• 2019-07-08 02:01:00
  • ព័ត៌មាន

ហួស​ចិត្ត ស៊ិន ឧត្តម​ផល្លា ភ័យ​ខ្លួន ខ្លាច​ជួប​វាសនា​ដូច​តួ​កាច​ក្នុង​រឿង​ល្ខោន

  • 2019-07-08 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ ស៊ិន ឧត្តម​ផល្លា បាន​ពោល​ថា កាល​សម័យ​មុន តួអង្គ​កាច​ក្នុង​ឈុត​សម្ដែង​រឿង​ល្ខោន រមែង​ជួប​រឿង​ស៊យ​រឿយៗ ក្រោយ​សម្ដែង​ចូល​តួ​ខ្លាំង រហូត​ដល់​អ្នក​មើល​ស្អប់​មែន​ទែន ខណៈ​ពេល​នេះ នាង​កំពុង​ភ័យ​ខ្លួន​ក្នុង​រឿង​ដូច​គ្នា​នេះ​ដែរ គឺ​ខ្លាច​អ្នក​មើល​ស្អប់ ដូច​ស្អប់​តួ​កាច​ក្នុង​ល្ខោន​ដែរ។

“កាល​សម័យ​មុន អ្នក​ធ្លាប់​មើល​ល្ខោន​ដឹង​ហើយ ខ្ញុំ​លឺ​គេ​ថា ខ្ញុំ​មិន​ធ្លាប់​មើល​ទេ គឺ​ថា តួ​ល្ខោន​ដែល​សម្ដែង​កាច​ៗ​ខ្លាំង តែ​ពេល​ចុះ​ពី​លើ​ឆាក​វិញ ប្រយ័ត្ន​ខ្លួន​ទៅ មិន​អីចឹង អន់​ណាស់​ក៏​បែក​កង់​ដែរ ដល់​ខ្ញុំ​ឥឡូវ​ខ្លាច​តែ​ចឹង​ដែរ​ទេ ព្រោះ​ជ្រុល​លេង​មួយ​រឿង​កាច​ដល់​កំពូល(សើច)!"។ ស៊ិន ឧត្តម​ផល្លា ថ្លែង។

អ្នក​មេម៉ាយ​រូប​ស្រស់ បញ្ជាក់​ថា នាង​ទើប​ប្រទះ​ការ​សម្ដែង​កាច​លើក​ដំបូង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ PNN គឺ​រឿង "ភរិយា​សម័យ​ថ្មី" ដែល​នឹង​ថត​ចប់​ថ្មី​ៗ ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខាង​លើ នា​យប់​នេះហើយ។ ក្នុង​រឿង​ហ្នឹង នាង​បាន​សម្ដែង​តួអង្គ​ឈ្មោះ "ផល្លា" ដូច​នឹង​ឈ្មោះ​នាង​តែ​ម្ដង។

តួអង្គ "ផល្លា" គឺ​មាន​ចរិត​កាច ឆ្នាស់ ពិសពុល រក​រឿង​គេ​ឯង​មិន​ឈប់ តាំង​ពី​ដើម​ដល់​ចប់។ ការ​សម្ដែង​ក្នុង​រឿង​នេះ តារា​ស្រី​លុយ​ចូល​គ្រប់​ច្រក​រូប​នេះ បញ្ជាក់​ថា នាង​លេង​ចូល​តួ​ដល់​កំពូល សូម្បី​តែ​អ្នក​ដឹកនាំ​រឿង​ក៏​និយាយ​ដែរ។ "អ្នក​ដឹកនាំ​រឿង ក៏​គាត់​និយាយ​ដែរ​ថា ខ្ញុំ​លេង​រឿង​ណាស់​កាច​ខ្លាំង និយាយ​ទៅ​គឺ​លេង​ដល់​ហ្មង...គឺ​កាច ឆ្នាស់ រក​រឿង​គេ​ពី​ដើម​ដល់​ចប់...ដល់​តែ​ចឹង ដូច​ចង់​ភ័យ​ខ្លួន​ដែរ​ហ្នឹង​ណា! គឺ​ខ្លាច​គេ​ស្អប់​មែន​ទែន​ដូច​យក្ស​ល្ខោន ចប់​ហ្មង!(សើច)”។

ស្ថាបនិក​ទំព័រ Movie Star Reseach បញ្ជាក់​ថា នាង​ខ្លាច​ប្រិយមិត្ត​ចូល​តួ​តាម​សាច់​រឿង ហើយ​ស្អប់​នាង​ទាំង​នៅ​ខាង​ក្រៅ​ថែម​ទៀត ព្រោះ​​ថា​ចរិត​ពិត​របស់​នាង​នៅ​ខាង​ក្រៅ គឺ​មិន​កាច​ឆ្នាស់​បែប​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​ចូល​ចិត្ត​យក​អាសារ​អ្នក​ទន់​ទាប​ទៅវិញ។ ដូច្នេះ​ហើយ ថៅកែ​ហាង​លក់​គ្រឿង​បុណ្យ "ឧត្តម ឧត្តម" ស្នើ​សុំ​ការ​យោគយល់​ជា​មុន ប្រសិន​បើ​ការ​សម្ដែងក្នុង​រឿង​ខាង​លើ​របស់​នាង ពិត​ជា​មើល​ទៅ​គួរ​ឲ្យ​ស្អប់​​ពិត​មែន ព្រោះ​ថា វា​គ្រាន់​តែ​ការ​សម្ដែង​ប៉ុណ្ណោះ។

“ភរិយា​សម័យ​ថ្មី" គឺ​ជា​ស្នាដៃ​ថ្មី​របស់ ស៊ិន ឧត្តម​ផល្លា បន្ទាប់​រឿង "រាជនី​ភូមិ​គ្រឹះ" របស់​​ទូរទស្សន៍​ហង្សមាស។ បូក​រួម​នឹង​ភាពយន្ត​ភាគ​ទាំង​ពីរ​នេះ សាមី ខ្លួន​បញ្ជាក់​ថា គឺ​ជា​រឿង​ទី ៥​ហើយ របស់​នាង សម្រាប់​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ បន្ថែម​ពី​អាជីព​ជា​តារា​ចម្រៀង​តាម Affair នានា។

យ៉ាង​នេះ ក្នុង​ចំណោម​ទាំង​៥​រឿង​ដែល​បាន​សម្ដែង​ចប់​សព្វ​គ្រប់​នេះ ផល្លា បញ្ជាក់​ថា នាង​ទើប​តែ​ដើរ​តួ​កាច​លើក​ដំបូង​បំផុត គឺ​កាច កាច​ខ្លាំង ពិសពុល​ដល់​កម្រិត ដល់​ថ្នាក់​ភ័យ​ខ្លួន​ឯង​ដូច្នេះ​តែ​ម្ដង៕

ស៊ិន ឧត្តម​ផល្លា ក្នុង​ឈុត​សម្ដែង​ក្នុង​រឿង "ភរិយា​សម័យ​ថ្មី"(រូបថត៖ផ្ដល់​ដោយ ផល្លា)

អត្ថបទ៖ ទារិកា

មតិយោបល់