• 2019-10-11 05:04:49
  • ព័ត៌មាន

តារា Original Song ខ្មែរ​ល្បី​ៗ រួម​គ្នា​លើក​កម្ពស់ និង​អបអរ​ទិវា​ក្មេង​ស្រី​អន្តរជាតិ

  • 2019-10-11 05:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​ក្មេង​ស្រី​អន្តរជាតិ (International Day of the Girl) ២០១៩ ត្រូវ​បាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ ដើម្បី​ប្រកាស​យក​ថ្ងៃ​ទី ១១ តុលា ជា​រៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​ទិវា​ក្មេង​ស្រី​អន្តរជាតិ ដើម្បី​សាទរ​សិទ្ធិ​អំណាច​របស់​ក្មេង​ស្រី ស្រប​ពេល​ម្សិលមិញ​តារា Original Song ខ្មែរ សិល្ប​ការិនី​ជា​ច្រើន​រូប បាន​បង្ហាញ​មុខ​ចូល​រួម​លើក​កម្ពស់​របស់​ក្មេង​ស្រី​អន្តរជាតិ។

ពួក​គេ​ទាំង​នោះ​មាន ឡូរ៉ា ម៉ម លោក អូន ក្រុម​ក្មេង​ខ្មែរ ឌីជេ ណាណា និង​កញ្ញា សម ថា​រ័ត្ន ជា​ដើម ដែល​ពួក​គេ​ទាំង​នេះ សុទ្ធ​តែ​មាន​ជីវិត​តស៊ូ​ងើប​ឈរ​នៅ​ក្នុង​ដំណើរ​ជីវិត ក៏​ដូច​ជា​អាជីព​របស់​ពួក​គេ ជាមួយ​គំនិត​វិជ្ជមាន ពោល​គឺ​ញញឹម​ហើយ​ដើរ​ទៅ​មុខ​ជានិច្ច។

ថ្លែង​ចំពោះ​មុខ​ភ្ញៀវ​ដែល​ភាគ​ច្រើន​ជា​នារី ឌីជេ ណា​ណា អ្នក​ដោះស្រាយ​បញ្ហា​ជីវិត​យុវវ័យ​រាប់​ពាន់​នាក់​តាម​វិទ្យុ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ នារី ក៏​ដូច​ជា​ក្មេង​ស្រី ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ឋានៈ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស លើ​ការ​សម្រេច​ចំពោះ​កិច្ចការ​ងារ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ខ្លួន សហគមន៍ និង​ប្រទេស​ជាតិ​របស់​ខ្លួន ដើម្បី​ធានា​បាន​ភាព​រីក​ចម្រើន​។

ប៉ុន្តែ​បញ្ហា​ដំបូង​ត្រូវ​​ពួក​គេ​ត្រូវ​ធ្វើ លុប​បំបាត់​ទស្សនៈ​អវិជ្ជមាន​ទាំង​ឡាយ ​អំពី​ស្ត្រី ឬ​ក្មេង​ស្រី ដែល​ថា ពួក​គេ(ស្ត្រី ឬ​ក្មេង​ស្រី) ជា​ភេទ​ទន់​ខ្សោយ​ជា មិន​អាច​ធ្វើ​អី​បាន។ ជាមួយ​គ្នា ការ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​ក្មេង​ស្រី​ខ្លួន​ឯង ពី​អវិជ្ជមាន​ទៅ ​វិជ្ជមាន ក៏​រឹត​តែ​សំខាន់​ថែម​ទៀត។ ដូច្នេះ​ហើយ អ្នក​នាង បាន​លើក​ទឹក​ចិត្ត ឲ្យ​ស្ត្រី ក៏​ដូច​ជា​ក្មេង​ស្រី ត្រូវ​មាន​ភាព​ក្លាហាន និង​បង្កើត​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ឲ្យ​ខ្លាំង ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ជីវិត និង​ចូល​រួម​អភិវឌ្ឍន៍​សហគមន៍ និង​ប្រទេសជាតិ​របស់​ខ្លួន។

