• 2019-08-13 03:09:47
  • ព័ត៌មាន

លាត​ត្រដាង​ចំណុច​សង្ស័យ​តួ​ស្រី និង​តួ​ប្រុស ​អាក្រាត​កាយ ក្នុង​ឈុត​មួយ​នៃ​រឿង "កូន​ពស់​កេងកង"

  • 2019-08-13 03:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​សង្ស័យ​ជា​ច្រើន លើ​តួ​ឯក​ប្រុស​ស្រី អេតវីន និង ឌុច លីដា ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ទូរទស្សន៍ "កូន​ពស់​កេង" បន្ទាប់​ពី​ឈុត​មួយ​នៃ​រឿង បាន​លេច​លើ​បណ្ដាញ​សង្គម ដែល​គេ​សង្ស័យ​ថា ពួក​គេ​ទាំង​ពីរ​ស្ថិត​ក្នុង​ភាព​អាក្រាត​កាយ​អំឡុង​ពេល​មុជ​ទឹក​អូរ។ ឥឡូវ​នេះ មាន​ការ​ស្រាយ​បញ្ជាក់​ហើយ។

នៅ​ក្នុង​ឈុត​ដែល​លេច​ឡើង គឺ​ជា​ឈុត តួ​ស្រី ឌុច លីដា ទៅ​មុខ​ទឹក​អូរ ហើយ​តួ​ប្រុស អេតវីន បាន​ទៅ​លួច​មើល​ហើយ​មិន​ប្រយ័ត្ន ក៏​រអិល​ជើង​ធ្លាក់​ទឹក​ហើយ​ត្រូវ​ទឹក​ហូរ​នាំ​យក​សំពត់​ក្បិន​ចេញ​ពី​ខ្លួន។ គ្រា​នោះ ទាំង​តួ​ប្រុស និង​តួ​ស្រី ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ហាក់​គ្មាន​សំលៀកបំពាក់​លើ​រាង​កាយ​ឡើយ។ ចំណុច​នេះ លោក ហ្វៃ សំអាង ដែល​ជា​អ្នក​សហនិពន្ធ​ជាមួយ ប៉ុល ពិសី បាន​បញ្ជាក់​ថា មាន​ការ​ពិត​ខ្លះ និង​មិន​ពិត​ខ្លះ​ក្នុង​ចំណុច​នេះ។

លោក​ថា ត្បិត​ប្រិយមិត្ត​មើល​ឃើញ​ដូច​ជា​ពួក​គេ​ទាំង​ពីរ​មិន​មាន​សំលៀកបំពាក់ ប៉ុន្តែ​ផ្នែក​ខ្លះ​ត្រូវ​គ្រប់គ្រង​ដោយ​បច្ចេកទេស​នោះ​ទេ។ "បាទ...ឥឡូវ​និយាយ​ទៅ​និយាយ​ពី​តួ​ស្រី​មុន តួ​ស្រី​នៅ​ក្នុង​រឿង​គឺ​ត្រូវ​តែ​ស្រាត​ហើយ ព្រោះ​គាត់​ជា​មនុស្ស​រស់​នៅ​ព្រៃ​ភ្នំ គាត់​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ព្រៃ អីចឹង​ពេល​គាត់​មុជ​ទឹក គឺ​គាត់​មុជ​ស្រាត​អីចឹង​ហើយ ប៉ុន្តែ​ការ​ពិត គឺ​អត់​អីចឹង​នោះ​ទេ។ នៅ​ផ្នែក​ខ្នង អត់​មាន​អ្វី​បិទបាំង​មែន ប៉ុន្តែ​នៅ​ផ្នែក​ខាង​មុខ គឺ​យើង​បិទបាំង ព្រោះ​នាង​ជា​ស្រី"។

ដោយ​ឡែក ល្វែង​ក្រោម​របស់​តួ​ស្រី ចាប់​ពី​ត្រគាក​ចុះ​មក ដែល​គេ​មើល​ឃើញ​ថា ដូច​ជា​ចំហ​ដែរ​នោះ អ្នក​និពន្ធ និង​ដឹកនាំ​រឿង​រូប​នេះ បញ្ជាក់​ថា គឺ​ជា​បច្ចេកទេស​នោះ​ទេ។ វិល​មក​រឿង​ពាក់ព័ន្ធ​នឹង​តួ​ប្រុស​វិញ ដែល​គេ​ឃើញ​ដូច​អាក្រាត​កាយ ក្រោយ​ទឹក​ហូរ​យក​សំពត់ក្បិន​ដែល​គេ​ស្លៀក​ទៅ​បាត់​នោះ លោក ហ្វៃ សំអាង ពន្យល់​បន្ត​ថា ក៏​មិន​សូវ​ខុស​ពី​តួ​ស្រី​ដែរ គឺ​មាន​ពិត​ខ្លះ និង​មិន​ពិត​ខ្លះ។

លោក​លើក​ឡើង​ថា "ពេល​នៅ​ក្នុង​ទឹក គឺ អេត​វីន ស្រាត​មែន ប៉ុន្តែ​ពេល​រូប​គេ​ក្រោក​ពី​ទឹក​ដើរ​សំដៅ​ទៅ​រក​តួ​ស្រី​នោះ គឺ​ខាង​ក្រោយ​អត់​មាន​អី​មែន ប៉ុន្តែ​នៅ​ផ្នែក​ខាង​មុខ ក៏​យើង​មាន​របស់​បិទ​បាំង​ដូច​គ្នា​!"។

ទិដ្ឋភាព​បែប​នោះ អ្នក​និពន្ធ​អះអាង​ថា ឲ្យ​ត្រូវ​ទៅ​នឹង​ធម្មជាតិ​ដែល​នៅ​ជុំ​វិញ​ខ្លួន ដោយ​លោក​បាន​រៀប​ចំ​ឆាក​ឲ្យ​មាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប ស្រប​ពេល​តួ​ស្រី គឺ​ជា​មនុស្ស​ព្រៃ​ភ្នំ​មិន​យល់​ពី​ទម្លាប់​របស់​មនុស្ស​នៅ​សង្គម​ខាង​ក្រៅ​ឡើយ គឺ​មាន​និស្ស័យ​ធ្វើ​អ្វី​ទៅ​តាម​ទម្លាប់ ពោល​គឺ​តែង​តែ​មុជ​ទឹក​ស្រាត​នោះ​ឯង។ ប៉ុន្តែ​នៅ​ក្នុង​ការ​ពិត​នៃ​ការ​ថត គឺ​អ្វី​ៗ មិន​១០០%​នោះ​ឡើយ។

រឿង "កូន​ពស់​កេងកង" សហនិពន្ធ​ដោយ​លោក ហ្វៃ សំអាង និង​អ្នក​ស្រី ប៉ុល ពិសី។ បច្ចុប្បន្ន​បាន និង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស។ ក្រោយ​ពី​ចាក់​បញ្ចាំង​តាំង​ពី​ចុង​ឆ្នាំ ២០១៨ រឿង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​នៅ​ប្រទេស​ថៃ និង​វៀតណាម បាន​បង្ហាញ​ចេតនា​ចង់​សុំ​ទិញ​សិទ្ធិ​ទៅ​បញ្ចាំង​នៅ​ក្នុង​ប្រទេស​គេ។ យ៉ាង​ណា តាម​លោក ហ្វៃ សំអាង ភាគី​ខាង​ហង្សមាស ដែល​ជា​ម្ចាស់​ផលិត​នៃ​រឿង មិន​ទាន់​អើពើ​នៅ​ឡើយ​ដោយ​សារ​តែ សាច់​រឿង បាន និង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់