• 2019-06-05 02:50:51
  • ព័ត៌មាន

លេច​លឺ អេនឌី ដើរ​ចេញ​ពី​ជីវិត​អ្នក​ចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ជា​ថ្មី​ទៀត​ហើយ

  • 2019-06-05 02:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រមាណ ២​ខែ​ប៉ុណ្ណោះ ដែល ស៊ិន ឧត្ដម​ផល្លា បាន​ប្រកាស​ចាក​ចេញ​ពី​ការងារ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ក្នុង​ស្រុក​មួយ ឥឡូវ​នេះ​មាន​ដំណឹង​ថា អេនឌី ក៏​បាន​ដក​ថយ​ពី​ការងារ​ដូច​គ្នា​នេះ​ដែរ។

ដំណឹង​នេះ ធ្លាយ​ចេញ​ពី​ក្នុង​ចំណោម​ភ្ញៀវ​ដែល​ឧស្សាហ៍​ទៅ​ញុំា​អាហារ​នៅ​ភោជនីយដ្ឋាន "ពិភព​រាត្រី" ជា​ទី​ដែល​លោក អេនឌី បាន​ចូល​ធ្វើ​ជា​អ្នក​ចម្រៀង​ពេល​រាត្រី​វិញ ក្រោយ​ពី​ខក​ខាន​ប្រមាណ ១០​ឆ្នាំ។ ប្រភព​បាន​បង្ហើប​ថា រូប​គេ​បាន​កត់​សម្គាល់​ថា បាត់​មុខ អេនឌី តារា​ចម្រៀង​និយម​បទ មរតក​ដើម មួយ​រយៈ​ធំ​មក​ហើយ។ មិន​ដឹង​ថា ការ​បាត់​មុខ​របស់ ម្ចាស់​បទ "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" ដោយ​សារ​លោក​ជាប់​ធុរៈ​អ្វី មាន​ជំងឺ ឬ​ក៏​ឈប់​តែ​ម្ដង​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក អេនឌី បញ្ជាក់​ថា ការ​ដែល​បាត់​មុខ​លោក​ពី​ការងារ​ច្រៀង​នៅ​ភោជនីយដ្ឋាន​នា​ពេល​យប់​នេះ មិន​មែន​មក​ពី​លោក​មាន​ជំងឺ ឬ​មាន​ធុរៈ​អ្វី​ឡើយ។ ប៉ុន្តែ​ការ​ពិត គឺ​លោក​បាន​សម្រេច​ចិត្ត ឈប់​ធ្វើ​ជា​តារា​ចម្រៀង​នា​ពេល​រាត្រី​នៅ​ទី​នោះ​ទៀត។ ចំពោះ​ហេតុផល លោក​បញ្ជាក់​ថា លោក​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ថៅកែ​ហាង​នោះ​ទេ បញ្ហា​គឺ​ដោយ​សារ​នឹង​កម្លាំង​របស់​លោក​ប៉ុណ្ណោះ។

“និយាយ​ទៅ អត់​មាន​បញ្ហា​អី​ទេ​បង គឺ​រត់​អត់​រួច​ខ្លួន​ឯង​តែ​ម្ដង ច្រៀង​ដល់​យប់​ៗ​ជ្រៅ​រាល់​ថ្ងៃ អត់​សូវ​បាន​ដេក​គ្រប់​គ្រាន់ ដល់​អីចឹង​កម្លាំង​ស៊ូ​អត់​បាន ក៏​សម្រេច​ចិត្ត​ឈប់​តែ​ម្ដង​ទៅ!”។ អេនឌី ថ្លែង។

ប៉ុន្មាន​ខែ​មុន តារា​ចម្រៀង​ដែល​អាច​ច្រៀង​បាន​ច្រើន​ភាសា ស៊ិន ឧត្ដម​ផល្លា ក៏​បាន​សម្រេច​ចិត្ត​ឈប់​ច្រៀង​នៅ​ភោជនីយដ្ឋាន​ខាង​លើ​ដែរ ក្នុង​នោះ​ហេតុផល គឺ​ដូច​គ្នា ដោយ​សារ​នាង មាន​ការងារ​សិល្បៈ​កាន់​តែ​ច្រើន មិន​មាន​ពេល​សម្រាក​គ្រប់​គ្រាន់ ខណៈ​នាង​វ័យ ៤១​ឆ្នាំ​ទៅ​ហើយ។ ដូច្នេះ​ហើយ​ក៏​សម្រេច​សុំ​ថៅកែ​ឈប់​តែ​ម្ដង​ទៅ ដើម្បី​រក្សា​សុខភាព​ផ្ទាល់​ខ្លួន។

ក្នុង​ហេតុផល​ដើម្បី​សុខ​ភាព​នេះ​ដដែល វិល​មក​លោក អេនឌី វិញ បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ លោក​ក៏​បាន​ចូល​ធ្វើ​ជា​តារា​ចម្រៀង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ផង។ ដូច្នេះ​ហើយ ការ​ដែល​លោក​សម្រេច​ច្រៀង​ឈប់​ច្រៀង​នៅ​ភោជនីយដ្ឋាន ព្រោះ​តែ​លោក​ចង់​ថ្នម​រាងកាយ ពិសេស​សំឡេង​តែ​ម្ដង ព្រោះ​លោក​អះអាង​ថា ការ​ច្រៀង​ដល់​យប់​ៗ​រាល់​ថ្ងៃ​ដូច​កាល​កន្លង​មក គឺ​ប៉ះពាល់​ដល់​សុខ​ភាព​រាងកាយ និង​សំឡេង។

បែប​នេះ​ហើយ ក្រោយ​ពី​ឈប់ តារា​ប្រុស​ដដែល បន្ត​ថា លោក​មាន​ពេល​គ្រប់​គ្រាន់ ក្នុង​ការងារ​សម្រាក និង​ថែ​រក្សា​សំឡេង ស្រប​ពេល​ដែល​លោក គ្រោង​នឹង​ថត​ចម្រៀង​ថ្មី​ៗ​ចេញ​លើ​ទីផ្សារ​បន្ថែម​ទៀត។ ក្រៅ​ពី អេនឌី តារា​ចម្រៀង​ស្រី​ម្នាក់​ទៀត គឺ​អ្នកនាង ម៉ៅ ស៊ីណាត ក៏​មាន​លេច​លឺ​ដំណឹង​ថា ក៏​បាន​សម្រេច​ចិត្ត​ឈប់​ច្រៀង​ដូច ជាមួយ​ហេតុផល ដូច​តារា​ចម្រៀង ប្រុស ស្រី​ខាង​លើ​ដែរ៕

អាន៖ មាន​ដំណឹង ព្រាប សុវត្ថិ នាំ​កូន​ៗ​ចេញ​ពី​ទឹក​ដី​លោក ដូណាល់ ត្រាំ ទាំង​នៅ​សល់​ចំហាយ

អាន៖ ងាក​ក្រោយ​បន្តិច មើល Fashion គូស្នេហ៍​ស្អាត​ៗ​ ក្នុង​មង្គល​ការ សុគន្ធ​កញ្

អាន៖ មោទកភាព​យ៉ាង​ណា! សិល្បករ​ខ្មែរ ៣ រូប​ដល់​ថ្នាក់ ស្ថាន​ទូត​អាមេរិក លើក​សរសើរ​ជា​ចំហ

អត្ថបទ៖ ទារិកា

មតិយោបល់