កញ្ញា សំ ថា​រ័ត្ន ដែល​គេ​ស្គាល់​ថា​ជា​កីឡា​ការិនី​ក្បាច់​គុន និង​កីឡា​បោក​ចំបាប់​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដោយ​លើក​ពី​ស្ថានភាព​របស់​នាង​ជា​ឧទាហរណ​ថា នាង​បាន​ចាប់​ផ្ដើម​ជីវិត ជា​ស្ត្រី​មាន​ចិត្ត​ទន់​ជ្រាយ​ម្នាក់ ក្លាយ​ទៅ​ជា​ស្ត្រី​ម្នាក់​រឹង​មាំ​ទាំង​រាង​កាយ និង​ផ្លូវ​ចិត្ត នោះ​ក៏​ព្រោះ​តែ​នាង​ផ្លាស់​ប្ដូរ​ការ​គិត​វិជ្ជមាន​ដែរ។ នាង​ថា ដើម​ឡើយ គឺ​នាង​មាន​អារម្មណ៍​ខ្លាច​គ្រប់​យ៉ាង ដូច្នេះ​ហើយ ទើប​នាង​ចូល​ខ្លួន​ទៅ​ហាត់​ក្បាច់​គុន និង​ប្រដាល់។

“ដើម​ឡើយ​នាង​ខ្ញុំ​ទន់​ជ្រាយ​ណាស់ គឺ​ខ្លាច​គេ ខ្លាច​នេះ ខ្លាច​នោះ អីចឹង​ដើម្បី​ឲ្យ​ខ្លួន​ឯង​រឹង​មាំ ខ្ញុំ​ក៏​បាន​ចូល​ទៅ​ហាត់​ប្រដាល់ ហាត់​ក្បាច់​គុន​នេះ​ឯង គឺ​ដើម្បី​ខ្លួន​ឯង​រឹង​មាំ"។ យ៉ាង​ណា ផ្អែក​លើ​វប្បធម៌​ខ្មែរ ដែល​ស្ត្រី​គួរ​តែ​មាន​អាកប្បកិរិយា ចរិត​​មារយាទ​ថ្លៃ​ថ្នូរ សម្ដី​សំដៅ​ទន់​ភ្លន់​នោះ វិថី​ថ្មី​របស់ ថា​រ័ត្ន រឹត​តែ​មាន​សំពាធ​ថែម​ទៀត។ សំពាធ​ទាំង​នោះ​មាន​ទាំង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ និង​ខាង​ក្នុង ពោល​គឺ​មាន​ទាំង​សំពាធ​ពី​គ្រួសារ​របស់​នាង​ផង។

ប៉ុន្តែ​ដោយ​មាន​ភាព​ជឿជាក់​លើ​ការ​គិត​វិជ្ជមាន​របស់​ខ្លួន នាង​បាន​ព្យាយាម​ពន្យល់​មជ្ឈដ្ឋាន​ទាំង​នោះ​អំពី​អ្វី​ដែល​នាង​ចង់​ធ្វើ អំពី​គោល​ដៅ​របស់​នាង ហើយ​បន្តិច​​ៗ​ម្ដង នាង​ក៏​អាច​យក​ឈ្នះ​សំពាធ​ទាំង​នោះ​បាន។ ប៉ុន្តែ​​អ្វី​ៗ​មិន​ទាន់​ចប់​នោះ​ទេ ព្រោះ​នាង​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​ខ្លះ​ទៀត​ក្នុង​អាជីព​ជា​កីឡា​ការិនី​ប្រដាល់។ ស្ត្រី​កូន​របស់​ស្ដេច​វីយ៉ូឡុង អ៊ុំ ដារ៉ា បាន​នៅ​មុន​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​សង្វៀន​ប្រដាល់ គឺ​នាង​ខ្លាច​ខ្លាំង​ណាស់។

“នៅ​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្ញុំ​ទល់​នឹង​គូ​ប្រកួត​អន្តរជាតិ នាង​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់...ប៉ុន្តែ​ចិត្ត​មួយ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា មិន​អី​ទេ ដឹង​តែ​ចាញ់​គេ​ហើយ ប៉ុន្តែ​កុំ​ខ្លាច​ទៅ​វៃ​ឲ្យ​សប្បាយ​ៗ​ទៅ...​ការ​គិត​បែប​នេះ ធ្វើ​ឲ្យ​ខ្ញុំ​លែង​ខ្លាច ហើយ​ទី​បំផុត​ខ្ញុំ​អាច​ធ្វើ​បាន...​ការ​ប្រកួត​ដំបូង​នោះ ខ្ញុំ​បាន​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣"។ ដូច្នេះ​ហើយ​នាង​ថា ការ​ជឿជាក់​លើ​ខ្លួន​ឯង គិត​វិជ្ជមាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​ដរាប នឹង​នាំ​មក​ខ្លួន​នៅ​សមិទ្ធផល​អស្ចារ្យ​មួយ​បាន។

