• 2019-08-23 03:42:10
  • ព័ត៌មាន

តារា​កំប្លែង​រូប​ស្រស់ នីឡា ត្រូវ​ឪពុក​បញ្ចេញ​វេលា​រៀបការ​បាត់​ទៅ​ហើយ

  • 2019-08-23 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ក្នុង​ក្រុម ពែកមី គឺ​កញ្ញា វ៉ាន់ នីឡា បាន​លេច​លឺ​ដំណឹង​ជិត​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី​តាំង​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ឥឡូវ​នេះ លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ ត្រូវ​ជា​ឪពុក បាន​បញ្ចេញ​វេលា​ជាក់​លាក់​សម្រាប់​ថ្ងៃ​មង្គល​ជ័យ​របស់​នាង​ហើយ។

តម្រុយ​បញ្ចេញ​ដោយ​លោក​ឪពុក​នៅ​ពេល​នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ វ៉ាន់ នីឡា បាន​បញ្ចេញ​រូប​ថត Pre-Wedding ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​គូ​ស្នេហ៍​ថ្មី។ លោក​ឪពុក​របស់​តារា​ស្រី បាន​បង្ហើប​ថា នីឡា នឹង​រៀបការ​នៅ​ក្នុង​ឆ្នាំ​ក្រោយ ២០២០ នេះ​ហើយ។ ដំណឹង​នេះ គឺ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច ពី​ព័ត៌មាន​ចាស់​ដែល​ថា តារា​កំប្លែង​ដ៏​ស្រស់​ស្អាត គ្រោង​រៀប​ការ​នៅ​ឆ្នាំ ២០២១។

ចំពោះ​ការ​ផ្លាស់​ប្ដូរ នេះ​សាមី​ខ្លួន នីឡា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា ព្រោះ​តែ​នាង​ចង់​ឲ្យ​អ្វី​ៗ​ដំណើរ​ការ​បាន​ឆាប់ ចៀសវាង​ពេល​វេលា​ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែប្រួល​​ដូច​កាល​ពី​អតីតកាល រវាង​នាង និង​កូន​ប្រុស​ថៅកែ​វង្ស​ល្ខោន ភី សុគន្ធី។ ដោយ​ឡែក វេលា​រៀប​ការ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ បើ​តាម​លោក​តា វ៉ិចទ័រ។ កាល​ពី​ប៉ុន្មាន​ខែ​មុន នីឡា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា មង្គលការ​របស់​នាង គ្រោង​ធ្វើ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​របស់​យើង។

ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​លោក​តា វ៉ិចទ័រ នៅ​រសៀល​ម្សិលមិញ​វិញ លោក​ថា ចាស់​ទុំ​ទាំង​សង្ខាង​បាន​ជួប​គ្នា​រួច​រាល់​អស់​ហើយ ហើយ​លោក​គ្រោង​រៀប​ចំ​ឲ្យ នីឡា នៅ​មុន​ចូល​បុណ្យ​ឆ្នាំ​ខ្មែរ​វិញ។ យ៉ាង​លោក មិន​បាន​បង្ហើប​ពី​ការ​សម្រេច​ចិត្ត​លើ​ការ​បង្ខិត​វេលា​រៀបការ​ពី​ក្រោយ មក​មុន​បុណ្យ​ជាតិ​ដ៏​ធំ​ខាង​លើ​នេះ​ទេ។

កញ៉ា វ៉ាន់ នីឡា ធ្លាប់​ភ្ជាប់​ពាក្យ​ម្ដង​រួច​មក​ហើយ ជាមួយ​អតីត​គូ​ដណ្ដឹង​លោក ផន រង្សី ដែល​ជា​កូន​ប្រុស​របស់​ថៅកែ​វង្ស​ល្ខោន​ ភី សុគន្ធី នៅ​ខេត្ត​តាកែវ​កាល​ពី​ឆ្នាំ ២០១៦។ ការ​ប្រកាស​ភ្ជាប់​ពាក្យ​នោះ ក្រុម​គ្រួសារ​បាន​ព្រមព្រៀង​ថា ទុក​ពេល​ឲ្យ​កូន​ទាំង​ពីរ​៣​ឆ្នាំ​ទៀត ទើប​រៀបការ។ ប៉ុន្តែ​ក្រោយ​មក​បាន​ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​បែក​បាក់​គ្នា​វិញ ជាមួយ​មូលហេតុ​ដែល​ថា ពួក​គេ​មាន​ខែ​ថ្ងៃ​មិន​ល្អ​ជាមួយ​គ្នា។

ក្រោយ​ពី​បែក​គ្នា លោក​សុវណ្ណ រិទ្ធី ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា ចាស់​ៗ​នៅ​តែ​មាន​បំណង​ចង​សម្ព័ន្ធ​ធ្វើ​ដន្លង​ជាមួយ​គ្នា។ ដូច្នេះ​ហើយ ចាស់ៗ​គ្រោង​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​កែ​ប្រែ​ជោគ​វាសនា​របស់​កូន​ទាំង​ពីរ ឲ្យ​ល្អ​វិញ មុន​ពេល​អាច​មក​ជួប​ជុំ​គ្នា​វិញ។ ប៉ុន្តែ​អ្វី​ៗ មិន​អាច​ត្រឡប់​ក្រោយ បន្ទាប់​ពី​គេ​ឃើញ អតីត​គូ​ដណ្ដឹង​របស់ នីឡា គឺ​លោក ផន រង្សី បាន​ភ្ជាប់​ពាក្យ​ជាមួយ​អ្នក​ថ្មី​បាត់​ទៅ​ហើយ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។

ដោយ​ឡែក​គូ​ស្នេហ៍​ថ្មី ដែល​ត្រូវ​ជា​អនាគត​ស្វាមី​របស់ នីឡា នា​ពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​កូន​អ្នក​ភ្នំពេញ និង​ជា​កូន​ប្រុស​របស់​មន្ត្រី​ធំ​មួយ​រូប។ យ៉ាង​ណា កូន​កំលោះ មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​លោក វ៉ិចទ័រ ប្រាប់​ថា អនាគត​កូន​ប្រសា​លោក​មាន​អាយុ ២៣​ឆ្នាំ គឺ​បង​កូន​ស្រី​លោក​៤​ឆ្នាំ ស្រប​ពេល​ដែល​ឆ្នាំ​នេះ នីឡា ទើប​មាន​អាយុ ១៩​ឆ្នាំ​ប៉ុណ្ណោះ។

រូបភាព៖ IG នីឡា

អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​របស់ CTN រូប​នេះ ប្រាប់​ទៀត​ថា អនាគត​កូន​ប្រសា​របស់​លោក បច្ចុប្បន្ន គឺ​នៅ​សិក្សា​នៅ​ឡើយ ហើយ​លោក​មិន​ច្បាស់​ថា រូប​គេ​ធ្វើ​កិច្ច​ការងារ​អ្វី​ខ្លះ​នោះ​ទេ​គិត​ត្រឹម​ពេល​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់