុងស្រុកភូមិឡើយគឺ នាងតែងតែគៀគរសប្បុរសជន ជួយដល់ពលរដ្ឋក្រីក្រ ក៏ដូចជា ក្មេងកំព្រា នៅតាមសហគមន៍នានាជាញឹកញាប់។លោកថា ក្នុងនាមជាឪពុក គឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនទាំងអស់បានដើរតាមគន្លងឪពុកម្ដាយបែបនេះ។
ងាកមកការចែកអំណោយពលរដ្ឋក្រីក្រស្ថិតភូមិស្វាយទង ឃុំ ក្វាវ ស្រុក រំរោង ខេត្ត តាកែវ ដែលជាស្រុកកំណើតរបស់នាងវិញ ម៉ារ៉ានី បានប្រាប់ថា នាងប្រាប់ថា បានមកពីការលក់ផលិតផល និង សប្បុរសជនផ្សេងទៀតចូលរួម និងមួយចំណែកធំបានមកពីការលក់សៀវភៅប្រលោមលោកថ្មីរឿង "អាគមបរព្រៃ"។
ម៉ារ៉ានីបានថ្លែងឲ្យដឹងថា នាងបានទទួលសិទ្ធិផ្ដាច់មុខពីអ្នកនិពន្ធប្រលោមលោកអ្នកស្រី ម៉ីសន សុធារីដែលជាអ្នកនិពន្ធប្រលោមលោកល្បីមួយរូប ក្នុងនោះនាងបានទទួលយកមកលក់សាកល្បង១០០០ក្បាល មិនទាំងបានប៉ុន្មានថ្ងៃផងលក់ដាច់ជិតអស់ ពោល គឺនៅសល់ មិនទាំងដល់៤០ ក្បាលផង។
ហង្ស ម៉ារ៉ានី បញ្ជាក់ប្រាប់ថា មិនបានយកប្រាក់ចំណេញទុកក្នុងហោប៉ាវខ្លួនឯងឡើយ នាងថា ៥០% នាងកាត់ឲ្យបុគ្គលិក និង ៥០%ទៀត គឺនាងទុកសម្រាប់ធ្វើកិច្ចការសប្បុរសធម៌ ដូចជាការយកអំណោយមកចែកជូននេះជាដើម ដែលនាងបានធ្វើចំថ្ងៃខួបគម្រប់២៧ឆ្នាំរបស់នាងតែម្ដង ជូនពលរដ្ឋក្រីក្រជាង១០០គ្រួសារ ដោយម្នាក់ៗទទួលបានមី១កេសទឹកស្រី ទឹកសៀវអៀវ អំបិល ត្រីខ ទឹកផ្លែឈើ ថ្នាំពេទ្យ ភីហ្សា និង ប៊ឺគ័រ ជាដើម៕