កម្ពុជា​បាន​ចូល​រួម​ប្រារព្ធ​ទិវា "ក្មេង​ស្រី​អន្តរជាតិ" ជា​លើក​ទី​៣​ហើយ ដោយ​មាន​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ជា​អ្នក​រៀប​ចំ​ដើម្បី​ផ្សព្វផ្សាយ​​​ឲ្យ​បាន​ទូលំ​ទូលាយ​ពី​ទិវា​ក្មេង​ស្រី​អន្តរជាតិ​នេះ និង​បើក​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​ចូល​ទៅ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ចការ​ខ្លះ​ដែល​ពាក់​ព័ន្ធ​នឹង​រូប​គេ។ កាល​ពី​២​ឡើង​មុន ទិវា​នេះ បាន​ប្រារព្ធ​ឡើង​ជាមួយ​ប្រធាន​បទ "ក្មេង​ស្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ"នៅ​ឆ្នាំ ២០១៦ និង "ដើរ​និយាយ​គ្នា" នៅ​ឆ្នាំ ២០១៨។

នៅ​ឆ្នាំ​នេះ ទិវា "ក្មេង​ស្រី​អន្តរជាតិ" ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ "ក្មេង​ស្រីទ​ទួល​បាន​សមភាព” ឬ "Girls។ លោកស្រី គ្វីន​នេត វ៉ង (Gwynneth Wong) នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​លើក​ឡើង​ថា យុទ្ធនាការ Girls Get Equal​ ផ្ដោត​សំខាន់​លើ​ការ​ទាមទារ៖ (១)​ ឲ្យ​​ក្មេង​ស្រី​​ទទួល​បាន​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់​ជីវិត​ពួកគេ​ (២) ឲ្យ​ក្មេង​ស្រី​មាន​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច និង​ (៣) ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​បែប​​វិជ្ជមាន​ពីក្មេង​ស្រី។

លោកស្រី បន្ថែម​ថា៖ "ជា​ការ​ពិត​ណាស់ ក្មេង​ស្រី និង​ក្មេង​ប្រុស​មាន​សក្ដានុពល​ដូចគ្នា​ក្នុង​​ការ​​​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​។​ វា​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ក្មេង​ស្រី​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើអ្វី ដែល​ពួក​គេ​ចង់​ធ្វើ​។​ វា​ដល់​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​​បង្ហាញ​ពិភពលោក​ថា ក្មេង​ស្រី​មាន​សក្ដានុពល​ខ្លាំង​ក្លា​​ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​ប្រទេសជាតិ​ និង​សហគមន៍​រីក​ចម្រើន។​ យើង​ទាំង​អស់​គ្នា​ត្រូវ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​យើង​​​ពី​​អ្វី​ដែល​ក្មេង​ស្រី​អាច​ធ្វើ​បាន និង​ជំរុញ​ឲ្យ​ក្មេង​ស្រី​ក្លាយ​ជា​អ្នក​ដឹកនាំ"។

យុទ្ធនាការ​ “Girls Get Equal” នឹង​រួម​ចំណែក​​​​ក្នុង​ការ​លុប​បំបាត់​នូវ​ផ្នត់​គំនិត​បែប​ចាស់​គំរឹល ដែល​ដាក់​បន្ទុក​លើ​ក្មេង​ស្រី និង​ស្ត្រី​វ័យ​ក្មេង ក៏​ដូច​ជា​លុប​បំបាត់​នូវ​ការ​រើស​អើង​ដោយ​ផ្អែក​លើ​ភេទ ដោយ​ចាត់​ទុក​ថា​ភេទ​ស្រី​ជា​ភេទ​ទន់​ខ្សោយ ការងារ​មួយ​ចំនួន មិន​ស័ក្ដិសម​នឹង​ក្មេង​ស្រី ក្មេង​ស្រី​មិន​គួរ​រៀន​ច្រើន ព្រោះ​ចុង​ក្រោយ​នឹង​ក្លាយ​ជា​ប្រពន្ធ ជា​ម្ដាយ និង​ជា​មេ​ផ្ទះ​ដ៏​ល្អ ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់